លោក ប៊ុន លើត រដ្ឋលេខាធិការក្រសួងការពារជាតិ បានលើកឡើងក្នុងពិធីនោះថា ការដាំដើមឈើឡើងវិញនោះគឺដើម្បីលម្អ និងរក្សាទុកជាតំបន់ប្រវត្តិសាស្ត្រ ព្រមទាំងបង្កើតជាភូមិសម្រាប់ប្រជាពលរដ្ឋនាពេលអនាគត ដោយមានការសាងសង់ជាកំពង់ផែ ផ្លូវ ប្រព័ន្ធទឹក និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត សម្រាប់បម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ។
លោកបន្តថា ព្រៃឈើពិតជាមានសារៈសំខាន់សម្រាប់មនុស្ស និងសត្វ ជួយទប់ទឹកភ្លៀង ជាជម្រកសត្វគ្រប់ប្រភេទផងដែរ។
ដើមឈើដែលបានដាក់ដាំក្នុងឱកាសនោះរួមមាន ដើមគ្រញូង ដើមធ្នង់ ដើមបេង និងដើមគគីរ។
ក្នុងពិធីនោះក៏មានការចូលរួមពីលោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកស្រី មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងអភិបាលរងខេត្ត និងអស់ លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្តជាច្រើន៕
អត្ថបទ៖ បានសំណាង