មានបទពិសោធជាង៣០ឆ្នាំ ក្នុងការបង្រៀនមុខវិជ្ជាគណិត អ្នកស្រី តន់ សាមឿន បានបណ្តុះបណ្តាលសិស្សជាច្រើនឱ្យកា្លយជាសិស្សពូកែ មុខវិជ្ជាគណិត ដែលជាមុខវិជ្ជាមួយ សិស្សភាគច្រើនត្អូញត្អែថាពិបាករៀន រៀនមិនចេះ ហើយឆាប់ធុញជាដើម។ អ្នកស្រីតន់ សាមឿន បានលើកឡើងថា មុខវិទ្យាគណិត គឺជាមុខវិជ្ជា ដែលសំខាន់ និងផ្សាភ្ជាប់ជាមួយជីវភាពរស់នៅប្រចាំថ្ងៃ ហើយចំពោះអ្នកដែលក្លាយជាសិស្សពូកែលើមុខវិជ្ជាមួយនេះ មុខវិទ្យាផ្សេងៗក៏ពួកគេងាយនឹងចាប់បានផងដែរ ហេតុនេះទើបអ្នកស្រីរកវិធីសាស្រ្តផ្សេងៗឱ្យសិស្សរបស់ខ្លួន ចូលចិត្តមុខវិជ្ជាគណិត ហើយរៀនឆាប់ចេះ។
តើអ្វីជាគន្លឹះបង្រៀនរបស់អ្នកគ្រូដែលមានបទពិសោធជោគជាំរូបនេះ ដើម្បីបង្រៀនសិស្សឱ្យឆាប់ចេះ មិនធុញ និងក្លាយជាសិស្សពូកែ?
១. រៀបចំកិច្ចតែងការឱ្យបានច្បាស់លាស់
ដើម្បីឱ្យសិស្សចូលចិត្តរៀនមុខវិជ្ជាគណិត អ្នកស្រី តន់ សាមឿន មានប្រសាសន៍ថា ក្នុងនាមជាគ្រូម្នាក់ត្រូវតែចេះឱ្យច្បាស់ និង រៀបចំកិច្ចតែងការឱ្យបានច្បាស់លាស់។ នៅពេលដែលលើកមេរៀនណាមួយមកបង្រៀន អ្នកស្រីតែងតែរៀបចំមេរៀននោះ ដោយសង្ខេបឱ្យខ្លីល្មម សង្ខេបយកចំណុចណាសំខាន់ៗយកមកបង្រៀនពួកគេ ព្រមទាំងរៀបចំលំហាត់ដើម្បីយកឱ្យសិស្សអនុវត្ត។
២.ដាក់លំហាត់ពីតូចទៅ
ជាធម្មតាក្នុងថ្នាក់រៀនមួយតែងតែមានសិស្សពូកែ និងមិនពូកែ ហេតុនេះទើបអ្នកស្រី ដាក់លំហាត់ឱ្យសិស្សធ្វើចាប់ពីកម្រិតតូចៗ ងាយស្រួលឡើងទៅ មិនថាកិច្ចការផ្ទះ និងការធ្វើលំហាត់ក្នុងថ្នាក់នោះទេ។ ធ្វើដូចនេះនឹងធ្វើឱ្យសិស្សដែលមិនពូកែ អាចធ្វើបាន ហើយពួកគេនឹងចង់ធ្វើលំហាត់ ចង់រៀន និងមិនឆាប់ធុញ។
ជាមួយគ្នានេះត្រូវឱ្យពួកគេអនុវត្តឱ្យបានញឹកញាប់ ដើម្បីសិស្សចងចាំរូបមន្ត ព្រោះអ្នករៀនគណិតត្រូវធ្វើលំហាត់ឱ្យបានច្រើនតាមតែអាចធ្វើទៅបានទើបពួកគេអាចក្លាយខ្លួនជាសិស្សពូកែគណិតបាន។
ទន្ទឹមគ្នានេះដែរ នៅពេលដាក់លំហាត់ឱ្យពួកគាត់អនុវត្តរួច ត្រូវឧស្សាហ៍ហៅគាត់សូត្រពីទ្រឹស្តី ដែលបានរៀន និងអនុវត្តលំហាត់ ព្រោះបើពុំធ្វើដូច្នេះទេ នឹងមិនបានជោគជ័យនោះទេ។ ជារៀងរាល់ម៉ោងបង្រៀន អ្នកស្រីតែតែងហៅសិស្ស យ៉ាងហោច៤នាក់ជាប្រចាំ ឡើងសូត្រទ្រឹស្តី និងរូបមន្ត។
៣.ធ្វើឱ្យពួកគេស្រលាញ់សៀវភៅ
កាលណាសៀវភៅស្អាត នឹងធ្វើឱ្យសិស្សចង់រៀន ហេតុនេះទើបអ្នកគ្រូ វ័យ៥១ឆ្នាំរូបនេះ តែងតែណែនាំឱ្យសិស្សរៀបចំសៀវភៅឱ្យបានស្អាត សរសេរឱ្យមានរបៀប និងបែងចែកផ្នែកឱ្យបានត្រឹមត្រូវ ហើយអ្នកគ្រូតែងតែពិនិត្យសៀវភៅសិស្សជាប្រចាំ រៀងរាល់កន្លះខែម្តង។
៤.ស្គាល់ពីសារៈសំខាន់របស់មុខវិជ្ជាគណិតវិទ្យា
ជាមួយការអនុវត្តវិធីសាស្រ្តផ្សេងៗ ជាគ្រូគណិតម្នាក់ក៏ត្រូវធ្វើឱ្យសិស្សដឹងពីសារៈប្រយោជន៍នៃការរៀនមុខវិជ្ជាមួយនេះផងដែរ។ ត្រូវឱ្យសិស្សដឹងថាមូលហេតុអ្វីត្រូវរៀនមុខវិជ្ជាគណិតវិទ្យា? តើមុខវិជ្ជានេះ ប្រើប្រាស់ជាប្រយោជន៍ទៅលើអ្វីខ្លះ។ នៅពេលពេលពួកដឹងពីអត្ថប្រយោជន៍នៃការរៀនមុខវិជ្ជាគណិត ពួកគេនឹងចង់រៀន ហើយនឹងខិតខំរៀនឱ្យពូកែ៕