យុវជន-ចំណេះជំនាញ Aug 22, 2018 | 15:06 PM

មានបទពិសោធបង្រៀន​ជិត១០ឆ្នាំ​ អ្នកគ្រូស្រីមុំ​ ចែករំលែកវិធីសាស្រ្ត​គ្រប់គ្រង​សិស្ស​ឱ្យមាន​ប្រសិទ្ធភា​ព​

image

ក្នុងជីវិតជាគ្រូ ប្រាកដជាបានជួបសិស្ស​គ្រប់ប្រភេទ។ ​សិស្ស​ខ្លះល្អ​ក៏ស្តាប់​ការ​ពន្យល់​របស់គ្រូ​ អង្គុយរៀន​​ដោយ​ស្ងាត់​ស្ងៀម​ អ្នកខ្លះ​ក៏មិន​ស្តាប់ ​ហើយ​ព្យាយា​ម​អុកឡុកគ្រូ​ ដូចជាឡូឡាក្នុង​ថ្នាក់​ ឬ​​មិនគោរពបទផ្ទៃ​ក្នុង​របស់​ថ្នាក់​រៀន​នីមួយៗ​ជា​ដើម។ ប្រសិន​បើ​គ្មាន​វិធីសាស្រ្ត​ក្នុងការ​គ្រប់គ្រង​ពួកគេ​ទេនោះ​ប្រាកដណាស់​​ ​​​​ថ្នាក់រៀន​នឹង​ក្លាយជា​​កន្លែង​អនាធិបតេយ្យ​។ ​

​​មានបទ​ពិសោធបង្រៀនជាង៧ឆ្នាំ អ្នកស្រី​ សំអាត ស្រីមុំ​ ដែ​លបច្ចុប្បន្នជាប្រធា​ន​គ្រូ​នៅ​មជ្ឈ​មណ្ឌលភាសា​ អេ អាយ​ អាយ​ ​សាខា​ទួលគោក​ ​ បានចែក​រំលែកបទពិសោធ​ផ្ទាល់ខ្លួន​របស់អ្នកស្រី​យ៉ាង​ដូ​ច្នេះថា​ ដើម្បី​ធ្វើឱ្យការ​បង្រៀន ​និងរៀន​នៅក្នុង​ថ្នាក់​​ប្រកប​ដោយរលូន​ សិស្សគ្រប់គ្នា​មានភាព​រី​ករាយ​​ក្នុងការរៀន​ មានវិធីសាស្រ្តមួយចំនួន​ ដែល​អ្នកស្រី​តែងតែប្រើ ហើយគ្រប់គ្រង​សិស្ស​ដោយ​ប្រសិទ្ធភាព។

​ជា​គ្រូម្នាក់​ដែលមិនកាចពេក​ តែក៏មិនស្លូត​ពេកនោះដែរ​ ប្រសិនបើជួប​ខិលខូច​នៅក្នុងថ្នាក់​ វិធីសាស្រ្ត​គ្រប់គ្រង​របស់​អ្នកស្រី ​មិនមែន​ជាការប្រើ​អំពើហឹង្សា​ វាយដំអ្វីនោះទេ​ តែជា​​​​​​​វិធីត្រជាក់បំផុត ​ដែល​ធ្វើឱ្យសិស្ស​​ទាំងអស់​ទទួល​យក​បាន​ទាំងអស់​ចិត្ត។

ក្នុងបទសម្ភាស​ជាមួយ ​​គេហទំ​ព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ គ្រូបង្រៀន​វ័យ​២៧ ឆ្នាំរូបនេះ​ បានលើកឡើងថា​ ​​រវាង​គ្រូ​និង​សិស្ស​អាច​និយាយ​បានថា​មិនខុសគ្នា​ពីប្តីប្រពន្ធ​នោះទេ ពោលមុន​នឹងរៀន​ ឬស្រឡាញ់គ្នា​ រួមរស់​នៅ​ជាមួយគ្នា​​ត្រូវតែ​មាន​ការ​ព្រម​ព្រៀង​ជាមួយ​គ្នា​ដើម្បី​ឱ្យ​​ចុះ​សម្រុង​នឹងគ្នា។

​​​​គ្រូបង្រៀនភាសាអង់គ្លេសដដែលនេះបានប្រាប់ថា«ជាទូទៅមុននឹងបង្រៀន​ ​ខ្ញុំតែងតែមាន​​ច្បាប់​សម្រាប់ថ្នាក់រៀន​​របស់ខ្ញុំ​ ហើយ​មុន​នឹងដាក់​ច្បាប់មួយ​​ហ្នឹងមក​ត្រូវតែ​​ឱ្យ​អ្នក​ទាំងអស់​គ្នា​យល់​ថាមូល​ហេតុអី​បានជាខ្ញុំបង្កើត​​ច្បាប់ហ្នឹង​មក នៅ​ពេលគាត់យល់​ពីន័យ​ទាំងអស់ហ្នឹងទៅ​ គាត់នឹង​​​ធ្វើតាមហើយ​​ ហើយបើគាត់ធ្វើ​ខុសច្បាប់​មានការពិន័យ។»

ក្នុងការដាក់ពិន័យនេះ យើង​ក៏ត្រូវ​ដឹងដែរ​ថា ការពិ​ន័យ​បែបណា​ធ្វើឱ្យគាត់ខ្លាច ​រៀងចាល​ មិនព្រឹត្តិកំហុស​ដដែល​ម្តង​ទៀត​។​ ​​ឧទាហរណ៍ សិស្សស្ទើគ្រប់គ្នា​ស្រឡាញ់ពិន្ទុ​ ចំណុចខ្សោយ​របស់ពួក​គេ​ខ្លាចអស់ពិន្ទុ​ ហេតុនេះ​​ត្រូវតែ​​ដកពិន្ទុ ហើយ​កុំនិយា​យ​បានតែមាត់​ បើគាត់​ខុស​ ត្រូវតែ​ដក​ឱ្យគាត់​ឃើញ​តាម​កម្រិត​​កំហុស​ដែល​គាត់​​​​​​​​​​បាន​ប្រព្រឹត្តិ​។ នេះ​ជាការ​​អះអាង​របស់​​​អ្នកគ្រូ​​​​​ដែល​ជាកូនស្រីច្បង​ក្នុងគ្រួសាររូបនេះ​​។

អ្នកស្រី សំអាត ស្រមុំ ​​​​បានប្រាប់ថា គ្រូបង្រៀន​មិនតិចទេ​ដែលបរាជ័យ​​ក្នុងការគ្រប់គ្រង​សិស្សរបស់ខ្លួន​ ដោយសារគាត់​​ធូររលុង​​ចំពោះច្បាប់​​ ឬវិន័យដែលបាន​​ដាក់​។ តែយ៉ាងណា​ដើម្បីឱ្យសិស្ស​ទទួលយក​នូវ​អ្វី​ដែល​គ្រូ​​កំណត់​ កុំភ្លេចប្រាប់​ពួកគាត់​ឱ្យ​យល់​​ពីច្បាប់​នេះ ថាហេតុអ្វី​បានជា​ត្រូវ​បង្កើត​ច្បាប់បែបនេះ​ឱ្យ​គាត់គោរព​ ព្រោះតែគ្រូចង់​​​ឱ្យគាត់​ក្លា​យ​ជា​សិស្ស​ល្អមាន​វិន័យ​ក្នុងខ្លួន​ មាន​ទម្លាប់​ល្អទាំង​​នៅ​ពេល​​រៀន និង​ជះឥទ្ធិពល​​ទាំង​ក្នុងពេល​អនាគត​។

ស្រីមុំបន្តថា«ក្មេង​ខ្លះគាត់ព្យាយាមចង់​សាកល្បង​ជាមួយ​​យើង​ថាអ្នកគ្រូ​ហ្នឹងម៉េចដែរ ​កាចឬស្លូត​ ហើយគាត់​ចង់​សាក​យើង​ ឧទាហរណ៍​គាត់​មាត់​ឡូ​ឡាក្នុងថ្នាក់​ យើង​ឱ្យ​ធ្វើអី​គាត់អត់​ធ្វើ នៅពេលឃើញ​យើងតឹងរឹង​​ យើង​អត់​និយាយ​លេងសើចច្រើន ហើយឃើញ​សិស្សភាគ​ច្រើន​ស្របជាមួយ​គ្រូ ​អ៊ីចឹងគាត់​នឹង​​បត់មក​ដោយឯង។»​

បន្ទាប់ពី​កំណត់ច្បាប់នៅក្នុង​​ថ្នាក់ហើយ ក្នុងនាមជាគ្រូ ក៏ត្រូវយល់ពីទុក្ខលំបាក​​របស់សិស្ស​ដែរ​។ អ្នកគ្រូស្រីមុំ​ បាន​និយាយ​​​ថា ធ្វើជាគ្រូ​បង្រៀន​​ម្នាក់​មិនមែន​អ​ត្តនោ​មតិ​តែម្នាក់ឯង​នោះទេ​ ក្រៅពីឱ្យ​ពួកគេស្តាប់​យើង​ដែលគ្រូ យើង​ក៏ត្រូវស្តាប់ពួកគាត់វិញ​ដែរ ព្រោះចំណុច​ខ្លះគាត់លើកឡើង​មក​ក៏អាច​ទទួល​យក​​​បាន​ដែរ។

«​ប្រសិនបើមើលថ្នាក់ហ្នឹងវារៀងក្តៅគគុក ខ្ញុំថយមួយជំហានខ្ញុំ​គិតមើលសិនថា​គាត់ម៉េចដែរ​ ពេលខ្លះ​ខ្ញុំព្យាយាម​​យក​ចិត្ត​ខ្លួន​ឯង​ដាក់​ក្នុង​ចិត្តពួកគាត់​ ថាក្នុង​វ័យប៉ុណ្ណឹង​ បរិយាកាស​ក្នុងថ្នាក់ហ្នឹង​គាត់ចង់​បានអី​​ដែរ មិនមែន​ថា​យើង Set (កំណត់)ទៅ​ គាត់ធ្វើ​តាម​យើង​រហូតទេ​»។ អ្នកស្រី សំអាត ស្រីមុំ បានប្រាប់បន្ថែម​។

​​​​ចំណុចសំខាន់ចុងក្រោយគឺការលើក​ចិត្ត​។ ទន្ទឹម​នឹងយើង​ដកពិន្ទុចំពោះ​សិស្ស​​ដែលប្រព្រឹត្តិខុស ​យើងត្រូវផ្តល់ពិន្ទុ​​ឱ្យ​សិស្ស​​ដែល​គាត់​បាន​ធ្វើល្អ​នៅក្នុង​ថ្នាក់​ដែរ​ ដើម្បី​ជាការលើក​ទឹក​ចិត្ត​​​​ដល់ពួកគេ​​។ ការធ្វើ​ដូចនេះ​ វាអាច​នឹងជះ​ឥទ្ធិពលល្អ​ ដល់​សិស្ស​​​ដែល​ធ្វើល្អ ​ខំរៀន​និងស្តាប់គ្រូ​​​​នៅក្នុងថ្នាក់​ កាន់តែបន្ត​ធ្វើ​​ទង្វើរបែបនេះ​ ហើយសិស្ស​ដែល​មិន​សូវ​ស្តាប់​គ្រូ​ ​យ​ក​គម្រូ​​តាម​សិស្ស​ល្អ​វិ​ញ​។

​​​​​​​អ្នកស្រីបន្ថែមទៀតថា​ ទោះបីជាវិធីសាស្រ្ត​គ្រប់គ្រង​​សិស្សទាំងបី​ចំណុចខាងលើ​នេះ​ ទទួ​លបាន​ជោគជ័យ​ច្រើន​ ​ប៉ុន្តែ​សិស្ស​ខ្លះ​ត្រូវការ​ចំណាយពេលវេលា​​ និងចំណាយ​កម្លាំងកាយ​ និងកម្លាំងចិត្ត​ច្រើនជាមួយគាត់​​ជាង​សិស្សផ្សេងទៀត​៕