យុវជន-ចំណេះជំនាញ Apr 05, 2019 | 15:02 PM

ម៉ុក មុនីរតនៈ មិន​ត្រឹម​តែ​ជា​សិស្ស​​ស្អាត ឆ្លាត ហើយ​ថែម​ទាំង​ពូកែ​ទៀត…

image

មិន​ត្រឹម​តែ​មាន​សម្រស់​ស្អាត និង​ឆ្លាត​ទេ យុវតី ម៉ុក មុនីរតនៈ ក៏​ជា​សិស្ស​ពូកែ​ម្នាក់​របស់​សាលារៀន អន្តរទ្វីប អាមេរិកាំង​ ផង​ដែរ។ យុវតី​ម្នាក់​នេះ​ បាន​ជាប់​ជា​សិស្ស​ពូកែ​ទូទាំង​រាជធានី ផ្នែក​គណិត​វិទ្យា កាល​ពី​ឆ្នាំ​២០១៨ ហើយ​ថ្មីៗ​នេះ បាន​ឈ្នះ​មេដាយ​ប្រាក់​មួយ​ទៀត លើ​ការ​ប្រកួត​សិស្ស​ពូកែ​គណិត​វិទ្យា​ ពី​កម្មវិធី​គណិត​វិទ្យា​លំដាប់​ថ្នាក់​ពិភព​លោក (World Mathematic International) ហៅ​កាត់​ WMI ។

ការ​ប្រកួត​គណិត​វិទ្យា​លំដាប់​ថ្នាក់​ពិភពលោក​នេះ គឺធ្វើ​​ឡើង​ជា​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​បណ្ដា​ប្រទេស​នា​នា នៅ​លើ​ពិភព​លោក​ទូ​ទាំង​ទ្វីប​អាស៊ី ដើម្បី​លើក​ទឹក​ចិត្ត ជំរុញ ពង្រឹង​សមត្ថភាព ជាពិសេស​បង្កើន​សក្តានុពល​អ្នក​គណិត​វិទ្យា​វ័យ​ក្មេង។

ជាមួយ​នឹង​ការ​ឈ្នះ​មេដាយ​នេះ យុវតី មុនីរតនៈ បាន​សម្តែង​អាម្មរណ៍​រំភើប និង​មោទកភាព​លើ​ខ្លួន​ឯង​ដែល​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​នេះ។ មិន​ត្រឹម​តែ​ខ្លួន​ឯង​ទេ​ លោក​គ្រូ​អ្នក​គ្រូ រួម​ទាំង​មិត្ត​ភក្ដិ ក៏​មានការ​​ស្ងើច​សរសើរ​ដល់​​សម​ត្ថភាព និង​អបអរ​​នឹង​​លទ្ធផល​​នេះ​ផង​ដែរ។

ស្ថិត​ក្នុង​ចំណោម​បង​ប្អូន​៤នាក់ យុវតី ម៉ុក មុនីរតនៈ ជា​កូនពៅ​ក្នុង​គ្រួសារ និង​ជា​សិស្ស​ឆ្នើម​ម្នាក់​ដែល​ចេះ​ដាក់​ខ្លួន​ នៅសាលារៀន​ បើ​ទោះ​បីជា​រូបគេ​នៅ​ចំណោម​​សិស្ស​ឆ្នើម​ដទៃ​ក៏​ដោយ ក៏​មុនីរនៈ​យល់​ថា សមត្ថភាព​មិន​ទាន់​ដល់​កម្រិត​មួយ​ដែល​ខ្លាំង​ដាច់​គេ​នោះ​ទេ។ ដូច្នេះ​ហើយ អ្វី​ដែល​ត្រូវ​ធ្វើ​បន្ត គឺ​ការ​សិក្សា​បន្ថែម មិន​ថា​នៅ​ក្នុង​ថ្នាក់ ឬ​នៅ​ផ្ទះ​​ទេ ដើម្បី​ពង្រឹង​ចំណេះដឹង​ឱ្យ​កាន់​តែ​ខ្លាំង​ដើម្បី​ទៅ​ប្រកួត​ប្រជែង​ក្នុង​កម្ម​វិធី​ចំណេះដឹង​ផ្សេង​ទៀត។

សិស្ស​ឆ្នើម​ស្រី​វ័យ១៦ឆ្នាំ​ម្នាក់​នេះ ​បាន​សន្យា​យ៉ាង​មុត​មាំ​ថា នឹង​ខំ​ប្រឹង​ប្រែង​រៀនសូត្រ បន្ទាប់​មកនឹង​ចូល​រួម​ប្រឡង​សិស្ស​ពូកែផ្នែកនេះ​​​ ​នៅ​​ឆ្នាំ​​ក្រោយៗ​​ទៀត ទោះ​លទ្ធផល​យ៉ាង​ណា​នោះ ក៏​មិន​ទាន់​ហ៊ាន​ប៉ាន់​ស្មាន​ដែរ ព្រោះ​ថា សិស្សានុសិស្ស​ផ្សេងៗ​ទៀត​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្ពស់​ តែ​យុវតី​ម្នាក់​នេះ​មាន​​ឆន្ទៈ​​មុត​មាំ​ គឺ​មិន​បោះ​បង់​ការ​ខិត​ខំ​របស់​ខ្លួន​ចោល​ឡើយ។

យុវតី​ មុនីរតនៈ ​ចង់​​ក្លាយ​​ជា​វេជ្ជ​បណ្ឌិត​ទៅ​ថ្ងៃ​អនាគត ដែល​គោល​បំណង​នេះ ខុស​ពី​ឪពុក​ម្ដាយ​​ជាអ្នក​រកស៊ី​ ព្រោះគេ​យល់​​ថា​ពេទ្យ​អាច​ជួយ​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​ទាំង​ឡាយ​បាន ថ្វី​ដ្បិត​ថា​មាន​ការ​លំបាក ប្រើ​ពេល​យូរ និង​ចំណាយ​ថវិកា​ច្រើន​ ក៏​រូប​គេ​មិ​ន​បោះ​បង់​ក្តី​ស្រមៃ​មួយ​នេះ​ដែរ។ បើ​តាម​ប្រសាសន៍​របស់​លោក​ឧកញ៉ា គួច ម៉េងលី ដែល​ជា​ម្ចាស់​សាលា​រៀន​ អន្តរទ្វីប អាមេរិកាំង បាន​លើក​ឡើង​ថា ពេទ្យ​ជា​ជំនាញ​មួយ​ដែល​មិន​ចេះ​អស់​ម៉ូយ។ ក្រោម​ហេតុផល​នេះ​ហើយ​ទើប​បាន​ជា មុនីរតនៈ ប្រឹង​កសាង​មូល​ដ្ឋាន​គ្រឹះ​ជំនាញ​មួយ​នេះ និង​បញ្ចេញ​សមត្ថ​ភាព​​កម្ម​វិធី​អប់រំ​ផ្សេងៗ៕