ការផ្ដល់ជំនួយថវិកាដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុនត្រូវបានគេហទំព័រ healthcareitnews ចុះផ្សាយនៅថ្ងៃទី១២ ខែឧសភាថា មូលនិធិនេះនឹងជួយពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល និងលើកកម្ពស់ការផ្តល់សេវាសុខភាពបន្តពូជផ្លូវភេទរបស់មាតានិងទារក តាមរយៈសេវាវេជ្ជសាស្ត្រឌីជីថល និងពង្រីកវេទិកាសិក្សាតាមអ៊ីនធឺណិត។
ជាងនេះទៅទៀត វាក៏នឹងជួយកែលម្អលទ្ធភាពទទួលបានសេវាសុខភាពបន្តពូជ និងសុខភាពផ្លូវភេទសំខាន់ៗ ព្រមទាំងព័ត៌មានសម្រាប់យុវវ័យ និងអ្នករស់រានមានជីវិតពីអំពើហិង្សាផ្អែកលើយេនឌ័រតាមរយៈការប្រើប្រាស់វេទិកាឌីជីថល។ ម្យ៉ាង វានឹងជួយជាឧបករណ៍សង្គ្រោះជីវិត ព្រមទាំងរថយន្តសង្គ្រោះបន្ទាន់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការថែទាំសម្ភព និងទារកដែលនឹងត្រូវកើតបន្ទាន់នៅក្នុងខេត្តភាគឦសានប្រទេស។
គួរដឹងថា មូលនិធិនេះ គឺជាចំណែកមួយនៃការគាំទ្រផ្នែកហិរញ្ញវត្ថុសរុបចំនួន ៩ លានដុល្លារ ដែលរដ្ឋាភិបាលជប៉ុនផ្ដល់សម្រាប់ការឆ្លើយតបជាបន្ទាន់នៃជំងឺកូវីដ-១៩ របស់ប្រទេសចំនួន១៣ នៅទូទាំងអាស៊ី តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។
លោក មីកាមិ ម៉ាសាហ៊ីរ៉ុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បាននិយាយថា «ការធានានូវលទ្ធភាពទទួលបានជាសាកលចំពោះសេវាថែទាំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ គឺជាកត្តាចាំបាច់សម្រាប់ការពារអាយុជីវិត សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាពរបស់ស្ត្រី ទារក និងយុវវ័យ ក៏ដូចជាការលើកកម្ពស់សុខុមាលភាពរបស់ពួកគេ៕»