ទីបំផុតបន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែង ពីសិស្សានុសិស្សទាំង២៨ក្រុម បានរកឃើញបេក្ខជនបីក្រុមដែលមានសមត្ថភាពលើកពាន និងទទួលបានអាហាររូបករណ៍ពីសាលារៀន អន្តរទ្វីប អាមេរិកាំង។ ជ័យលាភីលេខ១ បានទៅលើក្រុមដែលមកពីថ្នាក់ទី១០ឃ គឺ យុវតី លឹម ឆេងហ៊ុយ ដែលបានចាប់ដៃគូជាមួយយុវសិស្ស ចាន់ សុខម៉េង។ ចំណែកជ័យលាភីលេខ២ ដណ្តើមបានដោយ យុវតី ស៊ីម សុវត្ថិនា និងយុវសិស្ស តាំង ប៊ុនសេង រៀននៅថ្នាក់ទី៩ខ ខណៈ យុវតី អ៊ុំ ច័ន្ទចរិយា និងយុវតី សុភ័ក្រ វណ្ណវីកាទទួលបានជ័យលាភីលេខ៣។ មកដល់វគ្គផ្តាច់ព្រ័ត្រនេះ ពួកគេបានឆ្លងកាត់វគ្គជម្រុះ២វគ្គមកហើយ ដែលមានការចូលរួមពីបេក្ខជន មិនតិចជាង១០០ក្រុមឡើយ។
លោកតិច សុខលី ប្រធានគណៈកម្មាការនៃការប្រកួតនេះ បានប្រាប់ឱ្យដឹងថា ជ័យលាភីដែលពួកគេដណ្តើមបាននេះពឹងលើសមត្ថភាពរបស់ពួកគេទាំងស្រុង ដោយឆ្លងការដាក់ពិន្ទុយ៉ាងសុក្រិត និងយុត្តិធម៌បំផុត ពីគណៈកម្មាការដែលសុទ្ធតែមានបទពិសោធ និងសមត្ថភាពក្នុងការដាក់ពិន្ទុ។
លោកបន្តថា ការប្រកួតប្រជែងនៅព្រឹកនេះមានភាពស្វិតស្វាញយ៉ាងខ្លាំង ដោយសារបេក្ខជននីមួយៗសុទ្ធតែមានសមត្ថភាពដូចៗគ្នា ដែលការចាញ់ឈ្នះនេះ មិនត្រឹមតែពឹងផ្អែកទៅលើសមត្ថភាពនៃការឆ្លើយសំណួរខាងផ្នែកវប្បធម៌ អរិយធម៌ខ្មែរប៉ុណ្ណោះទេ ថែមទាំងអាស្រ័យទៅលើភាពរហ័សរហួននៃការចុចប៊ូតុង ដើម្បីមានឱកាសទទួលបានអទិភាពឆ្លើយសំណួរមុនគេផងដែរ។
មានទឹកមុខរំភើបរីករាយ ក្នុងដៃកាន់ពាន បន្ទាប់ពីទទួលបានជ័យលាភីលេខ១ យុវតី លឹម ឆេងហ៊ុយ បាននិយាយថា នាងមានអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលនាងអាចយកឈ្នះបេក្ខជនដទៃទៀតដែលសុទ្ធតែមានសមត្ថភាពមិនចាញ់គ្នា ខណៈឆ្នាំនេះគឺជាលើកទី៤ហើយដែលនាងនេះបានចូលរួមប្រកួតផ្នែកវប្បធម៌ អរិយធម៌នេះ។
យុវតីរូបនេះបន្តថា ជ័យជំនះនេះ គឺកើតចេះពីការខិតប្រឹងប្រែង តស៊ូ ព្យាយាម ការសហការគ្នា និងការលើកទឹកចិត្តសមាជិកក្រុមទៅវិញទៅមក។
ចំណែកដៃគូរបស់ ឆេងហ៊ុយ គឺយុវសិស្ស ចាន់ សុខម៉េង លើកឡើងថា ការរៀបចំឱ្យមានការប្រកួតចំណេះដឹងវប្បធម៌ និងអរិយធម៌ខ្មែរនេះ មានប្រយោជន៍យ៉ាងច្រើនធ្វើយុវជនខ្មែរដឹងពីប្រវត្តិសាស្រ្ត ការសាងសង់ប្រាសាទ និងអរិយធម៌ខ្មែរតាំងយូរលង់។ ព្រមជាមួយគ្នានេះ ក៏ធ្វើឱ្យពួកគេកាន់តែចង់ស្វែងយល់ពីវប្បធម៌របស់ខ្មែរទៀតផង។
សូមបញ្ជាក់ថានេះជាលើកទី៥ ហើយដែលសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំការប្រកួតចំណេះដឹងវប្បធម៌ អរិយធម៌ខ្មែរ ម៉េងលី ជេ. គួចនេះ។
មានវត្តមានក្នុងពិធីប្រកួតនេះ លោក ប៉ាំង លាងស៊ីម ចាងហ្វាងរងមធ្យមសិក្សាទុតិយភូមិ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង មានប្រសាសន៍ថា ការប្រកួតចំណេះដឹងវប្បធម៌ អរិយធម៌ខ្មែរ ម៉េងលី ជេ. គួច ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៣។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងឱ្យកូនខ្មែរស្រឡាញ់វប្បធម៌ និងអរិយធម៌ខ្មែរ ខណៈបច្ចុប្បន្នសង្កេតឃើញថា យុវជនខ្មែរជំនាន់ថ្មី មិនសូវយកចិត្តទុកដាក់នឹងវប្បធម៌ អរិយធម៌ខ្មែរប៉ុន្មាននោះទេ ដោយសារទទួលវប្បធម៌បរទេស ទើបគណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានឧកញ៉ា គួច ម៉េងលី ជាស្ថាបនិក និងជាប្រធាន បានសម្រេចបង្កើតកម្មវិធីនេះឡើង។ លោកបន្តថា ការប្រកួតនេះនឹងកា្លយចលករមួយជំរុញឱ្យយុវជនខ្មែរកាន់តែស្រឡាញ់ និងស្វែងយល់ពីវប្បធម៌ អរិយធម៌ខ្មែរឱ្យច្រើនជាងមុន។ មួយវិញទៀតការប្រកួតនេះ ក៏ធ្វើឱ្យបេក្ខជនទាំងអស់ចេះសហការ សាមគ្គីគ្នា និងមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងធ្វើការឆ្លើយសំណួរផងដែរ។
លោកបន្តថា បន្ទាប់ពីបញ្ចប់ការប្រកួតនេះ ទាំងអ្នកចូលរួមប្រកួត និងមិនបានចូលរួមប្រកួត នឹងទទួលបានចំណេះដឹងបន្ថែមពីវប្បធម៌ អរិយធម៌ខ្មែរ និងកាន់តែស្រឡាញ់ជាងមុន៕