ថ្លែងក្នុងឱកាស នៃទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ «សុវត្ថិភាពចំណីអាហារប្រសើរ ដើម្បីសុខភាពល្អប្រសើរ» ប្រព្រឹត្តទៅនៅថ្ងៃទី៧ មិថុនានេះ លោកស្រី លើកឡើងថា ការរស់នៅរបស់បុគ្គលគ្រប់ៗរូប គឺពឹងផ្អែកទៅលើការបរិភោគម្ហូបអាហារដ៏ត្រឹមត្រូវ សម្រាប់ការលូតលាស់ ក៏ដូចជាការថែបំប៉នសុខភាពផងដែរ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមជម្រាបបន្ថែមថា សុវត្ថិភាពចំណីអាហារគឺជាកត្តាសំខាន់មួយនៅក្នុងចំណោមកត្តាផ្សេងៗទៀត សម្រាប់រក្សាបាននូវសុខភាពល្អរបស់ប្រជាពលរដ្ឋទូទៅ។ ចំពោះការបរិភោគចំណីអាហារដោយមិនបានអនុវត្តត្រឹមត្រូវនូវគោលការណ៍អនាម័យ ក៏ដូចជាការរក្សាបាននូវសុវត្ថិភាពចំណីនេះ នោះវានឹងផ្តល់នូវផលប៉ះពាល់ធំមកដល់សុខភាពរបស់យើងគ្រប់គ្នា នឹងអាចឈានទៅរកការបាត់បង់ជីវិតផងដែរ។ មានករណីជាច្រើនមានដូចជា ការពុលចំណីអាហារ ការពុលស្រា ដែលកន្លងមកនេះធ្លាប់បានជួបប្រទះរួចហើយ ដែលករណីខ្លះបានបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង ដែលមិនអាចជួយសង្គ្រោះទាន់»។
លោកស្រីសង្កត់ធ្ងន់ថា ការរក្សាបាននូវចំណីអាហារសម្រាប់បរិភោគប្រចាំថ្ងៃឱ្យបានគ្រប់គ្រាន់ ក៏ជាចំណុចមួយទៀតដែលបុគ្គលគ្រប់រូបត្រូវយកចិត្តទុកដាក់ ដើម្បីថែរក្សាសុខភាពផងដែរ។ ចំពោះការដាំដុះបន្លែផ្លែឈើ ក៏ដូចជាដំណាំផ្សេងៗត្រូវអនុវត្តតាមបែបធម្មជាតិ គឺប្រើជីធម្មជាតិ ដោយចៀសវាងការប្រើប្រាស់សារធាតុគីមី ហើយសារធាតុគីមី ក៏មិនត្រូវយកមកប្រើប្រាស់ក្នុងការរក្សាម្ហូបអាហារ ផ្លែឈើ ដើម្បីរក្សានូវភាពស្រស់ស្អាតបានយូរដែលនាំឱ្យខូចសុខភាពអ្នកបរិភោគនោះឡើយ។
អ្នកជំនាញសុខាភិបាលរូបនេះ បានណែនាំពីការថែរក្សាម្ហូបអាហារយ៉ាងដូច្នេះ «ក្នុងករណីដែលចង់រក្សាទុកម្ហូបអាហារឱ្យត្រជាក់ សូមរក្សាទុកក្នុងសីតុណ្ហភាពក្រោម ៥អង្សារ ប្រសិនបើចង់ឱ្យម្ហូបក្តៅ សូមរក្សារទុកក្នុងសីតុណ្ហភាពលើសពី ៦០អង្សារ។ កត្តាសំខាន់មួយទៀតនេះ គឺការបរិភោគម្ហូបអាហារ ឬសាច់ឆៅជាដើម ហើយចំពោះការបរិភោគសាច់សត្វព្រៃវិញ គឺជាកត្តាដ៏គ្រោះថ្នាក់ផងដែរចំពោះសុខភាព ព្រោះថាសត្វព្រៃភាគច្រើនផ្ទុកនៅមេរោគដែលបានបន្សាំខ្លួននៅក្នុងខ្លួនសត្វទាំងនោះ ហើយអាចចម្លងមេរោគមកយើងទាំងអស់គ្នាបាន»។
ជុំវិញបញ្ហាសុវត្ថិភាពចំណីអាហារនេះផងដែរ បើតាមក្រសួងពាណិជ្ជកម្ម នឹងតម្រូវឱ្យការលក់ម្ហូបអាហារនៅតាមផ្សារ និងចិញ្ចើមផ្លូវ ត្រូវមានអនាម័យល្អ និងសុវត្ថិភាព ក្រោយច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារចេញជាផ្លូវការ ក្នុងគោលបំណងធានាការពារសុខភាពអ្នកប្រើប្រាស់ ឬអ្នកទទួលទានកុំឱ្យកើតជំងឺផ្សេងៗ និងផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរបរទេសដែលចូលចិត្តបរិភោគអាហារនៅតាមផ្លូវក្នុងពេលពួកគេមកទស្សនាប្រទេសកម្ពុជា។
សូមជម្រាបថា ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារនេះ នឹងក្លាយជាត្រីវិស័យតម្រង់ទិសយ៉ាងសំខាន់សម្រាប់លើកស្ទួយផលិតកម្មម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា ដែលតម្រូវឱ្យមានយន្តការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័នជាតិ ដើម្បីគ្រប់គ្រងប្រតិបត្តិករអាជីវកម្មម្ហូបអាហារ នៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិតកម្ម ចាប់ពីកសិដ្ឋានផលិតរហូតដល់តុអាហារ និងធានាថាផលិតផលម្ហូបអាហារទាំងអស់ ដែលចរាចរនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប៕