មានឆ្កែចចកមួយក្បាលល្មោភស៊ីខ្លាំងពេក ក៏ស្លាក់ឆ្អឹងជាប់និងកវា ដោយការឈឺចាប់ខ្លាំងពេក វាក៏រត់ឆ្លេឆ្លាចុះឡើងរកសត្វដទៃជួយ ដោយស្រែកថា ជួយខ្ញុំផងនរណាក៏បានដែរឱ្យតែអាចយកឆ្អឹងចេញពីបំពង់កខ្ញុំបាន អ្វីក៏ខ្ញុំឱ្យដែរ ។ ចៃដន្យពេលនោះឆ្កែចចកក៏បានជួបសត្វក្រៀលមួយក្បាលដែលស្ម័គ្រចិត្តជួយយកអាសារ ក្រៀលក៏តម្រូវអោយចចកអង្គុយហាមាត់ឡើងលើ ហើយក៏លូកជំពុះដ៏វែងរបស់ខ្លួនចាប់ទាញឆ្អឹងដែលជាប់ក្នុងបំពង់កចចកយកចេញផុតមក ។
បន្ទាប់ពីលូកចឹកដក់ឆ្អឹងចេញពីបំពងកចចកចេញមក ក្រៀលក៏សួរទៅចចកថា៖ ឯណារង្វាន់ដែលឯងថាអោយខ្ញុំនោះ ? ចចកគ្រហឹម ហឹស ដោយថែមទាំងបញ្ជេញចង្កូមសស្ញាច ហើយពោលឡើងថា យើងមិនត្របាក់ក្បាលឯង នោះហើយជារង្វាន់ណាស់ទៅហើយ តើឯងចង់បានអ្វីទៀត! ។
«បុគ្គលពាលរមែងមិនស្គាល់គុណស្រាយអ្វីឡើយ គេឱ្យយើងរួចខ្លួនជាសំណាងធំណាស់ទៅហើយ កុំចង់បានការដឹងគុណពីបុគ្គលពាល»។
(ដកស្រង់ពីល្បើកឡាហ្វុងតែន)