យុវជនវ័យក្មេងរូបនេះ បន្តថា រាល់ភាពបរាជ័យ គឺជាត្រីវិស័យមួយជួយឱ្យយើងដើរដល់គោលដៅ ព្រោះ ផ្លូវដែលធ្លាប់ដើរម្ដង នៅពេលយើងដើរលើកទី២ ឬលើកបន្តបន្ទាប់ទៀត នោះយើងនឹងដឹងកាន់តែច្បាស់ ហើយក៏មិនវង្វេងផ្លូវនោះដែរ។ ហ៊ុយតិច បញ្ជាក់ថា ការប្រឡងចំណេះដឹងវិទ្យាសាស្ត្រកម្ពុជា កាលពីលើកទី៤ គឺពុំបានជោគជ័យទេ តែការបរាជ័យនេះ ធ្វើឱ្យ ហ៊ុយតិច ខឹងខ្លួនឯង ហើយប្ដេជ្ញាថា លើកទី៥ នឹងប្រឡងម្ដងទៀត។
ម្ចាស់មេដាយសំរឹទ្ឋ បន្ថែមថា បន្ទាប់ពីខឹងនេះ គឺយកការខឹងនេះ ទៅអានសៀវភៅ ស្រាវជ្រាវ សិក្សាតាមអ៊ីនធ័រណេត និងសិក្សាពីសិស្សច្បងបន្ថែម។ អ្វីដែលពិសេសនោះ គឺបានដឹងខ្លះៗពីការប្រឡងឆ្នាំមុន និងធ្លាប់ទទួលបានបទពិសោធផងនោះ ក៏សម្រេចចិត្តដាក់ពាក្យប្រឡងវិទ្យាសាស្ត្រម្ដងទៀត។
យុវសិស្សរូបនេះបន្តថា ការប្រឹងប្រែង និងមិនបោះបង់ក្ដីស្រមៃចោលនេះ ជាលទ្ឋផល គឺទទួលបានផ្លែផ្កាគួរជាទីគាប់ចិត្ត ទោះបានត្រឹមមេដាយសំរឹទ្ឋក្ដី ព្រោះជាការព្យាយាម និងការចិញ្ចឹមក្ដីសង្ឃឹម ដោយមិនបោះបង់។
មានស្រុកកំណើតក្នុងរាជធានីភ្នំពេញ សព្វថ្ងៃនេះ ហ៊ុយតិច ជាសិស្សថ្នាក់ទី១២ រៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ ការទទួលបានផ្លែផ្កានេះ ហ៊ុយតិច ថា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសាលា ក៏ជាកត្តារួមចំណែកលើកទឹកចិត្តក្នុងការទទួលបានជោគជ័យនេះផងដែរ។
សិស្សថ្នាក់ទី១២ ដដែលរូបនេះបន្តថា ឆ្លងកាត់ការប្រឡងធ្លាក់ និងតស៊ូទៅជាជាប់លើកនេះ មិនត្រឹមទទួលបានចំណេះដឹង ចំណេះធ្វើ និងបទពិសោធច្រើនប៉ុណ្ណោះទេ។ អ្វីដែលពិសេសនោះ គឺស្គាល់មនុស្សគ្រប់មជ្ឈដ្ឋាន មិនត្រឹមតែស្គាល់បេក្ខជនពូកែៗ ក្នុងរាជធានីភ្នំពេញទេ ថែមទាំងបេក្ខជនឆ្នើមៗ មកពីបណ្ដាទូទាំងខេត្តផងដែរ។
ជាចុងក្រោយ បេក្ខជនជ័យលាភីលេខ៣ លើការប្រកួតវិទ្យាសាស្ត្រទូទាំងប្រទេសរូបនេះ បានផ្ដាំផ្ញើដល់សិស្សប្អូនៗជំនាន់ក្រោយថា នៅពីក្រោយសិស្សឆ្នើម សុទ្ឋតែធ្លាប់ឆ្លងកាត់ការបរាជ័យ។ ដូច្នេះ នៅពេលបរាជ័យ សូមកុំបាក់ទឹកចិត្ត និងបោះបង់ក្ដីសុបិនចោល ត្រូវហ៊ានទទួលយក ហើយបន្តព្យាយាមដើរទៅមុខទៀត ដើម្បីគោលដៅរបស់យើង នោះមិនយូរ មិនឆាប់ នឹងទទួលបានជោគជ័យ។
គួររម្លឹកថា បច្ចុប្បន្ននេះ យុវសិស្ស ង៉ូវ ហ៊ុយតិច ជាសិស្សថ្នាក់ទី១២ និងជាសិស្សឆ្នើម ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុងផងដែរ៕