សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសរសេលើបណ្តាញសង្គមនៅថ្ងៃទី២៦ សីហា យ៉ាងដូច្នេះថា៖«សូមអរគុណចំពោះបងប្អូនដែលបានផ្តល់រូបថតមកឱ្យខ្ញុំរយៈ Messenger Facebook ។ រូបថតដែលបញ្ជូនមកមានមួយចំនួនខ្ញុំមិនដែលបានឃើញពីមុនមិនដឹងថាថតនៅពេលណា នៅទីណា និងអ្នកណាជាអ្នកថត?»។
សម្តេចបានលើកឡើងទៀតថា៖ លើកនេះមានរូបថត ៤សន្លឹកដែលខ្ញុំគិតថាថតក្នុងពេលតែមួយដោយសម្គាល់ទៅលើអាវ ក្រវ៉ាត់កនិងផ្លាកសញ្ញាសម្រាប់ចូលប្រជុំតែអ្វីដែលមិនច្បាស់គឺកន្លែងនិងពេលវេលា។ ជាមួយគ្នានោះដែរសម្តេចក៏បានដាក់ការសង្ស័យចំពោះរូបថតទាំងនោះយ៉ាងដូច្នេះថា៖ «ខ្ញុំសង្ស័យ ៥កន្លែងឬ ៥ប្រទេសគឺ៖ ១.ការប្រជុំក្រៅផ្លូវការហ្សាកាតា(JIM)ទាំងពីរលើក១៩៨៨.១៩៨៩និងការប្រជុំរៀបចំសមាសភាពSNC1991នៅឥណ្ឌូណេស៊ី។ ២.សន្និសិទប៉ារីសចាប់ផ្តើមដំបូង១៩៨៩ នៅប្រទេសបារាំង។ ៣.ការប្រជុំបង្កើត SNC នៅតូក្យូប្រទេសជប៉ុន១៩៩០។ ៤.ការប្រជុំ SNC នៅបាងកកឬប៉ាតាយ៉ាប្រទេសថៃ១៩៩១។ ៥.ការប្រជុំ SNC នៅប៉េកាំងប្រទេសចិន១៩៩១។
នៅលើបណ្តាញសង្គមនោះដែរសម្តេចក៏បានអំពាវនាវបងប្អូនដែលបានដឹងប្រភពរូបថតនេះជួយប្រាប់ព្រោះរូបថតទាំងនេះទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា៕ ដោយ៖ ឡាងឡាង