ចរិតមិត្ត បើតាមទ្រឹស្តីសង្គមវិជ្ជាចែកចេញជាពីរធំៗ គឺមិត្តដែលអាចរាប់អានគ្នាបាន តែមិនអាចធ្វើការ ឬរកស៊ីជាមួយគ្នាបាន និងមួយទៀត គឺមិត្តដែលអាចរកស៊ី ឬធ្វើការជាមួយគ្នាបាន តែមិនអាចរាប់អានគ្នាបាន។ ចរិតលក្ខណ:នៃមិត្តនេះ ត្រូវបានគេមើលឃើញ និងវាយតម្លៃតាមរយ:រឿងព្រេងខ្មែរ បុរស ឬសម្លាញ់ពីរនាក់ផ្ទះនៅជិតគ្នា និងភេពីររកស៊ីចូលគ្នា។
សម្លាញ់ពីរនាក់ផ្ទះនៅជិតគ្នា មុនពេលបបួលគ្នាទៅដាក់អន្ទាក់ គឺពួកគេមានចិត្តស្មោះត្រង់គ្នា តែក្រោយពីដាក់អន្ទាក់ហើយ ហើយជាប់បានសត្វ (លាភ) ពួកគេក៏ចាប់ផ្តើមមានចិត្តក្បត់គ្នា លែងស្មោះត្រង់នឹងគ្នា រហូតកើតទំនាស់ប្តឹងផ្តល់តុលាការ។
ចំណែករឿងភេពីររកស៊ីចូលគ្នា ក៏បង្ហាញដែរថា កាលពីមិនទាន់ចុះកិច្ចសន្យាបណ្តាក់ទុនរកស៊ីជាមួយគ្នា ពួកគេនៅជាមិត្តរាប់អានគ្នាធម្មតា ប៉ុន្តែក្រោយពីបណ្តាក់ទុនហើយ ហើយទទួលបានផល ពួកគេចាប់ផ្តើមច្រណែនគ្នា មើលបំណាំគ្នា លែងទុកចិត្ត និងឈប់ជឿជាក់លើគ្នា ក៏បែងចែកលាភការ (ត្រី) ដែលរកបាន។ ការមិនជឿជាក់គ្នា ខ្លាចអ្នកនេះបានច្រើន អ្នកនោះបានច្រើន ធ្វើឱ្យពួកគេមានជម្លោះ រហូតដល់ប្តឹងឡើងតុលាការ ដែលជាឆ្កែចចក ដើម្បីកាត់ក្តី។
តាមរយ:រឿងព្រេងទាំងពីរ សង្គមវិជ្ជា ក៏បង្ហាញផងដែរថា មិត្តចិត្តស្មោះត្រង់អាចដំណើរការទៅបាន តែពេលណាមិនទាន់មានលាភសក្ការ:ប៉ុណ្ណោះ បើកាលណាមានលាភការចូលហើយ នោះក្តីច្រណែន និងទំនាស់ផ្នែកលាភការ ក៏ចាប់ផ្តើមដែរ៕