ប្រភពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងចំណោមនិស្សិត២៥០នាក់ ក្នុងនោះមាន RUA ចំនួន (២១២នាក់/នារី៣៤នាក់) វិទ្យាស្ថានជាតិកសិកម្មកំពង់ចាម១៣នាក់ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ១៣នាក់ សាកលវិទ្យាល័យស្វាយរៀង៦នាក់ និងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបាត់ដំបង៦នាក់។ ដោយឡែក វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបមានចំនួន៨៥នាក់/នារី ៤៣នាក់ ដែលបានចូលរួមក្នុងកម្មវិធី ដ៏មានសារៈសំខាន់នេះ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ RUA និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយ:ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយក្រុមហ៊ុន Agrostudie និងក្រុមហ៊ុន Sedol Negev Agriculture Training Center និងបានផ្តល់ឱកាសឱ្យនិស្សិតឆ្នាំទី៣ បានទៅចូលរួមធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែល ដើម្បីដកស្រង់ ផ្លាស់ប្តូរបទពិសោធទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។
លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ការទទួលបានឱកាសល្អសម្រាប់អភិវឌ្ឍសមត្ថភាពខ្លួនតាមរយៈការសិក្សាទ្រឹស្តី និងហាត់ការផ្ទាល់នៅក្នុងមន្ទីរពិសោធ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ និងពូជដំណាំ ថ្នាលពិសោធ និងកសិដ្ឋានទំនើបៗដែលពាក់ព័ន្ធនឹងវិស័យផលិតកម្មកែច្នៃ បង្កាត់ពូជ វារីវប្បកម្ម ផលិតកម្មសត្វនិងទឹកដោះ និងសាកវប្បកម្ម ត្រូវខិតខំរៀនសូត្រទាំងទ្រឹស្តី និងប្រតិបត្តិ ចែករំលែកបទពិសោធប្រកាន់ខ្ជាប់នូវក្បួនច្បាប់ វិន័យ សីលធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ត្រូវមានអំណត់ អត់ធន់ដើម្បីអភិវឌ្ឍ និងកសាងខ្លួនឯងឱ្យក្លាយជានិស្សិតឆ្នើម និងមានតម្លៃ រួចបំពេញប្រយោជន៍ឱ្យខ្លួនឯង ជាពិសេសសង្គមជាតិក្រោយពីត្រឡប់មកមាតុភូមិវិញ។
តាមរបាយការណ៍របស់លោក ង៉ោ ប៉ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្មបានឱ្យដឹងថា កម្មវិធីហាត់ការនៅប្រទេសអ៊ីស្រាអែល RUA បានធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន Agrostudies លើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកកសិកម្មតាំងពីឆ្នាំ២០០៨ មកក្នុងគោលបំណងលើកកម្ពស់ការអប់រំទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ដល់និស្សិតសម្រាប់រយៈពេល១១ខែ ហើយកិច្ចសហប្រតិបត្តិការនេះមានអាយុ១៥ឆ្នាំ មាននិស្សិតចំនួន១ ៧១៩នាក់ ដែលក្នុងនោះ និស្សិតជំនាន់ទី ១៥ (២០២២-២០២៣) ចំនួន២៥០នាក់។
វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបានបញ្ជូននិស្សិតទៅធ្វើកម្មសិក្សានៅប្រទេសអ៊ីស្រាអែលគិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ មាននិស្សិតសរុបចំនួន៣៧៨នាក់ (ស្រី១៥៥នាក់)។ ឆ្នាំសិក្សា ២០២២- ២០២៣ មាននិស្សិត៨៥នាក់ (នារី៤៣នាក់) គ្រោងចេញដំណើរនៅថ្ងៃទី៥ ខែតុលា។ ជាសរុបរួម ក្រោមក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មាននិស្សិតចំនួន២០៩៧នាក់ បានចូលរួមកម្មវិធីហាត់ការនៅប្រទេសអ៊ីស្រាអែល។
ក្នុងរយៈពេល១១ខែនិស្សិតត្រូវធ្វើការសិក្សានៅក្នុងថ្នាក់មានទ្រឹស្តី និងការងារស្រាវជ្រាវ ព្រមទាំងការអនុវត្តផ្ទាល់នៅក្នុងកសិដ្ឋាន។ ចំពោះមុខវិជ្ជាដែលត្រូវការសិក្សារួមមាន ១. ស្តង់ដារកសិកម្មអន្តរជាតិ ២. សេដ្ឋកិច្ចកសិកម្ម ៣. ការការពារដំណាំ ៤. គម្រោងស្រាវជ្រាវ ៥. អភិរក្សធនធានដី ៦. មូលដ្ឋានគ្រឹះនៃប្រព័ន្ធស្រោចស្រពបែបទំនើប ៧. បច្ចេកទេសក្រោយពេលប្រមូលផលបន្លែនិងផ្លែឈើ ៨. ការធ្វើកសិកម្មឈើហូបផ្លែ និង ៩. និរន្តរភាពកសិកម្ម។ ចំណែកឯជំនាញដែលបានអនុវត្តនៅកសិដ្ឋានរួមមាន ១. ការចិញ្ចឹមមាន់ ២. សាកវប្បកម្ម ៣. ការប្រមូលផលនិងការវេចខ្ចប់ ៤. ដំណាំផ្កា ៥. ការបណ្តុះផ្សិត៕