អប់រំ Apr 25, 2018 | 13:38 PM

បុរស​អានាម័យ​វ័យ​ក្មេង, ដារា វិឆៃ ទទួល​បាន​អាហារូបករណ៍​សិក្សា​នៅ​មហា​​វិទ្យា​ល័យ​ពី​លោក គួច ម៉េងលី​

image

យុវជន ដារា វិឆៃ ទើប​តែ​ចូល​បម្រើ​ការ​ងារ នៅ​ក្នុង​ក្រុម​ហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ដែល​ជា​ក្រុម​ហ៊ុន​អប់រំ​ឯកជន​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​នៅ​រាជធានី​ភ្នំពេញ ក្នុង​តួ​នាទី​ជា​អ្នក​អនាម័យ។ ថ្វីដ្បិតតែ​មាន​កាយ​សម្បទា​មិន​សូវមាំមួន ដូច​បុគ្គលិកដ​ទៃ ប៉ុន្តែ​បុរស​អានាម័យ​វ័យ​ក្មេង​រូប​នេះ ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម និង​ស្រលាញ់​ការ​សិក្សា រហូត​ទទួល​បាន​ការអាណិត​ស្រលាញ់​ពី​លោក ឧកញ៉ា វេជ្ជ​បណ្ឌិត គួច ម៉េងលី ផ្តល់​ទាំង​ការ​ងារ​និង​អាហារូបករណ៍​សិក្សា​ថ្នាក់​​បរិញ្ញា​បត្រ​នៅ​មហា​​វិទ្យា​ល័យ រយៈ​ពេល​៤ឆ្នាំ។ សម្រាប់ វិឆៃ អាហារូបករណ៍​នេះ គឺជា​មហា​បុណ្យ​ក្នុង​មួយ​ឆាក​ជីវិត។

តើ​ខ្សែ​ជីវិត​យុវជន​រូប​នេះ មាន​អ្វី​ខុស​ប្លែក​ពី​យុវជន​ទូ​ទៅ?

ស្ថិត​ក្នុង​វ័យ​២០ឆ្នាំ ដារា វិឆៃ មាន​ដើម​កំណើត​នៅ​សង្កាត់​​ចាក់​អង្រែ​ក្រោម រាជធានី​ភ្នំពេញ ក្នុង​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​ក្រោម​មធ្យម។

ក្នុង​ដៃ​កាន់​អំបោសឱនងើបៗ អម​ដោយ​កាយវិការ​រស់​រវើក​ទៅ​មុខ ថយ​ក្រោយ និង​ទៅ​ឆ្វេង មកស្ដាំ យុវជន​រាង​ល្អិតរូប​នេះ បាន​រៀបរាប់​ពី​ដំណើរ​ជីវិត​របស់​ខ្លួន​ថា មុន​នឹង​មក​ធ្វើ​ការ​ងារ​នៅ​ក្រុម​ហ៊ុន​អប់រំ​មួយ​នេះ ជីវិត​ខ្លួន​ឆ្លង​កាត់​នូវ​ជូរចត់​យ៉ាង​ច្រើន។ បុរស​កូន​អ្នក​ទី​ក្រុង តែគ្មាន​វាសនា​ល្អ​ដូច​ឈ្មោះ​អ្នក​ក្រុង​រូប​នេះ បាន​រៀបរាប់​ថា ខ្លួន​ចាប់​កំណើត​មិន​ទាន់​បាន​មួយ​ខួប​ត្រឹម​ត្រូវ​ផង ឪពុក​និង​ម្ដាយ​បាន​ចែក​ផ្លូវ​គ្នា​ទៅ​ហើយ។ ឪពុក​មាន​គ្រួសារ​ថ្មី​ដោយ​បាន​បន្សល់ទុករូប​ខ្លួន​និង​បង​ប្រុស​ម្នាក់​​ទៀត​ឱ្យ​នៅ​ជា​មួយ​នឹង​ម្ដាយជា​អ្នក​មើល​ថែ។

ផុតពី​ឪពុក​ម្ដាយ​ចែក​ផ្លូវ​គ្នា​ដើរ​មិន​ទាន់​បាន​ប៉ុន្មាន ទារក​នេះ បាន​ជួប​រឿង​អ​កុសល​មួយ​ទៀត នោះ​គឺការ​ស្វិតចំហៀង​ខ្លួន។ ស្វិត​មួយ​ចំហៀង​ខ្លួន ក៏​ដោយ​សារតែ​ការ​ចាក់​ថ្នាំ​បង្កា​ខុស​បច្ចេកទេស​របស់​ពេទ្យ។ តាម​ពិត​ទៅ​ពេល​ខ្លះ វិឆៃ​ក៏​មាន​ការអន់​ចិត្ត​នឹង​ខ្លួន​ឯង​ដែល​កើត​មកគ្មាន​ឪពុក​ហៅ​នឹង​គេ ហើយ​មួយ​រឿង​ទៀត ដែល​ធ្វើ​ឱ្យ​វិឆៃរឹតតែ​តូច​ចិត្ត​បំផុត​នោះ​គឺកាយ​សម្បទា​អត់​រឹងមាំ​ដូចគេ​នេះ​ឯង។

ធ្លាក់​ខ្លួន​ជា​កូន​គ្មាន​ឪពុក គឺ​ជាការ​ខ្វះភាព​កក់ក្តៅ​ដ៏​ធំ​មួយ​នៅ​ក្នុង​គ្រួសារ ហើយ​ទុក្ខ​មួយ​ទៀត គឺ​ប្រឈម​នឹង​ការ​រស់​នៅ ព្រម​ទាំង​ការ​រៀន​សូត្រ។ ទុក្ខ​នេះ​រឹតតែ​ធ្ងន់ធ្ងរ ប្រសិន​បើ​ធ្លាក់​ទៅ​លើ​គ្រួសារ​ណា ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​ខ្លាំង។

ជា​កូន​ពៅ​ក្នុង​ចំណោម​បងប្អូន​ពីរ​នាក់ យុវជន​បាត់​បង់​ជម្រក​ត្រ​ជាក់​ត្រជុំ​ក្នុង​គ្រួសារ​រូប​នេះ បាន​រម្លឹក​ពី​ភាព​​លំបាក​របស់​ម្ដាយ​ក្នុង​ការផ្គង់ផ្ដង​គ្រួសារ សម្រាប់​ថ្លៃ​ផ្ទះ​ជួល និង​ការ​សិក្សា​​របស់​ខ្លួន​ថា ចាប់​​តាំង​​ពី​​គ្មាន​​ឪពុក​​មក បន្ទុក​​គ្រួសារ​​គ្រប់​​បែប​យ៉ាង​​បាន​​ធ្លាក់​​ទៅ​​លើម្ដាយ​ជា​ស្រ្ដី​មេម៉ាយ។ ក្នុង​​នាម​ជាស្រ្ដី​មេម៉ាយ បាន​​ជម្នះ​​ពុះពា​រាល់​ឧបសគ្គ និង​​បាន​​លះបង់​គ្រប់​បែប​​យ៉ាង​​​ដើម្បី​​ចិញ្ចឹម​​និង​​អប់រំ​​កូន ដោយ​​នៅ​ពេល​​ថ្ងៃ​ធ្វើ​ការ​ជាកម្ម​ការនី​​រោង​ចក្រ និង​ពេល​យប់​ធ្វើ​ការជា​អ្នក​ទទួល​ភ្ញៀវ​នៅ​ក្នុង​ភោជនីយដ្ឋាន​ដោយ​មិន​គិត​ពីការ​នឿយហត់​របស់​ខ្លួន។

យុវជន ដារា វិឆៃ និយាយ​បន្ត​ទាំង​ទឹក​មុខ​ក្រៀម​ក្រំថា «ពេល​ថ្ងៃ​ម៉ាក់​ធ្វើ​ការរោង​ចក្រ ហើយ​ឆ្លៀត​ធ្វើ​ការ​នៅ​ក្នុង​ភោជនីយដ្ឋាន​នៅ​ពេល​យប់​បន្ថែម​ទៀត ដើម្បី​ឱ្យ​ពួក​ខ្ញុំ​បាន​រៀន​ចប់​នៅ​ថ្នាក់​​វិទ្យា​ល័យ។ នៅ​ពេល​ខ្ញុំ​ឃើញ​ម៉ាក់​ធ្វើ​ច្រើន​ដោយ​មិន​គិត​ពីការ​នឿយហត់​បែប​នេះ។ ខ្ញុំ​មាន​អារម្មណ៍​អាណិត​គាត់ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ជួយ​អ្វី​គាត់​បាន​សោះ ក្រៅ​តែពីខំ​រៀន​ឱ្យ​ពូកែ។ ទី​បំផុត​ខ្ញុំ​បាន​ក្លាយជា​សិស្ស​ពូកែ​ប្រចាំ​សាលា។»

ថ្វីដ្បិតតែកំលុង​ពេល​រៀន​សូត្រ ដារា វិឆៃ ត្រូវ​រងការ​រិះគន់​ពី​សំណាក់​អ្នក​ដទៃ​យ៉ាង​ណា​ក៏​ដោយ តែ​អ្វី​ទាំង​​នេះ​ពុំ​បាន​ធ្វើ​ឱ្យ វិឆៃ បាក់​ទឹក​ចិត្ត​ក្នុង​ការ​សិក្សា​​ឡើយ។ ផ្ទុយ​ទៅ​វិញ មាន​តែ​ជំរុញ​ឱ្យ វិឆៃ ខិតខំ​រៀន​រហូត​ទទួល​បាន​អាហារូបករណ៍ តាម​រយៈការ​ប្រឡង​សំណេរ​ក្រោម​ប្រធាន «ខ្ញុំ​ជា​មនុស្ស​ល្អ ល្អ​ចំពោះ​អ្នក​ដទៃ» ទៀត​ផង។ ដោយ​សារតែ​ភាពឧស្សាហ៍​ព្យាយាម និង​រៀន​ពូកែ​ផង ទោះ​បីជាស្វិត​មួយ​ចំហៀង​ខ្លួន ក៏​វិឆៃ​ទទួល​បាន​ការរាប់អាន​ច្រើន​ពី​សំណាក់​មិត្ត​ភក្តិ​រួម​សាលា។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ គឺការ​ព្យាយាម​រៀន​សូត្រ​ទាំង​ខ្លួន​គ្មាន​សម្ភារៈ​សិក្សា​គ្រាប់​គ្រាន់ ខណៈ​កូន​អ្នក​មាន​ភាគ​ច្រើន​ចង់​បាន​អ្វី​តាម​តែ​ចិត្ត។

ចំពោះ​ជីវភាព​ក្នុង​ការ​សិក្សា យុវជន​រូប​នេះ​និយាយ​ទៀត​ថា «ទោះ​ខ្ញុំ​មាន​លុយ​ក៏​មិន​ហ៊ាន​ចំណាយ​ដែរ ហើយ​​ណាមួយ​ពី​ផ្ទះ​ទៅ​សាលា​ក៏​ឆ្ងាយ​ទៀត។ ខ្ញុំ​គ្មាន​មធ្យម​បាយ​ធ្វើ​ដំណើរ​អ្វី​ក្រៅ​ពី​ដើរ​ឡើយ គឺ​ដើរ​ពី​ចាក់​អង្រែ​ក្រោម​ទៅ​សាលា​រៀន​នៅ​ផ្សារ​ដើថ្កូវ ខណៈ​ដែល​កាយ​សម្បទា​ខ្ញុំ​ទន់ជ្រាយ​ផង​នោះ។ ដូច្នេះ​​ខ្ញុំ​មាន​តែ​ជំរុញ​លើក​ទឹក​ចិត្ត និង​ការ​ប្រើ​ខួរ​ក្បាល​តែ​ប៉ុណ្ណោះ​ទេ ដែល​អាច​ជួយ​ជីវិត​បាន។»

បន្ទាប់ពី​បញ្ចប់​ថ្នាក់​​វិទ្យា​ល័យ ដោយ​សារតែ​កាយ​សម្បទា​មិន​គ្រប់​គ្រាន់​នេះ​ហើយ គឺជា​បញ្ហា​ចម្បង​មួយ​ដែល​នាំ​ឱ្យ​វិឆៃរកការ​ងារ​ធ្វើ​មិន​បាន។ ក្រោយ​ចប់បាក់ឌុប វិឆៃខំ​ប្រឹង​ស្វះ​ស្វែង​រក​ការ​ងារ​នៅ​តាម​បណ្ដា​ក្រុម​ហ៊ុន​ជា​ច្រើន​ដែរ តែ​ក្រុម​ហ៊ុន​ទាំង​នោះ​ពុំ​បាន​ទទួល​យកមក​ធ្វើ​ការ​ឡើយ។ ម្យ៉ាង​ដោយ​សារតែ​កម្រិត​សិក្សា​​ត្រឹម​ថ្នាក់​មធ្យម​សិក្សា​ទុតិយ​ភូមិ គឺ​ពិត​ជា​ពិបាក​នឹង​រកការ​ធ្វើ​ណាស់​ទៅ​ហើយ ចុះ​ទម្រាំគ្មាន​កាយ​សម្បទា​រឹកមាំ​ទៀត គឺរឹតតែ​ពិបាក​សម្រាប់​វិឆៃ។

ទី​បំផុត​ទៅ វិឆៃ បាន​ចូល​បម្រើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន​ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុង​តួទាទីជា​អ្នក​សម្អាត។ ពិត​មែន​តែ វិឆៃ ធ្វើ​ការ​នៅ​ទី​នេះ​ជា​អ្នក​ស្អាត តែ​អ្វី​ដែល​គួរ​ឱ្យ​រីក​រាយ​នោះ គឺវិឆៃ​ទទួល​បាន​អាហារូបករណ៍ពី​លោក​ឧកញ៉ា វេជ្ជ​បណ្ឌិត គួច ម៉េងលី ដែល​ជាម្ចាស់​​ក្រុម​ហ៊ុន ដើម្បី​សិក្សា​ថ្នាក់​បរិបញ្ញាបត្រ​នៅ​មហា​​វិទ្យា​ល័យ​ផង​ដែរ។

ទាក់​ទង​នឹង​អាហារូករណ៍​នេះ វិឆៃ បាន​លើក​ឡើង​ដោយ​ភាព​រីក​រាយថា «ការផ្ដល់​​អាហារូបករណ៍​​នេះ ពិត​​ជា​​មិន​​គួរ​ឱ្យ​ជឿ ដែល​​នៅ​​សុខៗ​ម្ចាស់​​ក្រុម​ហ៊ុន​​បាន​​ផ្ដល់​​អាហារូបរកណ៍ ​ដើម្បី​​សិក្សា​​នៅ​​ថ្នាក់​​ឧត្តម​​សិក្សា។ ទោះ​​បី​​ជា​ការ​ងារ​​នៅ​​ទី​​នេះ​​ជា​​អ្នក​​សម្អាត ហើយ​​ទទួល​​ការ​រិះពី​​អ្នក​ដទៃ​​ក៏​​ដោយ តែ​វា​​គឺ​ជា​​ឱកាស​​ដ៏​​កម្រ​​មួយ​​សម្រាប់​​ខ្ញុំ ព្រោះ​​លោក​ឧកញ៉ា​​បាន​​ផ្ដល់​​ឱកាស​​ឱ្យ​​ខ្ញុំ​​បាន​​កសាង​​ជីវិត​​ថ្មី ដូចជា​​ផ្ដល់​​ពន្លឺ​អនាគត​​ដ៏​​ល្អ​​ឱ្យ​​ខ្ញុំ​​ជា​មួយ​​នឹង​​អាហារូបករណ៍​​របស់​​គាត់។ បើ​​ចំណេះដឹង​​អត់​​ខ្លាំង មាន​​ដៃ​​ជើង​​អ៊ីចឹង ហើយ​​អត់​​ទទួល​​យក​ឱកាស​​នេះ បើ​​គិត​​ពី​​អនាគត គឺ​អត់​​ទៅ​​មុខ​​ទេ។ ប្រសិន​​ខ្ញុំ​​មិន​​បាន​​រៀន ដូចជា​​ខ្ញុំ​បាន​​បោះ​បង់​​ឱកាស​​មួយ​​អ៊ីចឹង​​ដែរ។»

បន្ថែម​លើ​នេះ វិឆៃ លើក​ឡើង​ថា ចាប់​តាំង​ពី​ចូល​បម្រើ​ការ​នៅ​ក្រុម​ហ៊ុម​អប់រំ​ដែល​ក្នុង​មួយ​ឆ្នាំ​បាន​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​កម្ពុជា​បាន​ជា​ច្រើន​ម៉ឺន​នាក់​នេះ វិឆៃ​មាន​ផ្លាស់​ប្ដូរ​ច្រើន​ទាក់​ទង​ទៅ​នឹង​ការ​ងារ ទាក់​ទង​ទៅ​នឹង​សង្គម ហើយ​រឹតតែ​ស្គាល់​ពី​ខ្លួន​ឯង​ច្បាស់​ជាង​មុខ។ ក្នុង​ដំណាក់កាល វិឆៃ​បាន​កសាង​ជីវិត​ថ្មី ដោយ​ធ្វើ​ការបណ្ដើរ និង​រៀន​បណ្ដើរ​នៅ​ថ្ងៃ​សៅរ៍-​អាទិត្យ៕