ការប្រកួតគណិតវិទ្យាលំដាប់ថ្នាក់ពិភពលោកនេះ គឺធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងបណ្ដាប្រទេសនានា នៅលើពិភពលោកទូទាំងទ្វីបអាស៊ី ដើម្បីលើកទឹកចិត្ត ជំរុញ ពង្រឹងសមត្ថភាព ជាពិសេសបង្កើនសក្តានុពលអ្នកគណិតវិទ្យាវ័យក្មេង។
បើតាមសម្បតិ្ត សិរីសោភា នេះជាលើកទី១ហើយ ដែលបានចូលរួមប្រឡងប្រកួតក្នុងកម្មវិធីធំ ហើយទទួលបានជ័យលាភីនេះ។ កុមារីរូបនេះ បានសម្ដែងពីភាពសប្បាយរីករាយ បន្ទាប់ពីដណ្តើមបានមេដាយប្រាក់ពីការប្រកួតពីរវិញ្ញាសា មានគណិតវិទ្យា និងភាសាអង់គ្លេសយ៉ាងតឹងរ៉ឹងជាមួយបេក្ខជនជាច្រើននាក់ នៅក្នុងវគ្គជម្រុះនៅក្នុងប្រទេសកម្ពុជា។
ជាកូនពៅនៅក្នុងគ្រួសារក្នុងចំណោមបងប្អូនស្រី៣នាក់ សម្បត្តិ សិរីសោភា បានរៀបរាប់ទាំងទឹកមុខគួរឱ្យស្រឡាញ់យ៉ាងដូច្នេះថា «បានចូលរួមប្រឡងគណិតវិទ្យារហូតទទួលបានមាដាយប្រាក់ ដោយសារមានការជំរុញ និងលើកទឹកចិត្តពីក្រុមគ្រួសារ ព្រមទាំងលោកគ្រូអ្នកគ្រូ»។
ពិតមែនទើបតែមានវ័យ៧ឆ្នាំ តែបើនិយាយពីសមត្ថភាពវិញខ្លាំងមិនអន់ទេ ហើយបន្ទាប់ពីទទួលជ័យលាភីនេះ កុមារសិរីសោភា ប្ដេជ្ញាថា នឹងបន្តដាក់ពាក្យចូលរួមប្រកួតដើម្បីបញ្ចេញសមត្ថភាព នៅតាមកម្មវីធីចំណេះដឹងផ្សេងៗទៀត ព្រោះមានឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ជាអ្នកចាំលើកទឹកចិត្តឱ្យចូលរួមប្រឡង ចឹងហើយឱកាសក្រោយៗ ខ្លួនគេនឹងខំប្រឹងប្រែងយកមេដាយមាសឱ្យបាន។
ឋិតក្នុងត្រកូលជាកូនអ្នកមានជីវភាពធូធារម្នាក់ក្នុងរាជធានីភ្នំពេញ និងទើបតែមានអាយុវ័យក្មេងផងនោះ សម្បត្តិ សិរីសោភា មានមហិច្ឆតាធំមិនចាញ់មនុស្សចាស់ គឺស្រមៃចង់ក្លាយជាម្ចាស់ ជាប្រធានក្រុមហ៊ុនផ្ទាល់ខ្លួនមួយសម្រាប់ថ្ងៃអនាគតដោយមិនផ្លាស់ប្តូរចិត្ត៕