អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុន្នី បានប្រាប់ MJQTV ថា ទឹកជំនន់តាមដងស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខណ្ឌដង្កោ និងឆ្លងចូលដល់ទឹកដីខេត្តកណ្ដាលផងនោះ គឺបានស្រកជាង១ម៉ែត្រហើយ ខណៈដែលទឹកជំនន់នេះ បានធ្វើឱ្យផ្ទះប្រមាណ៥ខ្នងបានបាក់ចូលក្នុងព្រែក ក្នុងទឹកដីខេត្តកណ្ដាល។ លោកបន្តថា ក្រុមការងារពាក់ព័ន្ធបានសហការគ្នាជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយបានជម្លៀសមកដាក់នៅទីទួលសុវត្ថិភាព និងមានប្រជាពលរដ្ឋខ្លះបានត្រឡប់ទៅកាន់ផ្ទះវិញមួយចំនួនហើយ។
នៅព្រឹកថ្ងៃទី១៧ ខែមករានេះដែរ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បាននាំយកអំណោយរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋចំនួន ២ ២២៥ គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត។
បើតាមអាជ្ញាធរខណ្ឌដង្កោបានឱ្យដឹងថា ទឹកជំនន់បានហូរតាមស្ទឹងព្រែកត្នោតពីខេត្តកំពង់ស្ពឺមក បង្កឱ្យជន់លិចសាលាសង្កាត់ចំនួន២ ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ សាលារៀនចំនួន៣ វត្តអារាមចំនួន២ និងមណ្ឌលសុខភាពចំនួន១ ព្រមទាំងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ២ ០៩០ខ្នងផ្ទះ ស្មើនឹង ២ ២២៥គ្រួសារ មានប្រជាពលរដ្ឋចំនួន ៩ ៥៤៥នាក់ ក្នុងសង្កាត់ចំនួន ១០ស្មើនឹង ៣១ភូមិ។
បើតាម លោក សុទ្ធ គឹមកុលមុន្នី ក្រោយពីទឹកជំនន់នេះបានបង្កផលប៉ះពាល់ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនេះទឹកជំនន់នេះ បានធ្លាក់ដល់ទឹកដីខេត្តកណ្ដាលដែលធ្វើឱ្យប៉ះពាល់បន្តដោយប្រជាពលរដ្ឋបន្ថែមផងដែរ៕