ព័ត៌មាន Nov 24, 2025 | 08:23 AM

លោក អ៊ុន សិទ្ធា លាចាកលោកដោយជំងឺ ធ្វើឱ្យមហាជនបារម្ភពីសុខភាពប្រចាំថ្ងៃ

image

ក្រោយលោក អ៊ុន សិទ្ធា រងផលប៉ះពាល់ពីជំងឺ​ ធ្វើឱ្យមហាជន មានក្តីបារម្ភពីការរស់នៅប្រចាំថ្ងៃ ព្រោះឥឡូវនេះ មានជំងឺប្លែកៗជាច្រើនកើតឡើងដោយមិនដឹងខ្លួន ។ 

គ្រប់គ្នាប្រាកដជាបានដឹងហើយថា កាលពីពេលថ្មីៗនេះ តារាសម្តែងដ៏ល្បីឈ្មោះលោក អ៊ុន សិទ្ធា បានទទួលមរណភាពទាំងវ័យក្មេង ដោយសារជំងឺដំបៅក្រពះពោះវៀនធ្ងន់ធ្ងរ និងមានទឹកដក់ក្នុងក្រពះ ដែលធ្វើឱ្យអ្នកគាំទ្រ ជាពិសេសអ្នកសិល្បៈដូចគ្នា មិនអស់ចិត្ត ហើយសោកស្តាយ ដោយជំងឺមួយនេះ អាចឆក់យកជីវិតមនុស្សល្អ មិត្តល្អ និងសិល្បៈករឆ្នើម ដូចរូបលោក ។

លោក អ៊ុន សិទ្ធា គឺជាតារាសម្តែងដែលមានឈ្មោះបោះសំឡេងដ៏ល្បីល្បាញមួយរូប
ដោយលោកបានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលប្រមាណជិត២០ឆ្នាំមកហើយ តាំងពីឆ្នាំ២០០៦មកម្លេះ ដោយបានបន្សល់ទុកនូវស្នាដៃជាខ្សែភាពយន្តជាច្រើន ការដើរម៉ូត សម្តែងរឿង និងធ្វើជាពិធីករតាមកម្មវិធីផ្សេងៗ។ 

បើតាមបងស្រីរបស់តារាប្រុសរូបនេះ បានបញ្ជាក់ថា លោកមិនមែនកើតជំងឺមហារីកនោះទេ តែជាជំងឺដំបៅក្រពះពោះវៀនធ្ងន់ធ្ងរ និងមានទឹកដក់ក្នុងក្រពះ ទើបធ្វើឱ្យតារាប្រុសរូបនេះមិនអាចសម្រាក និងទទួលទានអ្វីបានសោះ ទើបស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗ។ ចំពោះរោគសញ្ញានៃជំងឺដំបៅក្រពះឬពោះវៀនធ្ងន់ធ្ងរ មានរោគសញ្ញាដូចជា ឈឺចាប់ ឬក្រហាយនៅកណ្តាលពោះ (ចុងដង្ហើម) ចង្អោរ និងក្អួត ហើមពោះ បាត់បង់ចំណង់អាហារ និងស្រកទម្ងន់ ក្រហាយទ្រូង មានអារម្មណ៍ឆ្អែតពេក ឬឆ្អែតលឿន ឈឺពោះខ្លាំងភ្លាមៗ ខ្សោយអស់កម្លាំងជាដើម។ 

ចំណែក​តារា​ប្រុស សឿន វីតា ដែល​ជា​មិត្តភ័ក្ដិ​ល្អ​របស់លោក អ៊ុន សិទ្ធា ក៏​មិន​បាន​ដឹង​ដំណឹង​ ពីការធ្លាក់​ខ្លួន​ឈឺ​របស់មិត្តសម្លាញ់រូបនេះដែរ  ដោយកន្លងទៅលោក សិទ្ធា ធ្លោយប្រាប់ថា គាត់មានអារម្មណ៍ ស្រ្តេស បាក់ទឹកចិត្ត មិនចង់ចេញទៅណា ហើយក៏បានបង្ហើបដែរថា លោកមានដុំសាច់នៅថ្លើម។ បើនិយាយពីជំងឺនេះ រោគសញ្ញាធ្ងន់ធ្ងរគឺ ស្បែកនិងភ្នែកឡើងលឿង ទឹកនោមពណ៌ខ្មៅ លាមកពណ៌ស្លេក ឬស រមាស់ស្បែក ក្តៅខ្លួនកម្រិតទាប ជាដើម។ ដូចនេះសម្រាប់ជំងឺរបស់លោក អ៊ុន សិទ្ធា មិនមែនមានតែមួយមុខទេ ។ សម្រាប់ជំងឺទាំងអស់នេះអាចព្យាបាលបាន លុះណាតែស្ថិតនៅដំណាក់កាលដំបូង និងប្រញាប់ព្យាបាល ជាពិសេសក្រុមគ្រួសារ មិត្តភក្ក័ជិតស្និទ្ធ  ជួយជម្រុញផ្នែកផ្លូវចិត្ត  ដើម្បីឱ្យគាត់ទទួលបានការព្យាបាលទាន់ពេលវេលា។ 

មជ្ឈមណ្ឌលភាសា អេ អាយ អាយ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំទៅកាន់គ្រួសាររបស់លោក អ៊ុន សិទ្ធាផងដែរ។  ហើយក៏សូមផ្តាំផ្ញើរទៅកាន់មហាជនទូទៅ ជាពិសេស សិស្សានុសិស្សគ្រប់រូប ត្រូវចេះស្រលាញ់មើលថែសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្តរបស់ខ្លួន  ជៀសវាងជួបករណីខាងលើ យើងត្រូវបរិភោគទៀងពេល ជ្រើសរើសរបបអាហារដែលត្រឹមត្រូវ ហាត់ប្រាណ កុំខំប្រឹងធ្វើការ ឬរៀនសូត្រលើសកម្រិត ដែលធ្វើឱ្យប៉ះពាលដល់សុខភាព៕