យុវជន-ចំណេះជំនាញ Jul 16, 2018 | 17:28 PM

បេក្ខជន៣​រូប ជាប់​ជ័យលាភី​ជើងឯក ​សរសេរ​ពាក្យជា​ភាសាចិន​បាន​លឿន​

image

នៅវគ្គ​ផ្ដាច់ព្រ័ត្រ នៃការប្រកួត​ល្បឿន​សរសេរ​ពាក្យជា​ភាសាចិន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ កន្លង​ទៅនេះ គណៈ​កម្មការ​ជំនាញ​នៃ​ការ​ប្រកួត​ប្រចាំ​មជ្ឈមណ្ឌល​ភាសាចិន ម៉េងលី ជេ. គួច បាន​រកឃើញ​បេក្ខជន​ជើងឯក​ចំនួន​៣រូប ក្នុង​រដូវ​កាល​នេះ ដែល​មាន​សមត្ថភាព​ខ្ពស់ និង​សរសេរ​ពាក្យ​បាន​លឿន​បំផុត ក្នុង​ចំណោម​បេក្ខជន​ជា​ច្រើន​រយនាក់។​

លោក ទីវ ជុងអៀង ប្រធាន​ផ្នែក​ភាសាចិន នៃមជ្ឈមណ្ឌល​ភាសាចិន ម៉េងលី ជេ. គួច បានឱ្យ​ដឹងថា ការ​ប្រកួត​ល្បឿន​សរសេរ​ពាក្យ​ជាភាសា​ចិននេះ ធ្វើឡើង​ក្នុងគោលបំណង​បណ្ដុះនូវ​ជំនាញ​ស្រាវជ្រាវ ការប្រើប្រាស់​ពាក្យ និង​បង្កើន​សមត្ថភាព​ខ្ពស់​ផ្នែក​ភាសា​ចិន របស់​សិស្សានុសិស្ស​ឱ្យកាន់​តែប្រសើរ បន្ទាប់​ពីនិយាយ ស្តាប់ និងការបញ្ចេញ​សំឡេង​​។ ព្រោះការសរសេរ​​ គឺដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​សិក្សា​ភាសាចិនឱ្យកាន់​តែមាន​គុណភាព និង​ប្រសិទ្ធភាព។ ម្យ៉ាងភាសានេះ ក៏ជាភាសាមួយ ដែល​ពិបាក​ក្នុង​ការ​សរសេរ​ជាង​ភាសា​ដទៃ​ផងដែរ។

លោកបន្តថា ការប្រកួត​ល្បឿនសរសេរពាក្យ​ជាភាសាចិន​លើកទី១​នេះ ពិតជាមាន​អត្ថប្រយោជន៍ និង​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះ​​ជា​ការ​បណ្ដុះ​នូវ​ភាព​ក្លាហាន ឈ្លាសវៃ ប្រុងប្រយ័ត្ន រហ័សរហួន ហ្មត់ចត់ និង​ផ្ចិតផ្ចង់​របស់​អ្នក​សិក្សា​​។

ប្រធាន​ផ្នែកភាសាចិន​រូបនេះ​ បញ្ជាក់​ថា ការប្រកួត​ល្បឿន​ពាក្យ​នេះ ​ក្នុងមួយ​ឆ្នាំ​មជ្ឈមណ្ឌល​ភាសាចិន ម៉េងលី ជេ. គួច បានរៀប​ចំការ​​ប្រកួត​ចំនួន៤​ដង ដោយ​មួយ​វគ្គៗ​សិក្សា ប្រកួតមួយដង ដើម្បីផ្ដល់ឱកាស​ដល់​សិស្សានុ​សិស្ស​កម្រិត​សិក្សា​បាន​បញ្ចេញ​នូវ​សមត្ថ​ភាព ចំណេះដឹង ចំណេះ​ធ្វើ និង​ជាប្រយោជន៍​យ៉ាង​សម្បូរបែប នៃការ​ប្រកួត​ប្រជែង​ជើង​ឯក​នេះផង​ដែរ។

ក្នុង​ចំណោម​បេក្ខជន​ជើងឯក​ទាំង៣​រូបនេះ យុវតី ប៊ុន ស្រីពេជ្រ កម្រិត Level 9 ជ័យលាភី​លេខ១ បានថ្លែង​ចំណាប់​អារម្មណ៍​ថា “​ខ្ញុំពិតជា​រំភើប និងរីករាយ​យ៉ាង​ក្រៃលែង ដែល​ទទួល​បាន​ជ័យលាភី​លេខ១ ក្នុង​រដូវ​កាល​នេះ”។

 

ស្រីពេជ្រ បន្ថែម​ថា មជ្ឈ​មណ្ឌល​បង្កើត​កម្មវិធី​នេះ​ឡើង ពិតជា​មាន​អត្ថប្រយោជន៍​យ៉ាងក្រៃ​លែង ដល់​រូប​គេ និង​បេក្ខជនដទៃ​ទៀត ព្រោះ​មាន​ឱកាស​បាន​សាកល្បង​ និង​បញ្ចេញ​សមត្ថភាព​​ ដើម្បី​ឈ្វេង​យល់ពីចំណុច​ខ្លាំង និងចំណុច​ខ្សោយ ​ឬបន្ត​ស្រាវជ្រាវពាក្យ និង​សិក្សា​ភាសាចិន​បន្ថែម​ទៀត​ ក្នុង​ការ​បំពេញ​បន្ថែម​រាល់​ចំណុច​ខ្វះខាត​។

បេក្ខជនទាំង​៣រូប ដែលជា​កំពូល​អ្នក​សរសេរពាក្យបានលឿនបំផុតនៅរដូវកាលនេះ លេខ១ បាន​ទៅលើ​បេក្ខជន ប៊ុន ស្រី​ពេជ្រ កម្រិត Level 9។ លេខ២ បានទៅ​លើបេក្ខ​ជន ម៉ម សុធារី កម្រិត Level 1 និង​លេខ៣ បានទៅលើ​បេក្ខជន គង់ សុវណ្ណ​ពិសិដ្ឋ កម្រិត Intro 4។

សូម​ជម្រាបថា បេក្ខជន​ទាំង៣រូប ​ជាប់ជ័យលាភីក្នុង​រដូវ​កាលនេះ លេខ១ ទទួល​បាន​អាហា​រូបករ​ណ៍​១០០% ពាន​រង្វាន់១ មេដាយ​១ បណ្ណ​សរសើរ និង​វត្ថុអនុស្សាវរីយ៍។ បេក្ខលេខ​២ ទទួលបាន​អាហារូបករណ៍​៧៥% មេដាយ​១ បណ្ណ​សរសើរ និង​វត្ថុ​អនុស្សាវរីយ៍ និងលេខ៣ ទទួលបាន​អាហា​រូបករណ៍​៥០% មេដាយ១ និង​វត្ថុអនុស្សាវរីយ៍។ នេះបើតាម​លោក ទីវ ជុងអៀង ប្រធាន​ផ្នែក​ភាសា​ចិន នៃមជ្ឈមណ្ឌ​ល​ភាសាចិន ម៉េងលី ជេ. គួច បញ្ជាក់​បន្ថែម។​

មជ្ឈមណ្ឌលភាសាចិន ម៉េងលី ជេ. គួច ជាបុត្រ​សម្ព័ន្ធ នៃវិទ្យាស្ថាន និង​សាលារៀន អន្តរទ្វីប អាមេរិកាំង និង​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ ដែលឈាន​មុខគេ​ទាំង​គុណភាព វិន័យ និង​សេវាកម្ម ប្រកប​ដោយ​ប្រសិទ្ធភាព និង​មាន​ស្ដង់ដារ​ជាតិ និង​អន្តរ​ជាតិ​ខ្ពស់​៕