ធនាគារជាតិ នៃកម្ពុជា នាពេលថ្មីៗនេះ បានធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាល របស់ប្រទេសនិយាយភាសាបារាំង លើកទី២៨។ ហើយព្រឹត្តិការណ៍មួយនេះ គឺជាលើកទី៣ហើយ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទនេះ ដោយលើកទី១ កម្ពុជាជាម្ចាស់ផ្ទះ នៅឆ្នាំ១៩៩៦ និងលើកទី២ នៅឆ្នាំ២០១១។
គួរបញ្ជាក់ថា សន្និសីទនេះ រៀបចំឡើងពីថ្ងៃទី២៨ ដល់៣១ ខែឧសភា ក្រោមប្រធានបទ “ស្វ័យភាពធនាគារកណ្តាលចំពោះមុខការរំពឹងទុករបស់រដ្ឋ និងសាធារណជន”។ ព្រឹត្តិការណ៍ រយៈពេល៤ថ្ងៃនេះ បានអញ្ជើញទេសាភិបាល និងតំណាងធនាគារកណ្ដាល របស់ប្រទេស២៦ មកពីទ្វីបអាហ្វ្រិក អាមេរិក អាស៊ី អឺរ៉ុប មជ្ឈឹមបូព៌ា និងប៉ាសុីហ្វិក។
ជាមួយគ្នានេះ សន្និសីទនេះ បានដាក់ជាសំណួរ សម្រាប់គណៈប្រតិភូពិភាក្សាថា តើធនាគារកណ្ដាល គួរតែមានឯករាជ្យភាពប៉ុណ្ណា ពីរដ្ឋាភិបាល ហើយតើធនាគារ អាចធ្វើខ្លួនជាស្ថាប័នគួរឱ្យទុកចិត្ត ដល់រដ្ឋាភិបាល និងប្រជាជន របស់រដ្ឋ ជាទូទៅ យ៉ាងដូចម្ដេច នៅក្នុងកាលៈទេសៈ នៃស្ថានភាព មិនប្រាកដប្រជា របស់សេដ្ឋកិច្ចសាកល ដូច្នេះ។
ទេសាភិបាល ធនាគារជាតិ កម្ពុជា លោកជំទាវជា សិរី បានចែករំលែកអំពីសំណួរមួយទៀត សម្រាប់តំណាងធនាគារកណ្ដាលទាំងអស់ថា ខណៈដែលបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ធ្វើឱ្យប្រជាជនកាន់តែច្រើនទទួលបាន សេវាកម្មហរិញ្ញវត្ថុ ដែលផ្ដល់ដោយធនាគារជាតិ តើធនាគារកណ្ដាល គួរធ្វើយ៉ាងដូចម្ដេច ដើម្បីឱ្យនវានុវត្តន៍នេះ បម្រើប្រជាជន ជាជាងបង្កើតចំណុចខ្សោយ ដែលមានផលមិនល្អ ដល់សេដ្ឋកិច្ច និងសង្គមទាំងមូល។
ក្រឡេកមកមើលទេសាភិបាល ធនាគារកណ្ដាល អឺរ៉ុបវិញម្ដង លោកជំទាវChristine Lagarde សាទរចំពោះកិច្ចសហការ និងព្រមានអំពីជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋ មកលើធនាគារកណ្ដាល ដែលស្ថាប័នធនាគារជាតិ ទាំងឡាយគួរតែប្រើ ដោយប្រុងប្រយ័ត្ន ព្រោះបើបាត់បង់ នឹងពិបាកក្នុងការកសាងឡើងវិញ ជាក់ជាពុំខាន។ ចំពោះឯកឧត្តមFrançois Villeroy de Galhau ដែលជាទេសភិបាល ធនាគារជាតិ បារាំង បានថ្លែងទៅសន្និសីទថា ឯករាជ្យភាព និងតម្លាភាព គឺជាសរសរស្ដម្ភយ៉ាងសំខាន់ សម្រាប់ការប្រើប្រាស់សេវាកម្មធនាគារ ដែលមានប្រសិទ្ធភាព។
ជារួម ពេលវេលា នៃសន្និសីទកំពូល របស់ធនាគារ ប្រទេសនិយាយភាសាបារាំង បង្ហាញពីភាពជាអ្នកដឹកនាំ របស់កម្ពុជាលើឆាកអន្តរជាតិ ហើយព្រឹត្តិការណ៍នេះ កើតឡើងនៅក្នុងឆ្នាំតែមួយ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសន្និសីទប្រទេសនិយាយភាសាបារាំងលើកទី២០ នាខែវិច្ឆិកា ឆ្នាំ២០២៦នេះ ដែលបន្តពង្រឹងតួនាទីកម្ពុជាលើឆាកអន្តរជាតិ ក្នុងនាមជាព្រះរាជាណាចក្រមួយ ដែលមតិអន្តរជាតិវាយតម្លៃខ្ពស់៕