Stand with Cambodia — Together for Our Future
ដំណឹងថ្មីៗគ្រឹះស្ថានអប់រំ Jul 18, 2019 | 16:29 PM

បណ្ណាល័យ​ ម៉េ​ងលី​ ជេ. គួច​ ផ្ដល់​បណ្ណ​សរសើរ​ លើកទឹកចិត្ត​ដល់​អ្នកអាន​សៀវភៅ​

បណ្ណាល័យ​ ម៉េ​ងលី​ ជេ. គួច​ ផ្ដល់​បណ្ណ​សរសើរ​ លើកទឹកចិត្ត​ដល់​អ្នកអាន​សៀវភៅ​

បណ្ណារក្ស​ បណ្ណាល័យ​ ម៉េ​ងលី​ ជេ​. គួច​ កញ្ញា​ ណាត​ លី​នដា​ បាន​លើកឡើង​ថា​ ការ​ផ្ដល់​ជូន​នេះ​ ដើម​លើកកម្ពស់​លើ​វិស័យ​អំណាន​ និង​ដើម្បី​លើកទឹកចិត្ត​សិស្ស​ឱ្យ​បន្ត​ទម្លាប់​នៃ​ការ​អាន​សៀវភៅ​បន្ថែម​ទៀត​ ព្រមទាំង​ជួយ​ជំរុញ​សិស្ស​ដទៃ​ឱ្យ​ងាក​មក​ស្រឡាញ់​ការ​អាន​។

កញ្ញា​ បន្ត​ថា​ ការ​ប្រគល់​បណ្ណ​សរសើរ​ដល់​សិស្ស​នេះ​ ធ្វើឡើង​រៀងរាល់​មួយ​ឆមាស​ម្ដង​ ក្នុង​គោលបំណង​ជំរុញ​ នឹង​លើកទឹកចិត្ត​ចំពោះ​សិស្សានុសិស្ស​ ដែល​បាន​ឆ្លៀតយក​ពេល​ក្រៅ​ម៉ោង​សិក្សា​ មក​អាន​សៀវភៅ​ នៅក្នុង​បណ្ណាល័យ​។

ចំណែក​សិស្ស​ ដែល​ខ្ចី​សៀវភៅ​ពី​បណ្ណាល័យ​ យក​ទៅ​អាន​ នៅផ្ទះ​បាន​ច្រើន​ ហើយ​ប្រគល់​មកវិញ​ទាន់ពេល​វេលា​កំណត់​ ព្រមទាំង​ថែរក្សា​សៀវភៅ​បាន​ល្អ​ គោរព​នូវ​វិន័យ​បណ្ណាល័យ​បាន​ត្រឹមត្រូវ​ មាន​សណ្ដាប់​ធ្លាប់​ក្នុង​ការ​អាន​សៀវភៅ​ ជួយការ​ងារ​ផ្សេង​ៗ និង​ចូលរួម​គ្រប់​សកម្មភាព​របស់​បណ្ណាល័យ​ ក៏​ទទួល​បាន​លើកទឹកចិត្ត​ពី​បណ្ណាល័យ​ផង​ដែរ​។

កញ្ញា​ ណាត​ លី​នដា​ ថា​ ការ​ផ្តល់​បណ្ណ​សរសើរ​ មិនមែន​ត្រឹមតែ​ជា​ការ​លើកទឹកចិត្ត​ចំពោះ​អ្នក​ដែល​ស្រឡាញ់​ការ​អាន​សៀវភៅ​ក្នុង​បណ្ណាល័យ​ប៉ុណ្ណោះទេ​ តែ​វា​ក៏​ជា​ចំណែក​មួយ​ នៃ​ការ​ទទួលស្គាល់​ពី​សមិទ្ធផល​ សិក្សា​របស់​សិស្ស​ និង​បណ្ដុះ​នូវ​ទម្លាប់​ឱ្យ​ពួកគេ​ចេះ​ចំណាយពេល​ទំនេរ​ អាន​សៀវភៅ​ ឱ្យ​បាន​ច្រើន​ ដើម្បី​ជា​ប្រយោជន៍​ដល់​ការសិក្សា​របស់​ពួកគេ​។

ទោះជាយ៉ាងណា​ កញ្ញា​ ក៏បាន​សម្ដែង​អារម្មណ៍​រីករាយ​ ដែល​សិស្សានុសិស្ស​មាន​មូលដ្ឋាន​ និង​ស្មារតី​ចេះ​ស្រឡាញ់​លើ​វិស័យ​អំណាន​។ នេះ​គឺជា​ផ្នែក​មួយ​ក្នុង​ការ​លើកកម្ពស់​វិស័យ​អំណាន​ នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

ទាក់ទង​នឹង​ការ​ប្រគល់​បណ្ណ​សរសើរ​នេះ​ដែរ​ អ្នកស្រី​ ស៊ូ​ សុជាតា​ ប្រធាន​បណ្ណារក្ស​ ​បណ្ណាល័យ​ ម៉េ​ងលី​ ជេ​. គួច​ បាន​បញ្ជាក់​ថា​ ទាំង​ការខ្ចី​សៀវភៅ​យក​ទៅ​អាន​ រួម​ទាំង​បញ្ចេញ​សកម្មភាព​ ក្នុង​កម្មវិធី​នានា​ គឺ​មាន​ចេតនា​ចង់​បណ្ដុះ​ចំណេះ​នូវ​ដឹង​ដល់​អ្នកអាន​ ឱ្យ​ចេះ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ បណ្តុះ​ទម្លាប់​អាន​ឱ្យ​បាន​ច្រើន​ និង​ស្រាវជ្រាវ​ក្នុង​បណ្ណាល័យ​ឱ្យ​បាន​ញឹកញាប់​។

សូមជម្រាប​ជូន​ថា​ បណ្ណាល័យ​ ម៉េ​ងលី​ ជេ.គួច​ នៃ​មជ្ឈមណ្ឌល​ភាសា​អេ​ អាយ​ អាយ​ និង​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺ​បង្កើត​ឡើង​ដើម្បី​ ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ លើ​ការ​បណ្តុះ​ទម្លាប់​អាន​ទៅដល់​សាធារណជន​ ព្រមទាំង​ធ្វើការ​ជំរុញ​ និង​លើកស្ទួយ​វិស័យ​អំណាន​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទទាក់ទង