រៀនគួរបន្ថែម មិនមែនសុទ្ធតែរៀនចេះទេ តែសំខាន់ត្រូវយកទៅអនុវត្តនៅផ្ទះជាប្រចាំ។ បើត្រឹមតែទៅរៀនគួរ តែមិនយកទៅអនុវត្ត ឬធ្វើលំហាត់ឡើងវិញទេ នោះលទ្ធផលចុងក្រោយនៃការរៀនគួរនេះនឹងគ្មានប្រយោជន៍។ បើគ្មានប្រយោជន៍ នោះនឹងខាតបង់ទាំងប្រាក់ និងពេលវេលាហើយ ថែមទាំងលទ្ធផលនៃការប្រឡងពុំសូវបានល្អថែមទៀត។ តើរៀនគួរដើម្បី? នេះជាកាចោទសួរ និងលើកឡើងដោយយុវសិស្ស នូវ ប៊ុណ្ណារក្សសត្យា ជាសិស្សពូកែ និងសិស្សឆ្នើមប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង។
សិស្សថ្នាក់ទី១២រូបនេះបន្តថា ការទៅរៀនគួរបន្ថែមនេះ គឺគ្រាន់តែទៅរៀនធម្មតាៗដូចនឹងយើងរៀននៅក្នុងថ្នាក់ដែរ គឺគ្រាន់តែទៅជួបគ្រូច្រើន និងមិត្តភក្ដិចម្រុះតែប៉ុណ្ណោះ។ ម្យ៉ាងទៀត ការទៅរៀនគួរនេះ ក៏មិនមែនគ្រូមានស្ដង់ដារខ្ពស់មកពីព្រះឥន្ទ្រណាទេ គឺគ្រូដូចនឹងគ្រូបង្រៀននៅក្នុងថ្នាក់អ៊ីចឹងដែរ។
សិស្សវ័យ១៨ឆ្នាំរូបនេះបន្ថែមថា មិនថារៀននៅក្នុងថ្នាក់ ឬទៅរៀនគួរបន្ថែមនៅទីណាទេ តែអ្វីដែលសំខាន់បំផុត គឺត្រូវចេះស្វ័យសិក្សា ស្រាវជ្រាវ និងអនុវត្តលំហាត់ណាពិបាកៗ ដោយខ្លួនឯងជាប្រចាំ ចុងក្រោយលទ្ធផលនឹងប្រសើរជាមិនខាន។
ប៊ុណ្ណារក្សសត្យា បញ្ជាក់ថា អ្នកដែលមិនបានរៀនគួរបន្ថែម ក៏មិនប្រាកដថា រៀនចាញ់អ្នកបានរៀនគួរបន្ថែមដែរ ព្រោះនៅក្នុងថ្នាក់មានលោកគ្រូ អ្នកគ្រូ និងមិត្តភក្ដិ ដែលអាចសាកសួរ និងពន្យល់ណែនាំយើងបាន។ ប៉ុន្តែអ្នកដែលបានរៀនគួរ គឺមានឱកាសជួបគ្រូច្រើន និងបានធ្វើលំហាត់ពិបាកៗបានច្រើន។
សព្វថ្ងៃនេះ នូវ ប៊ុណ្ណារក្សសត្យា ជាសិស្សពូកែគ្រប់មុខវិជ្ជា និងជាសិស្សឆ្នើម ប្រចាំសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាកណ្ដាល។ ពោលតាំងពីដើមឆ្នាំសិក្សា២០១៧-២០១៨ រហូតបច្ចុប្បន្ននេះ ប៊ុណ្ណារក្សសត្យា តែងទទួលបាននិទ្ទេស A ឬលេខ១ មិនដែលរំលងមួយខែម្ដងណាឡើយ។
គួររម្លឹកថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ កន្លងទៅយុវសិស្ស នូវ ប៊ុណ្ណារក្សសត្យា ជាប់ជ័យលាភីជើងឯកលេខ២ តែងអត្ថបទភាសាខ្មែរ ពានរង្វាន់ ម៉េងលី ជេ. គួច។ ក្នុងឆ្នាំដដែលនេះ ប៊ុណ្ណារក្សសត្យា បានប្រឡងកំណាព្យស្ដីពី “ការបំពានសិទ្ធិកុមារនៅមន្ទីរសន្តិសុខ២១ នាសម័យកម្ពុជាប្រជាធិបតេយ្យ” ដែលរៀបចំដោយសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ជាប់លេខ៤ នៅទូទាំងប្រទេស និងជ័យលាភីផ្សេងៗជាច្រើនទៀត៕