ជាអតីតសិស្សរៀននៅថ្នាក់ទី១២ ក នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង សាយសេង បានឱ្យដឹងថា និទេស A គឺជានិទ្ទេសដែលខ្លួនប្រាថ្នាចង់បានតាំងពីរៀននៅខេត្តបន្ទាយមានជ័យ។ ការដែលខ្លួនខំប្រឹងប្រែងខំរៀននេះ ដោយសង្កេតឃើញតាំងពីមានកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ឆ្នាំ២០១៤មក អ្នកចេះត្រូវបានគេឱ្យតម្លៃ ព្រោះការប្រឡងទាល់តែចេះទើបជាប់។
នៅឆ្នាំ២០១៤ គឺជាឆ្នាំដែលក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ក្រោមការដឹកនាំរបស់រដ្ឋមន្រ្តីទើបនឹងឡើងថ្មី ហង់ ជួន ណារ៉ុន។ កាលនោះ មានសិស្សតែ១១នាក់ប៉ុណ្ណោះដែលអាចដណ្តើមបាននិទ្ទេស A ខណៈសិស្ស ជាង៦០%នៅទូទាំងប្រទេសបានប្រឡងធ្លាក់។ កិត្តិនាមនៃបេក្ខជននិទ្ទស A ទាំង១១រូប ការលើកស្ទួយ ការយកចិត្តទុកដាក់ទៅលើអ្នកមានសមត្ថភាពពិតប្រាកដ គឺជាកម្លាំងចិត្តមួយជំរុញឱ្យ សាយសេង កាន់តែខិតខំប្រឹងប្រែងរៀនជាងមុនទ្វេឡើង។
សាយសេង បាននិយាយថា«នៅពេលដែលក្រសួងចាប់ផ្តើមរឹតបន្តឹងដំបូងខ្ញុំមើលឃើញថា អូ សង្គមយើងគេឱ្យតម្លៃយ៉ាងខ្លាំងទៅលើវិស័យអប់រំ។ អ៊ីចឹងខ្ញុំឃើញគាត់១១នាក់ហ្នឹងជំរុញឱ្យខ្ញុំខិតខំប្រឹងរៀនទ្វេដង ចង់បាននិទ្ទេស A ដូចពួកគាត់ ជាក់ស្តែងខ្ញុំទទួលបានដូចបំណង។»
ទោះជាសិស្សពូកែ និងលេចធ្លោប្រចាំសាលាក៏ដោយ តែដោយចង់បង្កើនចំណេះដឹង និងមករកភាពប្រឈមថ្មីចំពោះខ្លួនឯង នៅឆ្នាំ ២០១៥ សាយសេងបានលាគ្រួសារ មករាជធានីភ្នំពេញស្វែងរកកន្លែងដែលផ្តល់ចំណេះដឹងប្រកបដោយគុណភាពដល់ខ្លួន។ កូនអ្នកបន្ទាយមានជ័យរូបនេះ ជ្រើសរើសសាលារៀន អន្តរទ្វីប អាមេរិកាំង ធ្វើជាថ្នាលបណ្តុះបណ្តាលខ្លួនឱ្យក្លាយពូកែជាប់និទ្ទេស A ដូចអ្វីដែលខ្លួនប្រាថ្នា។
សិស្សឆ្នើមដដែលរៀបរាប់ទៀតថា «ទី១ខ្ញុំចង់មានការប្រកួតប្រជែងឱ្យខ្ពស់ជាងមុន កាលនៅខេត្តខ្ញុំរៀននៅសាលាឯកជនមួយខ្ញុំមានអារម្មណ៍ថា ការប្រកួតប្រជែងនៅមានកម្រិត។ អ៊ីចឹងខ្ញុំចង់ធ្វើការប្រកួតឱ្យខ្លាំងជាងមុន ទាំងការប្រកួតប្រជែងជាមួយខ្លួនឯង និងអ្នកដទៃ។ ហេតុនេះខ្ញុំធ្វើការផ្លាស់ការសិក្សាពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកកាន់ទីក្រុងភ្នំពេញ រៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង»។
យុវសិស្សរូបនេះ មិនត្រឹមតែចង់រកអ្វីដែលជាភាពប្រឈមថ្មីរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែរូបគេក៏ចង់ក្លាយជាមនុស្សឯករាជ្យម្នាក់ផងដែរ។ វ័យ១៥ឆ្នាំ ជាវ័យដែលនៅក្មេងខ្ចី តែសាយសេង ជ្រើសរើសការមកស្នាក់នៅជាមួយភក្តិដែលមានវ័យដូចគ្នា ដោយមិនទៅរស់នៅជាមួយបងប្អូនឡើយ។ ស្ថិតក្នុងភាពជាយុវវ័យដែលជាវ័យភ្លើតភ្លើនក៏ពិតមែន ប៉ុន្តែឪពុករបស់ សាយសេង ដែលមន្រ្តីរាជការនៅក្រសួងការពារជាតិ ម្តាយជាអ្នកលក់ដូរនៅផ្ទះ មិនបានឃាំងឃាត់កូនប្រុសរបស់លោកទេ ដោយសារលោកទាំងពីរ ទុកចិត្តលើកូនប្រុសម្នាក់នេះ មិនប្រព្រឹត្តទង្វើអ្វីដែលបំផ្លាញអនាគតខ្លួនឯង និងមុខមាត់គ្រួសារឡើយ។
ការទុកចិត្តរបស់ឪពុកម្តាយមិនខុសនោះទេ ទីបំផុតក្មេងប្រុសរូបនេះបាននាំកិត្តិយសជូនគ្រួសារតាមរយៈការប្រឡងបាននិទ្ទេស A ហើយរូបគេក៏ជាសិស្សល្អ កូនល្អ និងមិត្តល្អថែមទៀតផង។ តទៅមុខទៀត សាយសេងក៏មានគម្រោងរៀនបន្តផ្នែកវិជ្ជសាស្រ្តផងដែរ។
«ធ្លាប់តែព្រលឹមឡើងមានបបរ មានបាយញ៉ាំស្រាប់ៗ គិតតែពីគេង នៅកន្លែងស្រួល ពេលដូរមកនៅទីនេះដំបូង ខ្ញុំគិតថាពិបាក តែខ្ញុំមានពាក្យមួយសម្រាប់ខ្លួនឯងថា«ជីវិតត្រូវតែតស៊ូ» ព្រោះអីយើងត្រូវប្រាប់ខ្លួនឯងថាយើងមិនមែនមកធ្វើការ ហើយមិនមែនមកធ្វើអ្វីផ្សេងដែរ គឺយើងមករៀន មកក្រេបយកចំណេះវិជ្ជាសម្រាប់អនាគតខ្លួនឯង។ ជីវិតត្រូវតែមានការតស៊ូ មានឧបសគ្គ»។ យុវសិស្ស សាយសេង បានប្រាប់បន្ថែមជីវិតពេលមករៀននៅភ្នំពេញដំបូង។
គន្លឹះរៀនឱ្យទទួលបានជោគជ័យ
យុវសិស្សរូបនេះ បាននិយាយ បើសួរថាក្នុងចំណោមមុខវិជ្ជាទាំងអស់ពូកែមួយណាជាងគេ គេមិនអាចបញ្ជាក់បាននោះទេ ព្រោះគ្រប់មុខវិជ្ជាទាំងអស់គឺចេះស្មើគ្នា គ្មានមួយណាលើសជាងមួយណាឡើយ។
ការដែលរូបគេទទួលបាននិទ្ទេសAដូចបំណងនេះ ដោយសារ ការសន្សំមូលដ្ឋានគ្រឹះតាំងថ្នាក់ក្រោមមក។ ពោលគឺតាំងពីថ្នាក់ទី៨ ទី៩ ទី១០ និងទី១១ ហើយនៅពេលឈានជើងចូលថ្នាក់ទី១២ នៅដែលយើងចេះគ្រឹះអស់ហើយកាន់តែងាយស្រួល ដោយគ្រាន់តែខំប្រឹងរៀននិងស្រាវជ្រាវបន្ថែម ស្តាប់គ្រូពន្យល់ឱ្យបានច្រើន និងចំណាយរៀនដោយខ្លួនឯងបន្ថែមទៀត យើងនឹងទទួលបានជោគជ័យដូចអ្វីដែលយើងរំពឹងទុក៕