សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង ( AIS ) ជាង៩០% គឺសុទ្ធតែចេះភាសាអង់គ្លេស ពូកែភាសាអង់គ្លេស និងមានជំនាញក្នុងការប្រើប្រាស់ភាសាអង់គ្លេសច្បាស់លាស់។ ប៉ុន្តែ ភាគរយសិស្សតិចបំផុត ដែលភាសាអង់គ្លេសរបស់គាត់នៅមានកម្រិត។ នេះជាការលើកឡើងដោយលោក បាំង លាងស៊ីម ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ ថ្លែងនៅក្នុងសិក្ខាសាលាមួយស្ដីពី «ហេតុអ្វីត្រូវការសិក្សា» ដល់សិស្សថ្នាក់ទី១០ ចំនួន២៨០នាក់ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។
លោកបញ្ជាក់ថា នេះគ្រាន់តែភាសាបរទេស សិស្ស AIS មានជំនាញ និងប្រើប្រាស់បានយ៉ាងល្អ ប៉ុន្តែ អ្វីដែលពិសេសជាងនេះទៀតនោះ គឺចំណេះដឹងនៅក្នុងមុខវិជ្ជានីមួយៗនៃកម្មវិធីសិក្សា និងចំណេះដឹងទូទៅជាដើមនោះ គឺសុទ្ធសឹងពូកែ ឈ្លាសវៃ យល់ដឹងច្បាស់ ហើយតែងទទួលបានជោគជ័យ លើការប្រឡងទាំងថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងទទួលការកោតសរសើរពីលោកគ្រូ អ្នកគ្រូ និងសង្គមខាងក្រៅ។
ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ បន្ថែមថា សិស្សានុសិស្ស AIS មិនត្រឹមតែពូកែភាសាអង់គ្លេស មុខវិជ្ជាក្នុងកម្មវិធីសិក្សា និងចំណេះដឹងទូទៅប៉ុណ្ណោះទេ លើសពីនេះ សុជីវធម៌ និងក្រមសីលធម៌ ក៏គោរពបដិបត្តិបានយ៉ាងត្រឹមត្រូវផងដែរ។
ក្នុងន័យនេះ លោកបន្តឱ្យដឹងថា សិស្ស AIS មិនត្រឹមតែគោរពលោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ និងចាស់ទុំប៉ុណ្ណោះទេ ថែមទាំងចេះលើកដៃសំពះ ចេះជម្រាបសួរ និងមានសកម្មភាពសប្បុរសធម៌ ដើម្បីរួមចំណែកនៅក្នុងសង្គមទៀតផង។
សូមជម្រាបថា លោក បាំង លាងស៊ីម ជាចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង៕