យុវជន-ចំណេះជំនាញ Mar 12, 2019 | 11:30 AM

បណ្ណាល័យ​ម៉េងលី ជេ. គួច រៀប​ចំ​អំណាន​សិស្ស​ក្នុង​ន័យ​អបអរ​ទិវា​អំណាន​ជាតិ

image

ដើម្បី​ចូល​រួម​អបអរ​ទិវា​ជាតិ​អំណាន​ លើក​ទី​៤ ក្រោម​ប្រធាន​បទ «ការ​អាន​បណ្តុះ​វប្បធម៌ ការ​សិក្សា​ពេញ​មួយ​ជីវិត» នា​ថ្ងៃ​ទី​១១ មីនា បណ្ណាល័យ ម៉េងលី ជេ. គួច បាន​រៀប​ចំ​កម្មវិធី​អំណាន សម្រាប់​សិស្ស​មជ្ឈមណ្ឌល​ភាសា Aii និង​សាលា AIS ចូល​រួម​អាន​សៀវភៅ​ដើម្បី​ចំណេះដឹង និង​ដើម្បី​អបអរ​ទិវា​ជាតិ​អំណាន។

ឋិត​ក្នុង​បរិយាកាស​ដ៏​សែន​រីករាយ​នៃ​ការ​អាន​​សៀវភៅ​ នៅ​ក្នុង​បណ្ណាល័យ ក្រៅ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​អាន​សៀវភៅ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត ការ​រៀន​បត់​ផ្ដា​ និង​មាន​ការ​ចាប់​រង្វាន់​ដើម្ប​ទទួល​បាន​សៀវភៅ ក៏​មាន​ធ្វើ​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ។

យុវតី ហេង យុវិត្តី ជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្សានុសិស្ស​ជា​ច្រើន​ ដែល​បាន​ចូល​រួម​អាន​សៀវភៅ​ នៅ​ក្នុង​បណ្ណាល័យ​នេះ បាន​បង្ហាញ​ពី​អារម្មណ៍​ថា ការ​មក​អាន​សៀវភៅ​ជា​មួយ​មិត្ត​ភក្តិ​ទទួល​បាន​ចំណេះដឹង​ជា​ច្រើន ព្រោះ​ការ​មក​សិក្សា​រៀន​សូត្រ​ពី​ការ​អាន​សៀវភៅ​នេះ មិន​ស្មុគ​ស្មាញ និង​មាន​អារម្មណ៍​ល្អ។

សម្រាប់​យុវតី​ម្នាក់នេះ សៀវភៅ​ដែល​រូប​គេ​និយម​អាន ភាគច្រើន​ជា​បែប​ប្រលោម​លោក និង​សៀវភៅ​ទាក់ទង​នឹង​សេដ្ឋកិច្ច។ យុវតី ហេង យុវិត្តី អះអាង​ថា នៅ​ពេល​​អាន​សៀវភៅម្ដង​ៗ ​​តែង​តែ​​​គំនិត​ថ្មីផុសឡើង ចេះ​គិត​បាន​ច្រើន​ជាង​មុន ស្គាល់​នូវ​ពាក្យ​ថ្មីៗ​ច្រើន​ និង​មួយ​ចំណែក​ទៀត​ ជា​ជំនួយ​ជួយ​ដល់​ការ​សរសេរ​តែង​សេចក្តី​របស់​គេ​ទៀត​ផង។

ស្រដៀង​គ្នា​នេះ យុវសិស្ស តាន់ ហុកធាន បាន​ឱ្យ​ដឹង​ថា សកម្មភាព​នៃ​ការ​អាន​សៀវភៅ​បាន​ធ្វើ​បាន​ធ្វើ​ឱ្យ​មាន​អារម្មណ៍​រីករាយ និង​កាន់​តែ​ពិសេស​ជាង​នេះ​នោះ​ គឺ​ការ​ទទួល​បាន​សារ​ប្រយោជន៍​ពី​ការ​អាន​សៀវភៅ។

ដៃ​កំពុង​កាន់​សៀវភៅ​១០៨ ចក្ខុវិស័យ របស់​លោក​ឧកញ៉ា គួច ម៉េងលី យុវសិស្ស​ ហុកធាន បានលើក​ឡើង​ថា ការ​ចូល​រួម​អបអរ​ទិវា​អំណាន​ជាតិ​ តាម​រយៈ​ការ​អាន​សៀវភៅ មិន​មែន​មាន​តែ​នៅ​ក្នុង​ទិវា​ជាតិ​អំណាន​ទេ គឺ​អាន​គ្រប់​ពេល​វេលា ដើម្បី​ចំណេះ​ដឹង។ បុព្វ​ហេតុ​ដែល​យុវ​សិស្ស​ម្នាក់​ជ្រើស​រើស​យក​សៀវភៅ​១០៨​ ចក្ខុវិស័យ ឧកញ៉ា គួច ម៉េងលី មក​អាន ក៏​ព្រោះ​ខ្លួន​គេ​មាន​ទំនោរ​ទៅ​រក​អ្នក​សេដ្ឋកិច្ច និង​ចង់​ធ្វើ​ជា​អ្នក​ជំនួញ​នៅ​ថ្ងៃ​អនាគត។

ហុកធាន គឺ​ជា​យុវ​សិស្ស​មួយ​រូប​ដែល​គាំទ្រ​ស្នាដៃ​អ្នក​និពន្ធ​ខ្មែរ និង​បាន​ជាវ​នូវ​សៀវភៅ​ជា​ច្រើន​ទាក់​ទិន​នឹង​ចំណង់​ចំណូល​ចិត្ត​របស់​គេ។ យុវ​សិស្ស​រូប​នេះ​ថា​ ការ​បង្កើត​នូវ​ទិវា​អំណាន​ជាតិ​នេះ​ឡើង គឺ​ពិត​ជា​បាន​ផ្តល់​នូវ​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​សិស្ស និស្សិត យុវជន រួម​ទាំង​កុមារ​ឱ្យ​មាន​ទម្លាប់​ក្នុង​ការ​អាន​សៀវភៅ។

ទាក់​ទង​នឹង​ការ​អាន​សៀវភៅ​នេះ​ដែរ កញ្ញា ធុច សំអុល បណ្ណារក្ស​ បណ្ណាល័យ ម៉េងលី ជេ. គួច បាន​សូម​ណូមពរ​សិស្សានុសិស្ស​ទាំង​អស់​ឱ្យ​ខិត​ខំ​ពង្រឹង​នូវ​ស្មារតី​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់​ដោយ​ព្យាយាម កុំ​ពុះ​កញ្ជ្រោល​តែ​មួយ​ភ្លែតៗ​តាម​គ្នា។ កាល​ណា​មាន​ទម្លាប់​ហើយ ទោះ​នៅ​កន្លែង​ណា ក៏​មិន​អាច​អត់​សៀវភៅ។

កញ្ញា​បញ្ជាក់​ថា ការ​អាន​សៀវភៅ​បាន​ច្រើន​នាំ​ឱ្យ​មាន​ចំណេះដឹង​ទូលំ​ទូលាយ ដើម្បី​ជា​ស្ពាន​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​ក្នុង​ការ​សិក្សា​សម្រាប់​ខ្លួនឯង គ្រួសារ និង​សង្គម​ជាតិ៕