Stand with Cambodia — Together for Our Future
ប្រលោមជីវិត Mar 09, 2021 | 11:51 AM

ម្ចាស់ពានរង្វាន់តែងនិពន្ធលេខ១៖ ការអានច្រើន បង្កើតស្នាដៃនិពន្ធឱ្យបានល្អ និងតម្រូវចិត្តអ្នកអាន

ម្ចាស់ពានរង្វាន់តែងនិពន្ធលេខ១៖ ការអានច្រើន បង្កើតស្នាដៃនិពន្ធឱ្យបានល្អ និងតម្រូវចិត្តអ្នកអាន

​អ្នក​ជោគជ័យ​ ​តែង​កើត​ចេញពី​ការ​អាន​ ​ហើយ​ការ​អាន​ច្រើន​ ​កើត​ចេញពី​ទម្លាប់​ ​ឧ​ស្សាហ៍ ​និង​ចូលចិត្ត​ទៅ​នឹង​ការ​អាន​។​ ​ដោយឡែក​ចំពោះ​អ្នកនិពន្ធ​ ​ដែល​មាន​ស្នាដៃ​ល្អ​ ​និង​មានការ​គាំទ្រ​ច្រើន​ ​ក៏​កើត​ចេញពី​ការ​អាន​ច្រើន​ផង​ដែរ​ ​ទោះ​ពេលខ្លះ​អ្នក​ទាំងនោះ​រក​ពេល​អាន​ឯកសារ​ ​ឬ​សៀវភៅ​ស្ទើរ​ពុំបាន​ ​តែ​នៅតែ​ព្យាយាម​ឆ្លៀត​អាន​ ​ដើម្បី​បន្ត​អភិវឌ្ឍ​សមត្ថភាព​ ​និង​វិនិយោគទៅលើ​ចំណេះ​ដឹង​របស់​ខ្លួន​ជាប្រចាំ​។​

​សម្រាប់​ការ​អាន​ច្រើន​ ​តើ​មាន​សារៈសំខាន់​អ្វីខ្លះ​ដល់​ការ​តែង​និពន្ធ​ស្នាដៃ​ឱ្យ​បាន​ល្អ​?
​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌មាន​ ​T​h​e​ ​Inter​co​n ​Rooster​ ​ម្ចាស់​ជយលាភី​ពានរង្វាន់​ឥន្ទ្រ​ទេវី​លេខ​១​ប្រចាំ​ឆ្នាំ​២​០​២​០​ ​លោក​ ​កែវ​ ​សេង​រដ្ឋា​ ​បាន​ចែករំលែក​បទ​ពិសោធ​ដូច្នេះ​ថា​ ​ការ​អាន​ច្រើន​ ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ការ​តែង​និពន្ធ​ឱ្យ​បាន​ល្អ​។​

​សារៈសំខាន់​ៗ​ទាំងនោះ​ ​អ្នកនិពន្ធ​មកពី​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ​ ​បាន​ចែករំលែក​បទ​ពិសោធ​ចំណុច​ទីមួយ​ថា​ ​ការ​អាន​ច្រើន​ ​ធ្វើ​ឱ្យ​អ្នកនិពន្ធ​មានចំណេះ​ដឹង​ទូលំទូលាយ​ ​ព្រោះ​រាល់​ការ​សរសេរ​ស្នាដៃ​មួយ​ឱ្យ​មាន​អត្ថន័យ​ល្អ​ ​ខ្លឹមសារ​មាន​ទម្ងន់​ ​គឺ​ទាមទារ​ឱ្យ​អ្នកនិពន្ធ​មានការ​យល់​ដឹង​ច្រើន​ ​ជាពិសេស​ ​ចំណេះ​ដឹង​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​អ្វី​ដែល​ខ្លួន​ត្រៀម​នឹង​សរសេរ​។​

​ម្ចាស់​ពានរង្វាន់​ឥន្ទ្រ​ទេវី​២​០​២​០​ដដែល​ពន្យល់​ថា​ ​ការ​អាន​ ​ជា​មធ្យោបាយ​មួយ​នៃ​ការស្រាវជ្រាវ​ ​ហើយ​មុននឹង​សរសេរ​អ្វី​ដែល​យើង​មិនដែល​ដឹង​ ​ឬ​មិនសូវ​ដឹង​ច្បាស់​ ​អ្នកនិពន្ធ​ត្រូវតែ​ធ្វើ​ការស្រាវជ្រាវ​ ​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​។​

​ទាក់ទិន​នឹង​វប្បធម៌​នៃ​ការ​អាន​នេះ​ ​លោក​ ​កែវ​ ​សេង​រដ្ឋា​ ​បាន​សង្កត់ធ្ងន់​នូវ​ចំណុច​ទីពីរ​បន្ត​ដូច្នេះ​ថា​ ​ការ​អាន​ស្នាដៃ​របស់​អ្នកនិពន្ធ​ដទៃ​ឱ្យ​បាន​ច្រើន​ ​ក៏​អាច​ជួយ​ឱ្យ​យើង​ដែល​ជា​អ្នកនិពន្ធ​ម្នាក់​ ​មានឱកាស​រៀនសូត្រ​ពី​របៀប​សរសេរ​របស់​អ្នកនិពន្ធ​ផ្សេងៗ​ដោយប្រយោល​ផង​ដែរ​។​ ​លោក​អះអាង​ថា​ ​អ្នកអាន​ជាច្រើន​បាន​វិវត្ត​ខ្លួន​ក្លាយ​ជា​អ្នកនិពន្ធ​តាមរយៈ​ការ​អាន​ស្នាដៃ​របស់​អ្នកនិពន្ធ​ជាច្រើន​។​

​អ្នកនិពន្ធ​ឆ្នើម​រូប​នេះ​បញ្ជាក់​ថា​ ​នៅ​ពេល​យើង​អាន​ស្នាដៃ​របស់​គេ​ ​យើង​នឹង​ដឹង​ថា​ក្នុងនាម​ជា​អ្នកអាន​ម្នាក់​ ​តើ​ស្នាដៃ​បែប​ណា​គួរ​ឱ្យ​ចង់​អាន​? ​ដូច្នេះ​ក្នុងនាម​ជា​អ្នកនិពន្ធ​ម្នាក់​ ​តើ​យើង​នឹង​សរសេរ​ស្នាដៃ​បែប​ណា​សម្រាប់​អ្នកអាន​?

​សូម​ជម្រាប​ថា​ ​បច្ចុប្បន្ន​ ​លោក​ ​កែវ​ ​សេង​រដ្ឋា​ ​ជា​អ្នកនិពន្ធ​ ​និង​ជា​វេជ្ជបណ្ឌិត​ផ្នែកវះកាត់ទូទៅមួយ​រូប​ផង​ដែរ​។​ ​លោក​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស​វះកាត់​ទូទៅ​ ​និង​ប្រព័ន្ធ​រំលាយអាហារ​ ​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ ​កាលពី​ឆ្នាំ​២​០​១​៩​ ​និង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​អង់គ្លេស​ ​ពី​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​ ​នៅ​ឆ្នាំ​២​០​១​៥​។​

​លោក​ ​កែវ​ ​សេង​រដ្ឋា​ ​មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​ដែល​មាន​ឪពុក​ម្ដាយ​ជា​មន្ត្រី​រាជការ​។​ ​ចំពោះ​ស្នាដៃ​ដែល​ធ្លាប់​បោះពុម្ព​ចេញផ្សាយ​កាលពី​កន្លងទៅ​រួម​មាន​ ​ទី​១​. ​«​សំឡេង​ខ្សឹប​»​ ​ទី​២​. ​«​ហឫទ័យ​»​ ​ទី​៣​. ​«​បែប​ណា​ទើប​ល្អ​»​ ​ទី​៤​. ​ស្នាដៃ​សហ​និពន្ធ​រួម​មាន​«​មន្ត​ទឹកខ្មៅ​»​ ​«​ព្រៃ​រំដួល​»​ ​និង​ ​«​ខ្មាស​ខ្លួនឯង​»​។​

​ក្រៅពី​មាន​ស្នាដៃ​ចេញផ្សាយ​ជាច្រើន​ ​អ្នកនិពន្ធ​រូប​នេះ​ ​បាន​ទទួល​ពានរង្វាន់​ជាច្រើន​ផង​ដែរ​។​ ​ក្នុង​នោះ​មាន​ដូចជា​ ​ជយលាភី​លេខ​១​ ​ពានរង្វាន់​ព្រះនាង​ឥន្ទ្រ​ទេវី​ឆ្នាំ​២​០​២​០​ ​ផ្នែក​ប្រលោមលោក​រឿង​ “​ឧត្តមគតិ​”, ​ជា​ម្ចាស់​ជយលាភី​លេខ​៤​ ​ពានរង្វាន់​លោក​ ​លី​ ​ធា​ម​តេង​ ​ឆ្នាំ​២​០​១​៨​ ​ផ្នែក​ប្រលោមលោក​រឿង​ “​បេសកកម្ម​បេះដូង​” ​និង​ជយលាភី​លេខ​ ​៣​ ​ពានរង្វាន់​មហោស្រព​អក្សរ​សិល្ប៍​ឆ្នាំ​២​០​១​៨​ ​ផ្នែក​កំណាព្យ​ទំនើបនិយម​ ​«​សុរិយា​»​។​

​គួរ​រម្លឹក​ថា​ ​​ទិវា​អំណាន​ជាតិ​លើក​ទី​៦​ ​នៅ​ថ្ងៃ​ទី​១​១​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​១​ ​ខាងមុខនេះ ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ បានសម្រេចជ្រើស​​ប្រធាន​បទ​ “​អំណាន​ក្នុង​បរិ​បទ​កូ​វី​ដ​-​១​៩​” ​ដែល​ធ្វើឡើង​ទៅតាម​ប្រព័ន្ធ​អន​ឡា​ញ​ ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​​​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ (​M​o​E​Y​S ​Cam​bo​d​i​a​)​៕​