ដំណឹងថ្មីៗគ្រឹះស្ថានអប់រំ Oct 19, 2018 | 10:30 AM

ម៉េងលី ជេ. គួច អេឌ្យូខេសិន​ ត្រូវ​បាន​ជ្រើសរើស​ជាក្រុម​ហ៊ុន​ឈានមុខ​គេ​នៅ​កម្ពុជា

image

​ជា​ក្រុមហ៊ុន​ដែល​នាំមុខ​គេ​ក្នុង​ការ​ផ្តល់​សេវាកម្ម​ផ្នែក​អប់រំ ក្រុមហ៊ុន ម៉េ​ង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន របស់លោក ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី  ត្រូវ​បាន​គណៈកម្មការ​មូលបត្រ​កម្ពុជា សម្រេច​ប្រគល់​ពានរង្វាន់​ក្រុមហ៊ុន​ឈានមុខ​ក្នុង​កម្មវិធី​ឧត្តមភាព Excellence Program ប្រចាំឆ្នាំ២០១៨ ក្នុងចំណោម​ក្រុមហ៊ុន ១៥ ដែល​ជា​ក្រុមហ៊ុន​ឈាន​មុនគេ​នៅ​ប្រទេស​កម្ពុជា។

​ពិធី​ប្រគល់​ពានរង្វាន់​នេះ បាន​ធ្វើឡើង​កាលពី​​យប់​ថ្ងៃទី១៨ ខែតុលា នា​ភោជនីយដ្ឋាន​ទន្លេបាសាក់២ ក្រោម​អធិបតីភាព​លោក ស៊ូ សុ​ជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា (គ.ម.ក) ។

​​សូម​បញ្ជាក់​ថា​បន្ទាប់ពី​វាយតម្លៃ និង​ដាក់​ពិន្ទុ ដល់​ក្រុមហ៊ុន​ចំនួន៧២ ដែល​បាន​ចុះឈ្មោះ​ចូលរួម​កម្មវិធី​ឧត្តមភាព និង​បាន​ឆ្លងកាត់​វគ្គ​ប្រឹក្សា​យោបល់​ជាច្រើនលើក ក្រុមហ៊ុន​ចំនួន១០ ទទួល​បាន​ពានរង្វាន់ឈាន​មុខ​​ក្នុង​កម្មវិធី​ឧត្តមភាព និង​ក្រុមហ៊ុន​ចំនួន៥ទៀត​ទទួល​បាន​ពានរង្វាន់ តាម​ផ្នែក​រួមមាន៖ សក្ដានុពល​ពាណិជ្ជកម្ម អភិបាលកិច្ច​សាជីវកម្ម ការរៀបចំ​របាយការណ៍​ផ្នែក​ហិរញ្ញវត្ថុ​បាន​ល្អ និង​ការរៀបចំក្រុមហ៊ុន​ដោយ​អនុលោម​ភាព​តាមច្បាប់។

​ការវាយតម្លៃ​នេះ ដោយ​វិនិច្ឆ័យ​លើ​ប្រាំ​ចំណុច​សំខាន់​រួមមាន៖ ទី១សក្ដានុពល​អាជីវកម្ម ទី២ អភិបាលកិច្ច​សាជីវកម្ម ទី៣ គណនេយ្យ​និង​ហិរញ្ញវត្ថុ ទី៤ អនុលោម​ភាព​ផ្នែក​ច្បាប់​,​និង​ទី៥គឺ ឆន្ទៈ​ក្នុង​ការបោះផ្សាយ​លក់​មូលបត្រ។

​ក្រុមហ៊ុន​ឈានមុខ​ទាំង១០ រួមមាន៖ ក្រុមហ៊ុន​អ៊ី​នប៊ីស​ណេស​,​ក្រុមហ៊ុនDBD Engineering Service ,​ក្រុមហ៊ុន Westline Education Grop ,​ក្រុមហ៊ុន ម៉េ​ង​លី ជេ គួច អេ​ឌ្យូ​ខេ​សិន​, សាលារៀន​គ្រូ​យើង​, ក្រុមហ៊ុន Associate Asphalt Product (AAP Grop) ,​ក្រុមហ៊ុន103 New Prodution , ក្រុមហ៊ុន​ខេម​បូ​ឌាន ខេ​មី​ខល សឹប​ផ្លា​យ ( Cam​-​Paint)​, ក្រុមហ៊ុន​អ៊ី​ឆេ ង៉ូវ ហេង ហ្វូ​ដប្រ​ដា​សិន អូ​ហ្វ កំពត​, និង​ក្រុមហ៊ុន Life Education ។

​ដោយឡែក​ក្រុមហ៊ុន​ដែល​ទទួល​បាន​ពានរង្វាន់​តាម​ផ្នែក​ទាំង​ប្រាំ​រួមមាន៖​ក្រុមហ៊ុន អ៊ិ​ច អ អាយ អិន ស៊ី ( ខេម​បូ​ឌា)​, ក្រុមហ៊ុន ប្លូ​មេ​ឌា ហ្វី​ម ( ខេម​បូ​ឌា)​, ក្រុមហ៊ុន ហ្វ​ល​ខន សេ​ហ្វ ( ខេម​បូ​ឌា)​, ក្រុមហ៊ុន​ពហុ​ធុរកិច្ច​អន្តរជាតិ​កម្ពុជា និង​ក្រុមហ៊ុន អិម​ធី ហ្វា​អឺ អេន​ជី​នា​រីង (ខេម​បូ​ឌា)។

​ឧត្តមភាព (Excellence Program ) ​ជា​កម្មវិធី កសាង​សមត្ថភាព សហគ្រាស​ធុន​តូច និង​មធ្យម​រៀបចំឡើង​ដោយ គ.ម.ក សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ រួមមាន​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ ក្រុមហ៊ុន​ផ្ដល់​សេវា​សវនកម្ម និង​ក្រុមហ៊ុនមេ​ធា​វី​ផ្ដល់​សេវា​ផ្នែក​ច្បាប់​នៅក្នុង​វិស័យ​មូលបត្រ ព្រមទាំង​វាគ្មិន​កិត្តិយស នៅ​ប្រទេស​កម្ពុជា​និង​មក​ពី​ប្រទេស​ថៃ។

​ថ្លែង​នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​នេះ លោក ស៊ូ សុ​ជាតិ អគ្គ​នាយ​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា បាន​អបអរ​​ចំពោះ​ក្រុមហ៊ុន​ឈានមុខ​ទាំង១០ និង​ក្រុមហ៊ុន​ឈានមុខ​តាម​ផ្នែក​ទាំង៥ ដែល​ត្រូវ​បាន​គណៈកម្មការ​វាយតម្លៃ​ប្រគល់​ពានរង្វាន់​នេះ។

​គួរ​ជម្រាប​ថា នេះ​មិនមែន​ជា​លើក​ទី១ឡើយ ដែល​ក្រុមហ៊ុន ម៉េ​ង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន ត្រូវ​បាន​ស្ថាប័ន​ល្បីៗ​ទាំង​ជាតិ និង​អន្តរជាតិ​បាន​ប្រគល់​ពានរង្វាន់​ឱ្យ។ ក្រុមហ៊ុន ម៉េ​ង​លី ជេ​. គួច អេ​ឌ្យូ​ខេ​សិន ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា លើ​ការ​ផ្តល់​សេវាកម្ម​អប់រំ សុខភាព និង​ការ​អភិវឌ្ឍ​សង្គម និង​សហគមន៍៕