បន្ទាប់ពីប្រកួតអាន និងតែងអត្ថបទយ៉ាងស្វិតស្វាញពេញមួយព្រឹក ក្នុងចំណោមបេក្ខជនឆ្នើមទាំង២២រូបនោះ គណៈកម្មការជំនាញបានស្វ័យសម្រេចជ្រើសបេក្ខជនចំនួន៣ រូប ដើម្បីជាប់ជ័យលាភី និងឡើងទទួលពានរង្វាន់ ម៉េងលី ជេ. គួច ក្នុងរដូវកាលថ្មីនេះ។ ក្នុងចំណោមបេក្ខជនជាប់ជើងឯកទាំង៣រូបនេះ រួមមានលេខ១ បានទៅលើយុវតី ហុង សៀកលីវ សិស្សថ្នាក់ទី៩ លេខ២ បានទៅលើយុវតី អ៊ុង ខេរាបូណ៌មីច័ន្ទ សិស្សថ្នាក់ទី១០ និងលេខ៣ បានទៅលើយុវសិស្ស វណ្ណៈ ណូបលហ្ស៊ូលី សិស្សថ្នាក់ទី១០ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
បេក្ខជនជ័យលាភីជាប់ពានរង្វាន់ ម៉េងលី ជេ. គួច លើកទី៦ នេះ គឺលេខ១ ទទួលបានអាហារូបករណ៍១០០% ពានរង្វាន់ មេដាយមាស បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ លេខ២ ទទួលបានអាហារូបករណ៍៧៥% មេដាយប្រាក់ បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ និងលេខ៣ ទទួលបានអាហារូបករណ៍៥០% មេដាយសំរឹទ្ធ បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍។ នេះបើតាមលោកស្រី ប៉ែន មាលតី អ្នករៀបចំកម្មវិធីនៃការប្រកួត និងជាចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។ លោកស្រី ប៉ែន មាលតី បន្តឱ្យដឹងថា នេះជាលើកទី៦ ហើយ ដែលសាលារៀន អន្តរទ្វីប អាមេរិកាំង ផ្ដល់ឱកាសដល់សិស្សានុសិស្សបានបញ្ចេញនូវសមត្ថភាព ចំណេះដឹង ចំណេះធ្វើ បទពិសោធ និងទេពកោសល្យរបស់ខ្លួន នៅលើវេទិកាសាធារណៈ ដែលមានមនុស្សចូលរួមយ៉ាងច្រើនកុះករ។
លោកស្រីបញ្ជាក់ថា កម្មវិធីនេះផ្ដួចផ្ដើមឡើងដោយលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដើម្បីបណ្ដុះនូវវប្បធម៌អាន លើកស្ទួយវិស័យតែងនិពន្ធ រួមអភិរក្សវិស័យអក្សរសាស្ត្រ ការប្រើប្រាស់ពាក្យ និងអក្ខរាវិរុទ្ធ ប្រកបដោយត្រូវត្រឹម។ ជាពិសេស បណ្ដុះនូវទឹកចិត្តស្រឡាញ់ វប្បធម៌ អារ្យធម៌ ជាតិ សាសនា និងប្រវត្តិសាស្ត្រជាដើម។
បេក្ខជនជ័យលាភីលេខ១ យុវតី ហុង សៀកលីវ បានឱ្យដឹងថា កម្មវិធីនេះ ពិតជាមានសារៈសំខាន់បំផុត សម្រាប់សិស្សានុសិស្ស និងបេក្ខជនចូលរួមប្រកួត ព្រោះឆ្លងតាមការប្រកួតនេះ គឺទទួលបានចំណេះដឹង បទពិសោធ បណ្ដុះនូវភាពក្លាហាន បង្កើនភាពឈ្លាសវៃ ចេះស្វ័យសិក្សាស្រាវជ្រាវ និងមាននូវទម្លាប់អាន។
ជាចុងក្រោយ បេក្ខជនជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច សៀកលីវ បានថ្លែងអរគុណដល់លោកគ្រូ អ្នកគ្រូ ជាពិសេសគណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលបានបង្កើតកម្មវិធីប្រកួតចំណេះដឹងយ៉ាងសម្បូរបែប ដើម្បីជាប្រយោជន៍ដល់សិស្សានុសិស្ស។
សូមជម្រាបថា ការប្រកួតនេះ ធ្វើឡើងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ក្រោមវត្តមានលោកស្រី រស់ យ៉ាណា ប្រធានសាលារៀន, ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរាប់រយនាក់។