កាលគ្រាមួយ មានតាចាស់ម្នាក់ ជាគ្រូឱសថបុរាណដ៏សប្បុរស និងជាជាងចម្លាក់ដ៏ល្បីល្បាញ នៅលើដែនដីសុវណ្ណភូមិនៃយើង។ អ្នកស្រុកតែងតែគោរព និងស្ងើចសរសើរពីភាពប៉ិនប្រសប់ នៃស្នាដៃចម្លាក់គាត់គ្រប់ៗគ្នា។ ថ្ងៃមួយ ខណៈទំនេរបន្តិច តាចាស់បានធ្វើដំណើរឡើងភ្នំ ដើម្បីស្វែងរករុក្ខាមកផ្សំថ្នាំ ដើម្បីទុកគ្រាន់នឹងព្យាបាលជំងឺឱ្យអ្នកស្រុក។ ពេលមកដល់កោងមួយ តាប្រទះឃើញឈើដ៏ធំមួយដើម។ ឈើមួយដើមនោះ មានអាយុរាប់រយឆ្នាំហើយ ហើយទំហំដើមធំជិតប៉ុនកង់រទេះ តែមានកម្ពស់មិនវែងដូចឈើដទៃទេ វាខុសប្លែកពីឈើដទៃៗទៀត។
ដំបូងឡើយ តាចាស់មិនចាប់អារម្មណ៍ចំពោះដើមឈើនេះទេ តែពេលបានមកដល់ជិត តាចាស់ហាក់លើកជើងទៅមុខមិនរួច។ តាបានឈរទ្រឹងសម្លឹងមើលចុះឡើង រួចគិតពិចារណាអំពីឈើមួយដើមនេះ។ បន្តិចក្រោយមក តាយល់ថា បើឈើនេះឆ្លាក់ចេញជារូបព្រះពុទ្ធប្រកនាគ ប្រាកដជាល្អប្រសើរ។ តាចាស់ក៏សាកល្បងមិនទៅរកថ្នាំ ហើយងាកមកកាប់ចាំងឆ្លាក់ឈើនេះវិញ។ គាត់បានព្យាយាមចាំងផង ដាប់ផង អស់ពេលជាច្រើនម៉ោងក្រោយមក ឈើនោះក៏ឆ្លាក់ចេញជារូបព្រះប្រក់នាគមួយអង្គយ៉ាងធំ។
កន្លងផុតជាច្រើនថ្ងៃក្រោយមក អ្នកដំណើរដែលឆ្លងកាត់ទីនោះ បានចូលគោរពសំពះបួងសួងសុំសេចក្ដីសុខពីរូបចម្លាក់ព្រះពុទ្ធប្រកនាគ។ នៅបន្មានថ្ងៃបន្ទាប់មកទៀត មានមាណពម្នាក់ បានឆ្លងកាត់តាមផ្លូវនេះដែរ ពេលបានឃើញចម្លាក់ព្រះពុទ្ធដ៏ធំនេះហើយ មាណពបានលាន់មាត់កោតសរសើរដល់ជាងចម្លាក់ ដែលមានគំនិតឆ្លាក់ដើមឈើចេញជារូបព្រះ សម្រាប់ឱ្យមនុស្សទូទៅចូលបួងសួងសុំសេចក្ដីសុខ។
បន្ទាប់ពីពោលសរសើរហើយ មាណពយល់ឃើញថា ឈើមួយដើមនេះ ពិតមែនឆ្លាក់ចេញជារូបព្រះពុទ្ធ តែមិនទាន់ល្អពេញចិត្តនៅឡើយទេ ប្រសិនបើខាត់ និងលាបថ្នាំឱ្យរលោង រូបនេះច្បាស់ណាស់ ប្រាកដជាអាចរក្សាគង់បានយូរអង្វែង។គិតហើយ មាណពក៏ចាប់ផ្ដើមធ្វើសកម្មភាព រកម្រ័ក្សណ៍ និងជ័រឈើមកលាបលនលើព្រះបដិមា។ ពីរបីថ្ងៃក្រោយមក ការងាររបស់មាណព ក៏បានបញ្ចប់ដោយជោគជ័យ។ រួចរាល់ មាណព ក៏ចាកចេញពីទីនេះ។ ក្រោយមក ក៏មានអ្នកគង្វាលម្នាក់ ដែលទៅឃ្វាលគោនៅតាមផ្លូវនេះ បានឃើញរូបព្រះពុទ្ធ ដែលឆ្លាក់ចេញពីដើមឈើត្រូវកម្ដៅថ្ងៃផង ត្រូវទឹកភ្លៀងផង ដោយខ្លាចរូបចម្លាក់នោះឆាប់ពុក ឬឆាប់ខូច ក៏មានគំនិតធ្វើរោងបាំងខ្យល់ បាំងភ្លៀង បាំងថ្ងៃឱ្យ។
ពេលកំពុងតែធ្វើរោង ស្រាប់តែមានក្សត្រមួយអង្គយាងមកក្រសាលព្រៃ។ ពេលមកដល់ចំណុចនេះ ព្រះអង្គទតឃើញអ្នកគង្វាលកំពុងធ្វើរោងនោះ ទ្រង់ឈ្វេងយល់ថា ដើមឈើដ៏ធំដែលព្រះអង្គទ្រង់ជួបកាលពីប៉ុន្មានឆ្នាំមុននោះ ត្រូវបានគេឆ្លាក់ជារូបព្រះពុទ្ធហើយ។ ព្រះអង្គ ក៏មានព្រះបន្ទូលទៅកាន់អ្នកធ្វើរោងថា ឯងពិតជាមានកំណើតមែន។ រំពេចនោះ សេដ្ឋីម្នាក់ ដែលនៅក្បែរបានទូលថ្វាយព្រះអង្គភ្លាមថា អ្វីទាំងអស់នេះ គឺទូលព្រះបង្គំជាអ្នកផ្ដួចផ្ដើមគំនិតធ្វើឡើងទាំងអស់។ ភ្លាមនោះ ស្ដេចក៏ងាកមើលមុខសេដ្ឋី រួចបានកោតសរសើរសេដ្ឋីចំពោះ មុខមន្រ្តីជាច្រើនថា ពិតជាមានភ្នែកមិនអត់ប្រស្រីមែន ឯងមានគំនិតវែងឆ្ងាយល្អណាស់។ មានព្រះបន្ទូលហើយ ព្រះអង្គបានប្រទានរង្វាន់យ៉ាងសន្ធឹកសន្ធាប់ដល់សេដ្ឋី។ ចំណែកតាចាស់ មាណព និងបុរសគង្វាល ដែលជាអ្នកចាប់ផ្តើម និងជាអ្នកធ្វើពិតប្រាកដពុំបានទទួលអ្វីពីព្រះមហាក្សត្រសោះ៕
ដោយ តន វិបុល
ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩