នាយកកីឡាអន្តរទ្វីប លោក សែម ពេជ្រ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នេះ បានបើកកិច្ចប្រជុំមួយស្ដីពី បទបញ្ជាប្រកួតកីឡាបាល់ទាត់បុគ្គលិក ជ្រើសរើសជើងឯកពានរង្វាន់ ម៉េងលី ជេ. គួច ប្រចាំឆ្នាំ២០១៨ ដល់ប្រធានក្រុម និងតំណាងក្រុមកីឡាបាល់ទាត់ ប្រចាំក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅបន្ទប់ប្រជុំសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។
នាយកកីឡាអន្តរទ្វីប បានលើកឡើងនាឱកាសនេះថា រដូវកាលថ្មីប្រកួតបាល់ទាត់ពានរង្វាន់ ម៉េងលី ជេ. គួច នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៩ ខែកញ្ញា ខាងមុខ ដែលមានកីឡាករ១០ក្រុម ចូលរួមប្រកួត។ ដោយក្រុមនីមួយៗមានសមាជិកមិនលើសពី១៨នាក់។
លោកស្រី សាឯម កម្រង នាយិកាចាងហ្វាង សាលារៀន អន្តរទ្វីប អាមេរិកាំង លើកឡើងនាឱកាសនេះដែរថា រាល់ការប្រកួត កីឡាករមួយចំនួន តែងមានបញ្ហាផ្សេងៗជានិច្ច ទោះតិចក្ដី ឬច្រើនក្ដី។
លោកស្រីបន្តថា បើមានបញ្ហាផ្សេងៗកើតឡើងដោយប្រការណាមួយ ត្រូវចេះយោគយល់ និងអធ្យាស្រ័យគ្នាក្នុងពេលប្រកួត។ ព្រោះថា រាល់ការប្រកួត កីឡាករ តែងចេញនូវចរិតពិតរបស់ខ្លួន ដែលបង្កឱ្យទៅជាទាស់ទែង ឬមានជម្លោះគ្នាជាដើម។ ដូច្នេះ ត្រូវចៀសវាងរាល់បញ្ហាទាំងនេះ។
លោក សែម ពេជ្រ បញ្ជាក់ថា ការប្រកួតនេះ គឺជាលក្ខណៈមិត្តភាពមួយ ដែលបង្កើតនូវបរិយាកាសរីករាយ បង្កើតមិត្តភាព សាមគ្គីភាព ឈ្លាសវៃ មានការប្រុងប្រយ័ត្ន មានទំនួលខុសត្រូវ បច្ចេកទេសថ្មី និងភាពច្នៃប្រឌិតក្នុងការប្រកួត។
ការប្រជុំនេះ ក៏បានលើកឡើងពីបទបញ្ជាសំខាន់ៗ១៥ប្រការ ដើម្បីឱ្យក្រុមកីឡាករទាំងអស់បានដឹង និងត្រៀមខ្លួន មុននឹងចូលរួមប្រកួតនាថ្ងៃខាងមុខផងដែរ។
គួររម្លឹកថា នេះជាលើកទី១១ហើយ ដែលក្រុមហ៊ុន ម៉េងលី ជេ. គួច ប្រារព្ធកម្មវិធីប្រកួតកីឡាក្របខណ្ឌបុគ្គលិកនេះឡើង ហើយការបង្កើតឱ្យមានកម្មវិធីបែបនេះ គឺដើម្បីឱ្យបុគ្គលិកទទួលបានសុខភាព មិត្តភាព សាមគ្គីភាព កាត់បន្ថយភាពតានតឹងក្នុងការងារ និងក៏ដើម្បីជួយជំរុញឱ្យវិស័យកីឡារបស់ជាតិ កាន់តែមានការផុសផុលឡើងដែរ៕