បើតាមអជ្ញាធរជាតិព្រះវិហារ នឹងបន្តអនុវត្តគម្រោងដំណាក់កាលទី៤ រយៈពេលពីរឆ្នាំ (២០២២ ដល់២០២៤) ដើម្បីជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ពីថ្នាក់ទី១១ ដល់១៤ ក្រោមជំនួយថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីអភិរក្សសម្បត្តិវប្បធម៌។
គួរបញ្ជាក់ថា ដំណាក់កាលទី១ (ឆ្នាំ២០១៨-២០១៩) អាជ្ញាធរជាតិព្រះវិហារ បានសិក្សានិងវិភាគហានិភ័យផ្នែកស្ថាបត្យកម្មនៃជណ្តើរបុរាណខាងជើងទាំងមូល ធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យា សិក្សានិងរៀបចំប្រព័ន្ធបង្ហូរទឹកបុរាណ សាកល្បង ជួសជុលនិង អភិរក្សជណ្តើរថ្នាក់ទី៥ និងចម្លាក់តោចំនួនមួយ។ ចំណែកឯ ដំណាក់កាល ទី២ (ឆ្នាំ២០២០-២០២១) បានអភិរក្សនិងជួសជុលជណ្តើរបុរាណខាងជើង ពីថ្នាក់ទី២ ដល់ទី៤ អភិរក្សនិងជួសជុលស្ពានហាលខាងលិចប្រវែង ៩ ម អភិរក្សនិងជួសជុលចម្លាក់ តោចំនួន ១ និងគុជសីហ៍ចំនួនមួយ៕