លោក សាប់ សារុន ជាកសិករចិញ្ចឹមបង្កងក្នុងស្រែមួយរូប រស់នៅឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បានរៀបរាប់ប្រាប់ថា នៅឆ្នាំទីមួយលោកបានធ្វើស្រូវធម្មតានិងមានការចិញ្ចឹត្រីតិចតួច តែបន្ទាប់ពីមានក្រុមការងារជំនាញរបស់ក្រសួងកសិកម្មបានចុះមកនិងបានណែនាំឱ្យចិញ្ចឹមបង្កងនេះ ដោយខាងក្រងក្រសួងបានដាក់ឱ្យលោកចំនួន១ម៉ឺនកូន ដោយមានការរៀបចំសម្អាតស្រះទៅតាមបច្ចេកទេសរួមមក។ លោកថានៅឆ្នាំទីមួយនេះ ការចិញ្ចឹមបង្កងរបស់លោកទទួលបានបង្កងខ្ទង់៥០០គីឡូ លោកថានេះគឺជាភាពជោគជ័យមួយនៅឆ្នាំដំបូង។
លោក សាប់ សារុន ជាកសិករចិញ្ចឹមបង្កងក្នុងស្រែ
ចំពោះបច្ចេកទេសនៃការចិញ្ចឹម លោក សាប់ សារុន បានប្រាប់ថា ដំបូងយើងត្រូវរៀបចំសម្អាតដីស្រែ ដាក់ទឹកចូល រួចចាប់ផ្ដើមបាចកំបោរ និងត្រូវបាចសារធាតុក្លរ ដើម្បីសម្លាប់ត្រីកុំឱ្យវារស់នៅក្នុងនោះ បន្ទាប់ពីបានរយ:ពេល១៥ថ្ងៃរួចមក យើងដាក់បង្កងចូល ដាក់ទឹកចូលល្មម និងដាក់ចំណីទៅតាមស្តង់ដារបស់វា។ លោកបញ្ជាក់ថា «ការចិញ្ចឹមបង្កងនេះ គឺតម្រូវឱ្យមានការថែទាំម៉ត់ចត់តាំងពីតូចរហូតដល់ធំនិងត្រូវដាក់ចំណីទៅតាមដំណាក់កាល។ រហូតដល់វាមានអាយុជាង១ខែ ត្រូវដាក់ចំណីមានការកើនឡើងបន្ថែមទៀត។» បច្ចុប្បន្នលោកចិញ្ចឹមបង្កងប្រមាណជា៤ម៉ឺនកូននេះ គឺត្រូវដាក់ចំណីឱ្យវាខ្ទង់២០០គីឡូក្រាមក្នុងមួយថ្ងៃ។
លោក ថៃ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍនវារីវប្បកម្ម នៃរដ្ឋបាលជលផល បានមានប្រាសាសន៍ថា ក្រសួងកសិកម្ម កំពុងមានការជំរុញឱ្យប្រជាកសិករងាកមកចិញ្ចឹមបង្កង និងការធ្វើស្រែរបស់ប្រជាកសិករដែលកន្លងមកក្នុង១ហិកតា ទទួលបានចំណូលខ្ទង់ ១ ៥០០ដុល្លារ ទៅ ២ ០០០ដុល្លារ ឱ្យប្រែក្លាយមកចាប់របរចិញ្ចឹមបង្កងនេះដែលអាចរកចំណូលបានរហូតដល់ ៦ ០០០ដុល្លារ ទៅ ៨ ០០០ដុល្លារ ហើយក៏អាចដល់ ១០ ០០០ដុល្លារ។
លោក ថៃ សុមុនី ប្រធាននាយកដ្ឋានអភិវឌ្ឍនវារីវប្បកម្ម នៃរដ្ឋបាលជលផល
លោក ថៃ សុមុនី បញ្ជាក់ថា «យើងនៅតែបន្តរកអ្នកដែលចាប់អារម្មណ៍លើការចិញ្ចឹមបង្កងនេះ ហើយកន្លងមកយើងបានធ្វើការពិសោធនៅក្នុងស្រុកបូរីជលសារផងដែរ ដោយបានទទួលជោគជ័យ និងនៅតែបន្តពង្រីកការចិញ្ចឹមបង្កនេះថែមទៀត»។
លោកបានលើឡើងថា ការចិញ្ចឹមបង្កងនេះគឺត្រូវមានការអត់ធ្មត់ ព្យាយាម ត្រូវមើលថែទាំឱ្យបានល្អជាប្រចាំ។ បន្ទាប់ពីការពិសោធទទួលបានជោគជ័យរួចមក កសិករដែលបានចាប់យកការចិញ្ចឹមបង្កងនេះ បានពង្រីកផ្ទៃដីពីមួយហិកតា រហូតដល់ប្រាំហិកតា។ ទន្ទឹមនឹងភាពជោគជ័យនេះ ក្រុមការងារនៃរដ្ឋបាលជលផល ក៏នៅតែចុះជួយបងប្អូនប្រជាកសិករជាបន្តបន្ទាប់។
គួរបញ្ជាក់ថា គម្រោងដែលផ្ដល់ឱ្យកសិករចិញ្ចឹមបង្កងនេះគឺជាគម្រោងថ្មីមួយនៃវិទ្យាស្ថានស្រាវជ្រាវរបស់ប្រទេសបារាំង ដោយមានអ្នកជំនាញធ្វើការតាមដានក្នុងការពិសោធយ៉ាងត្រឹមត្រូវ តាំងពីចាប់ផ្ដើមដាក់ទឹក ដាក់កូនបង្កង តាមដានការលូតលាស់ ការដាក់ចំណី។ គិតមកដល់ពេលនេះ ការចិញ្ចឹមបង្កងរបស់ប្រជាកសិករនៅក្នុងខេត្តតាកែវ មានការកើនឡើងដល់១០គ្រួសារ គឺមាននៅស្រុកកោះអណ្ដែត ស្រុកបូរីជលសារ និងមាននៅស្រុកមួយចំនួនទៀត៕