ម្ចាសជ័យលាភីពានរង្វាន់ប្រកបពាក្យរូបនេះបន្ថែមថា ទម្រាំជោគជ័យនៅថ្ងៃនេះ គឺឆ្លងកាត់វគ្គជម្រុះច្រើនសារ ហើយឆ្លងកាត់ការប្រកបពាក្យ សិក្សាតាមអ៊ីនធ័រណេត ទន្ទេញពាក្យ ត្រូវស្គាល់ពាក្យនីមួយៗ ព្រមទាំងអត្ថន័យនៃពាក្យនីមួយៗឱ្យបានច្បាស់ផងដែរ។
ជីហុក បញ្ជាក់ថា លើកមុនបានចូលរួមប្រកួតកម្មវិធីនេះម្ដងដែរ ប៉ុន្តែពុំទទួលបានជោគជ័យឡើយ ដោយសារខឹងប្រឡងចាញ់គេ ខ្ញុំបានប្រឹងប្រែងជ្រើសរើសពាក្យថ្មីៗ អានពាក្យ ទន្ទេញពាក្យ សរសេរពាក្យ និងប្រកបអក្សរអង់គ្លេសពីមួយទៅមួយជាប្រចាំ។ ដូច្នេះ នៅឆ្នាំនេះ ខ្ញុំបានដាក់ពាក្យប្រឡងម្ដងទៀត ជាលទ្ធផលខ្ញុំទទួលបានលេខ១ ជាប់ពានរង្វាន់ប្រចាំលើកទី១៧ថែមទៀត។
ម្ចាស់ជ័យលាភីពានរង្វាន់ ម៉េងលី ជេ. គួច ប្រចាំឆ្នាំ២០១៩ រូបនេះបានចែករំលែកថា ចំពោះជោគជ័យនេះ គឺនៅពេលប្រឡងត្រូវចេះកំណត់ពេលវេលា ម្ចាស់ការ ប្រកបពាក្យឱ្យបានច្បាស់ៗល្អ ប្រកបឱ្យបានលឿន រហ័ស ដែលធ្វើឱ្យគណៈកម្មការងាយយល់ និងងាយផ្ដល់ពិន្ទុ។
យុវជនវ័យក្មេងដដែលបន្ថែមថា រាល់ការប្រកួត ពិតជាមានសារៈសំខាន់បំផុត សម្រាប់បេក្ខជននីមួយៗ ទោះប្រកួតប្រជែងមិនជាប់ក្ដី ព្រោះរាល់ការប្រកួតនេះ គឺទទួលបាននូវចំណេះដឹង ចំណេះធ្វើ បទពិសោធ ដឹងពីតិចនិកក្នុងការប្រកួត ចេះប្រុងប្រយ័ត្ន ចេះកំណត់ពេលវេលា ចេះគ្រប់គ្រងខ្លួន និងបង្កើនភាពក្លាហានជាដើម។
យុវសិស្សសិក្សាភាសាអង់គ្លេស កម្រិត AEP4 នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ រូបនេះបានផ្ដាំផ្ញើមិត្តភក្ដិដែលពុំទទួលបានជោគជ័យថា រាល់ការប្រកួតប្រជែង តែងមានជាប់ និងធ្លាក់ គឺជារឿងធម្មតា ដូច្នេះ បើពុំទទួលបានជោគជ័យទេ សូមកុំបាក់ទឹកចិត្ត ហើយបោះបង់ចោលឱ្យសោះ ត្រូវជម្នះដោយក្ដីរីករាយ ប្រឹងប្រែងបន្តទៀត ដោយកំណត់គោលដៅឱ្យបានច្បាស់ ត្រូវមានជំនឿចិត្ត និងចូលរួមប្រកួតនៅលើកក្រោយៗទៀត នោះនឹងទទួលបាននូវផ្លែផ្កាល្អជាមិនខាន។
សូមជម្រាបថា ម្ចាស់ជ័យលាភីជើងឯក ហ្គូយ ជីហុក ជាបេក្ខជនសិក្សាភាសាអង់គ្លេសកម្រិត AEP4 នៃមជ្ឈមណ្ឌលភាសា Aii ដែលបានជាប់ក្នុងការប្រកួតប្រជែងប្រកបពាក្យ (Spelling Bee) ពានរង្វាន់ ម៉េងលី ជេ. គួច កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ។