ក្នុងជំនួបកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ លោក Zhang Lubiao បានលើកឡើងនូវគម្រោងផែនការសកម្មភាព ចំនួន ៦សំខាន់ៗដែលត្រូវធ្វើការសិក្សាលម្អិត ដើម្បីឱ្យផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជាអាចអនុវត្តសម្រេចបានជោគជ័យរួមមាន៖
១. ការរៀបចំបង្កើតជាតំបន់ដាំដុះ ២. ការរៀបចំខ្សែរច្រវ៉ាក់តំលៃ និងខ្សែរច្រវ៉ាក់ផ្គត់ផ្គង់ ៣. ការពង្រឹងសហគមន៍កសិករ និង ការបង្កើតបណ្តាញទំនាក់ទំនងជាមួយអង្គការអន្តរជាតិ និងទីផ្សារកសិផល ៤. ការកសាងហេដ្ឋារចនាសម្ព័នឆ្លើយតបទៅនឹងតំបន់ផលិតផលកសិកម្ម ៥. ការវិនិយោគលើកសិ-ពាណិជ្ជកម្ម ៦. ការបង្កើតអង្គភាពទំនាក់ទំនងសម្រាប់សម្របសម្រួលការងារកសិកម្មជាមួយក្រសួងពាក់ព័ន្ធ។
លោករដ្ឋមន្ត្រី វេង សាខុន បានឯកភាពចំពោះការលើកឡើងរបស់លោកបណ្ឌិតជាពិសេសលើការរៀបចំផែនការមេ និងសារៈសំខាន់នៃការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងបានស្នើឱ្យក្រុមការងារនៃភាគីទាំង២សហការគ្នាឱ្យបានល្អបន្តទៀតដើម្បីរៀបចំផែនការមេនេះឡើង ឱ្យបានចេញជាសកម្មភាពឱ្យបានឆាប់បំផុតដែលអាចធ្វើទៅបាន និងមានប្រសិទ្ធិភាពខ្ពស់សម្រាប់ការអនុវត្ត និងស្របតាមបរិបទនៃការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា កន្លងមកលោករដ្ឋមន្ត្រីបានស្នើដល់ភាគីចិនរួមមាន៖ ១. ឯកភាពបង្កើតក្រុមការងារជំនាញដើម្បីរួមគ្នារៀបចំផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា ដោយផ្តោតសំខាន់លើអង្ករ ពោត កៅស៊ូ ដំឡូងមី ចេក ផលិតកម្មសត្វ និងវារីវប្បកម្ម។ ២. ស្នើដល់ក្រុមការងារជំនាញបន្ថែមមុខដំណាំមានសក្តានុពលផ្សេងទៀតដូចជា ស្វាយ ស្វាយចន្ទីក្នុងផែនការមេអភិវឌ្ឍន៍កសិកម្មទំនើបនៅកម្ពុជា។ ៣. ស្នើភាគីចិនពន្លឿនការបើកកិច្ចចរចាលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យលើផលិតផលកសិកម្មកម្ពុជាដទៃទៀត ដូចជាម្រេច ទឹកមាត់ត្រចៀកកម្ម និងទុរេន៕