អប់រំ Mar 18, 2024 | 17:11 PM

តិចនិចក្នុងការធ្វើការងារជាក្រុមនៅកន្លែងធ្វើការប្រកបដោយប្រសិទ្ធភាព

image

ការធ្វើការងារជាក្រុម ដែលប្រកបដោយភាពជោគជ័យគឺ អាស្រ័យលើការសហការគ្នាឲ្យបានត្រឹមត្រូវ។ ការធ្វើការជាក្រុមពេលខ្លះ វាមិនបានសមប្រកបដូចអ្វីដែលយើងព្រៀងទុក ដូច្នេះហើយ អ្នក និងក្រុមការងារត្រូវតែទទួលយកការពិត។ ការសិក្សាពីការធ្វើការងារជាក្រុម នៅកន្លែងការងារអាចជួយឲ្យយើងមានការរីកចម្រើន លើការទំនាក់ទំនង និងទទួលសមិទ្ធិផលល្អ។ នៅក្នុងអត្ថបទរបស់ខ្ញុំនេះ ខ្ញុំនឹងលើកពីវិធីសាស្រ្ត ក្នុងការធ្វើការងារជាក្រុមនៅកន្លែងធ្វើការ។

១. ដឹកនាំដោយផ្ដល់ជាគំរូ

ក្នុងនាមជាអ្នកដឹកនាំ ឬជាសមាជិកនៃក្រុមមួយរូប វាជារឿងមួយដែលសំខាន់ដែលយើងត្រូវចងចាំថា អ្នកត្រូវតែប្រតិបត្តិការងារអោយបានល្អ។ អ្នកត្រូវតែធ្វេីជាគំរូមួយ ដែលល្អសំរាប់អ្នកផ្សេងដទៃទៀត ដើម្បីអោយគេកោតសរសេីរ ហើយត្រូវផ្ដល់ទំនួលខុសត្រូវដ៏ច្បាស់លាស់ទៅកាន់សមាជិកក្រុមផ្សេងទៀត។ អ្នកត្រូវប្រាកដខ្លួនឯងថា អ្នកជាមនុស្សម្នាក់ដែលងាយស្រួលក្នុងការប្រាស្រ័យទាក់ទង និងព្យាយាមទាក់ទាញមនុស្សនៅក្នុងក្រុមអោយពួកគាត់មានចំណាប់អារម្មណ៏ ក្នុងការងារដែលយើងធ្វេី ផ្ដល់ជំនួយគ្រប់បែបយ៉ាងដេីម្បីសម្រេចគំរោង។ ទោះបីពេលខ្លះ ពួកគាត់មិនមានបញ្ហា ឬមិនទាន់ត្រូវការជំនួយ តែវាធ្វេីអោយពួកគាត់មានអារម្មណ៏ថាកក់ក្ដៅផងដែរ។

២. បង្កេីតកន្លែងធ្វេីការមួយដែលបេីកចំហរ

នៅពេលដែលមនុស្សម្នាក់មានអារម្មណ៏ថា មានភាពកក់ក្ដៅ ជាមួយនឹងមិត្តរួមការងាររបស់ពួកគាត់ គឺវាធ្វេីអោយពួកគាត់កាន់តែស្អិតរមួតនឹងគ្នា នូវក្នុងការជជែកវែកញែក និងរៀនពីគ្នាទៅវិញទៅមក។ ធ្វេីយ៉ាងណាព្យាយាមលើកទឹកចិត្តអោយមានបរិយាកាសមួយធម្មតា ដែលរីករាយ ក៏ដូចជាសកម្មភាពជាក្រុម ដូច្នេះសមាជិកក្រុមអាចមានទំនាក់ទំនងគ្នានៅខាងក្រៅកន្លែងការងារ។

៣. ផ្តល់ការសរសេីរលើកទឹកចិត្តដល់ក្រុមការងារដែលល្អ

នៅពេលដែលមានក្រុមណាមួយសហការធ្វើការរួមគ្នាប្រកបដោយប្រសិទ្ធភាព និងសម្រេចបាននូវគោលដៅរបស់ខ្លួន វាជារឿងសំខាន់ក្នុងការទទួលស្គាល់សមិទ្ធិផលនោះ និង មានការផ្ដល់ការសរសើរទៅលើការខិតខំប្រឹងប្រែងរបស់ពួកគេជាសាធារណៈ។ យុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការជំរុញកិច្ចសហការគឺជា ”ការសរសើរ” ។ ការនិយាយថា
“ធ្វើការបានល្អ, អរគុណសម្រាប់ការងារដ៏អស្ចារ្យរបស់អ្នក, ខ្ញុំពិតជាមានមោទនភាពមកលើអ្នកខ្លាំងណាស់” ចំពោះគ្នាទៅវិញទៅមកគឺមានតម្លៃលើសពីលុយដែលផ្តល់ទៅទៀត។

៤. ដោះស្រាយការខ្វែងគំនិតគ្នាភ្លាមៗ

ជារឿយៗ សមាជិកក្រុមដោះស្រាយបញ្ហាភាគច្រើនដោយមិនមានការអន្តរាគមន៍ពីអ្នកគ្រប់គ្រង ប៉ុន្តែពេលខ្លះបញ្ហាមួយចំនួនអាចនឹងកើតឡើង ប្រសិនបើសមាជិកក្រុមទុកបញ្ហាទាំងនោះចោលដោយមិនដោះស្រាយ។ វាមានសារៈសំខាន់សម្រាប់សមាជិកក្រុម ក្នុងការយល់ដឹងពីការឬសគល់នៃបញ្ហា និងរបៀបដោះស្រាយ។ ត្រូវរៀនស្វែងយល់ពីគ្នាទៅវិញទៅមក រៀនស្តាប់យោបល់របស់អ្នកដទៃ ទទួលមតិសម្រាប់កែលម្អ និងផ្ដោតទៅលើការវិវត្តន៍ដ៏ប្រសើរសម្រាប់ភាគីនីមួយៗ។

៥. ការរួមបញ្ចូលសកម្មភាពល្បែងកំសាន្តជាក្រុម និងការចំណាយពេលរួមគ្នា

ការចំណាយពេលជាក្រុមតែងតែផ្ដល់ផលវិជ្ជមានទៅលើក្រុមការងារ។ មានល្បែងកំសាន្ត និងការប្រកួតប្រជែងជាច្រើន ដែលអ្នកអាចរៀបចំលេងជាមួយគ្នា។ ការប្រឈមមុខជាមួយភាពលំបាកណាមួយជាមួយគ្នាអាចបង្កេីនការសហការបានយ៉ាងល្អ ជាមួយគ្នាក្នុងក្រុម។ វាជួយជំរុញការងារជោគជ័យមួយ សម្រាប់គម្រោងនាពេលអនាគតផងដែរ។ សកម្មភាពធម្មតាៗដូចជា ការញ៉ាំអាហារជុំគ្នា ការធ្វើដំណើរកំសាន្តជុំគ្នា លេងជុំគ្នា និងការធ្វើការងារមនុស្សធម៌រួមគ្នាអាចជួយឱ្យយើងមានទំនាក់ទំនងកាន់តែជិតស្និទ្ធ។

ដោយ៖ Barndith OUM