យុវជន-ចំណេះជំនាញ Oct 02, 2018 | 15:01 PM

ជា​មិត្តសំឡាញ់​រៀន​ថ្នាក់​ជាមួយគ្នា ស្អាត​ដូចគ្នា ហើយ​ទទួល​បាន​និទ្ទេស A ដូចគ្នា​ទៀត​

image

​អ្នក​ទាំង​បី​គឺជា​មិត្តភក្តិ​ជិត​ស្និទ្ធ​ដែល​តែង​ដើរទៅ​ណាម​កណា​ជាមួយគ្នា។ តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ យុវតី​ទាំង​បី​នាក់ មិន​ត្រឹមតែ​មាន​សម្រស់​ស្អាត​ដូចគ្នា​នោះ​ទេ ថែមទាំង​ជា​សិស្ស​ឆ្នើម​ទទួល​បាន​និទ្ទេសA ដូចគ្នា ​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ២០១៨ទៀតផង។ តែ​អ្វី​ដែល​ខុសគ្នា​នោះ យុវតី ជា ស្រី​នា និង​សេ​ដ្ឋា​វិន មានឈ្មោះ​ជាប់​និទ្ទេសA តាំងពី​ក្រសួង​​ប្រកាស​​លទ្ធផល​លើក​ដំបូង​ ខណៈ​យុវតី ប៉ែន លី​សា បាន​ត្រឹម​និទ្ទេស D ប៉ុណ្ណោះ​។ ប៉ុន្តែ​ក្រោយពីក្រសួង​សើរើ​លទ្ធផល រក​ឃើញ​ខុស​បញ្ហា​បច្ចេកទេស​កុំព្យូទ័រ មិនបាន​ស្រង់​ពិន្ទុ​គណិតវិទ្យា ធ្វើ​ឱ្យ​យុវតី ប៉ែន លី​សា ទទួល​បាន​និទ្ទេស Aវិញ។

​លទ្ធផល​ប្រកាស​ចុងក្រោយ ស្រី​នា ទទួល​និទ្ទេសA លំដាប់​ពិន្ទុ ៩៩.៩៥១ លី​សា លំដាប់​ពិន្ទុ ៩៩.៨៣៦ និង សេ​ដ្ឋា​វិន សិស្ស​និទ្ទេសA លំដាប់​ពិន្ទុ៩៩.៦៧៧។ លទ្ធផល​របស់​ពួកគេ ក៏​ធ្វើ​ឱ្យ​មិត្ត​រួម​ថ្នាក់ ១២ ង ទាំងអស់​អបអរសាទរ​ផង​ដែរ។

​យុវតី ស៊ី​ថុន សេ​ដ្ឋា​វិន បាន​ប្រាប់​ថា ពួកគេ​គឺជា​មនុស្ស​ដែល​ចូលចិត្ត​លេងសើច​ដូចគ្នា ហើយ​នាំគ្នា​ខំរៀន​នៅផ្ទះ​ដូចគ្នា។

​សេ​ដ្ឋា​វិន និយាយ​បន្ត​ថា «នៅពេល​ដែល​យើង​ដើរ​ជាមួយគ្នា យើង​ចង់ឱ្យ​បាន​និទ្ទេស A ដូចគ្នា ហើយ​នៅពេល​ដែល​យើង​បាន A ដូចគ្នា​សប្បាយចិត្ត​មែនទែន ហើយ​ថ្នាក់​ខ្ញុំ​ថ្នាក់ E គ្រូ​ប្រាប់​ថា​តាំងពី​កំណែទម្រង់​មក​មិនដែល​មាន Aទេ។»​

​យុវតី​ដែល​ជា​កូនស្រី​ពៅ ក្នុង​គ្រួសារ​អ្នករាជការ​រូប​នេះ បាន​បន្ថែម​ថា មួយ​ចំណែក​ដែល​ធ្វើ​ឱ្យ​នាង​ទទួល​បាន​និទ្ទេសAក្នុង​សម័យ​ប្រឡង​ដ៏​តឹងរឹង​នេះ​ក៏​មានការ​ជួយ​ពី​ស្រី​នា​ផង​ដែរ។

​សេ​ដ្ឋា​វិន ៖​«និយាយទៅ​គាត់​ពូកែ​តាំងពី​តូច​មក ខ្ញុំ​មានទំនុក​ចិត្ត​លើ​គាត់ គាត់​ក៏​ជា​អ្នកMotivation ខ្ញុំ​មួយ​ដែរ ដូច​ថា​យើង​រៀន​មួយ​គ្នា ហើយ​ពេល​ខ្ញុំ​ធ្វើលំ​ហាត់អីអត់ចេះ​មាន​គាត់​មួយ​សួរ ជួយ​ប្រាប់ នៅពេល​ដែល​ខ្ញុំ​អត់​ចេះ​ខ្ញុំ​រត់រក​គាត់​ហើយ ឱ្យ​គាត់​ជួយ​ពន្យល់»។

រីឯ យុវតី ជា ស្រី​នា ដែល​ជា​ប្រធាន​ថ្នាក់ ១២ ង បាន​និយាយ​ថា នាង​រីករាយ​ខ្លាំង​មែន ដែល​ឆ្នាំនេះ ថ្នាក់ ១២ ង ជាប់​និទ្ទេស​និទ្ទេស A រហូតដល់៣នាក់ ខណៈ​ដែល​ថ្នាក់​នេះ ក៏​មិនមែន​ជា​ថ្នាក់​លេចធ្លោ មានឈ្មោះ​ល្បី​នៅក្នុង​សាលា​ឡើយ។ ហើយ​អ្វី​ដែល​កាន់តែ​សប្បាយចិត្ត​នោះ គឺ​មិត្តសំឡាញ់​របស់​នាង​បាន​ជាប់​និទ្ទេសA​ដូចគ្នា។

​ស្រីនា និង​លី​សា ដោយ​ស្គាល់ និង​រៀន​ជាមួយគ្នា​តាំងពី​ថ្នាក់​ទី១មក ភាគច្រើន​ពួកគេ​តែងតែ​ទៅរៀន​គួរ​ជាមួយគ្នា។ តែ​សេដ្ឋា​វិ​នវិញ មិនបាន​រៀន​គួរ​បន្ថែម​ជាមួយគ្នា​ទេ តែ​យ៉ាងណា​ពួកគេ តែងចែករំលែក​ចំណេះដឹង​គ្នា​ទៅវិញទៅមក​ច្រើន​នៅក្នុង​ថ្នាក់៕