លោកនូ វណ្ណា ប្រធានក្រុមដឹកនាំផ្នែកបច្ចេក ទេសស្ថាបនាផ្លូវបានបញ្ជាក់ថាផ្លូវនេះមានបណ្តោយជិត៤០០ម៉ែត្រ ទទឹង ១១ម៉ែត្រ ចាក់បេតុងកម្រាស់១៥០ សង់ទីម៉ែត្រ(មួយតឹកកន្លះ )និងដាក់សរសៃដែកទៅតាមស្ដង់ដារ ហើយក្រុមបច្ចេកទេស គ្រោងបញ្ចប់ការសាងសង់ នៅដើមខែកញ្ញាខាងមុខនេះហើយ ។
លោក ស គឹមណាត ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ផ្លូវលេខ ២២ ត្រូវបានអាជ្ញាធរខេត្ត សម្រេចស្ថាបនាជាផ្លូវបេតុង ជំនួសផ្លូវកៅស៊ូចាស់ ដែលមានស្ថានភាពតូចចង្អៀត ដើម្បីឱ្យមានគុណភាពក្នុងការប្រើប្រាស់បានយូរអង្វែង ហើយបានលើកស្ទួយសោភ័ណភាពនៅក្នុងក្រុងទៀតផង។
លោកប្រធានមន្ទីរបន្តថា ផ្លូវមួយខ្សែនេះ ទោះបីមានប្រវែងខ្លីក៏ពិតមែន តែវាស្ថិតនៅទីប្រជុំជនហើយមន្ត្រីជំនាញបានរៀបចំដាក់ប្រព័ន្ធលូតាមបច្ចេកទេស និងលើកតួផ្លូវឱ្យខ្ពស់ផុតពីទឹកដក់ ដើម្បីពេលសាងសង់ហើយ បម្រើឱ្យការបើកបរទៅ មកបានងាយស្រួល ដូច្នេះប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថានចៀសវាងចោលសំរាមផ្តេសផ្តាស ឬក៏ចាក់ដីតាមចិញ្ចឹមផ្លូវឱ្យខ្ពស់ជាងថ្នល់នាំឱ្យបាត់បង់សោភ័ណភាព។
អ្នកស្រី ចាន់ ថារី វ័យជិត៦០ឆ្នាំ ក៏ដូចជាប្រជាពលរដ្ឋ ដែលមានមូលដ្ឋានរស់នៅជាប់តាមដងផ្លូវនេះ សម្ដែងការសាទរចំពោះការសាងសង់ផ្លូវថ្មីនេះ ព្រោះផ្លូវកៅស៊ូចាស់តូចចង្អៀត និងខូចខាតស្ទើរតែទាំងស្រុងបង្កភាពលំបាកក្នុងការធ្វើដំណើរទៅមកយូរឆ្នាំមកហើយ ជាពិសេសនៅពេលមានភ្លៀងធំមកម្ដងៗទឹកដក់លិចលើផ្លូវ ផ្ទះប្រជាពលរដ្ឋនៅតាមដងផ្លូវនេះក៏ត្រូវជំនន់ទឹកភ្លៀង ហូរចូលលិចដល់ក្នុងផ្ទះក៏មានដែរ។ អ្នកស្រីក៏ ប្តេជ្ញាថាជួយថែរក្សា តាមការណែនាំរបស់អាជ្ញាធរ ព្រោះជាសមិទ្ធផលថ្មីក្នុងមូលដ្ឋាន។
ផ្លូវលេខ ២២នេះ មានប្រវែងជិត ៤០០ ម៉ែត្រទទឹង១១ម៉ែត្រ សាងសង់បានជាង៧០ភាគរយហើយ គ្រោងបញ្ចប់ការសាងសង់នៅដើមខែកញ្ញាខាងមុខនេះ ដើម្បីពន្លឿនការសាងសង់ផ្លូវថ្មីមួយខ្សែទៀតនៅភូមិថ្មី សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដែលមានប្រវែងជាង ១.០០០ម៉ែត្របន្ថែមទៀត៕
អត្ថបទ៖ភ្នាក់ងារខេត្តស្ទឹងត្រែង