លោក ពុលថាប់ បានគោរពសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងជូនលោក និងមន្ត្រីស្ថានទូតទាំងអស់ មិនត្រឹមតែស្ថានទូតថៃទេ គឺស្ថានទូតទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។
លោក ពុលថាប់ បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះ សម្ដេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 បានជោគជ័យ ហើយក្នុងនាមជាប្រធានអាស៊ាន បានបើកប្រទេសឡើងវិញ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យ ដែលនោះឆ្លុះបញ្ចាំងពីតួនាទីដ៏រឹងមាំរបស់កម្ពុជា លើឆាកអន្តរជាតិ។
លោកបានជម្រាបជូនសម្ដេចតេជោថា ពេលទើបមកបំពេញបេសកកម្មការទូតនៅកម្ពុជា កាលពីឆ្នាំ២០១៨ លោកបានប្ដេជ្ញាជូនសម្ដេចថា នឹងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង ដោយឈរលើមូលដ្ឋានដែលមានស្រាប់ ហើយនៅពេលនេះលោកបានជម្រាបជូនសម្ដេចតេជោផងដែរថា លោកបានសម្រេចតាមការប្ដេជ្ញាហើយ។ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រីកនិងពង្រឹង ខណៈពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើង១០% ទោះបីស្ថិតក្នុងដំណាក់កាលកូវីដ-១៩ក៏ដោយ។ ចំណែកវិស័យអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងវិស័យដទៃទៀត ក៏មានការរីកចម្រើនផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក ពុលថាប់ ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញបេសកកម្មការទូតនាំឱ្យប្រទេសទាំងពីរ ពោលគឺព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ មានទំនាក់ទំនងនិងមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើង។
សម្ដេចតេជោបានមានប្រសាសន៍ថា ទោះបីស្ថិតក្នុងកាលៈទេសៈកូវីដ-១៩ក៏ដោយ យើងបានខិតខំរួមគ្នាធ្វើការបានល្អ ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរផង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិស័យអប់រំ និងវិស័យដទៃទៀតបានយ៉ាងល្អជាទីមោទនៈ៕