យុវជន-ចំណេះជំនាញ Aug 01, 2018 | 13:20 PM

គ្រួច ឈីម ទោះ​ប្រឡូកការ​ងារ​ជួយ​សង្គម​ច្រើន តែ​ការ​សិក្សា​​មិន​ធ្លាក់​ចុះ​

image

ស្ថិត​ក្នុង​ទឹក​មុខ​រីក​រាយ​ដែល​បង្ហាញ​ពីភាពរួសរាយរាក់ យុវ​សិស្ស គ្រួច ឈីម វ័យ​១៦ឆ្នាំ ដែល​បច្ចុប្បន្ន​កំពុង​រៀន​នៅ​ថ្នាក់​ទី១១ ក្នុង​សាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង បាន​រៀបរាប់​ពី​ដំណើរ​សិក្សា​របស់​ខ្លួន​ថា ទី​នេះ​គឺជា​សាលា​រៀន​ទី២​ហើយ ដែល​ខ្លួន​បាន​ឆ្លង​កាត់​ការ​សិក្សា​រ។ រយៈ​ពេល​​សិក្សា​នៅ​ទី​នេះ គឺជា​រយៈ​ពេល​​មួយ​ពោរ​ពេញ​ដោយ​ការអភិវឌ្ឍ​សមត្ថភាព​សម្រាប់​ជីវិត រួម​ទាំង​ការ​សិក្សា និង​ការ​ងារ​សង្គម។

មាន​ដើម​កំណើត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ គ្រួច ឈីម គឺជា​កូន​ពៅ​ក្នុង​ចំណោម​បងប្អូន៤​នាក់ ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​ធូរធារ​ផង​នោះ អ្វី​ដែល​ខ្លួន​ទទួល​បាន​ពី​សាលា​ដ៏​មាន​ប្រជាប្រិយ​មួយ​នេះ គឺ​មាន​ការ​ខុស​ប្លែក​គ្នា​ច្រើន​ពី​សាលា​រៀន​ដែល​ខ្លួន​ធ្លាប់​បាន​ប្រឡូក​មុនៗ។

សិស្ស​ម្នាក់​​នេះ លើក​ឡើង​ដូច្នេះ​ថា «ពី​មុខ​ខ្ញុំ​ហាក់​និយាយ​អ្វី​មួយ​ប្រៀបដូច​ជាអណ្ដើក​នៅ​ក្នុង​អណ្ដូង ដែល​អត់​បាន​ដឹងពី​ប្រភព​ខាង​ក្រៅ​ថាវា​មាន​ទិដ្ឋភាព​យ៉ាង​ម៉េច​នោះ​ទេ។ មក​ដល់​ទី​នេះ​ខ្ញុំ​ទទួល​បាន​បទ​ពិសោធ​ជីវិត​បាន​ច្រើន​ណាស់។ ខ្ញុំ​មិន​ដែល​ឃើញ​សាលា​រៀន​ណា​លើក​ទឹក​ចិត្ត​សិស្ស​ធ្វើ​សកម្មភាព​សប្បុរធម៌ និង​ការ​ងារ​ស្ម័គ្រ​ចិត្ត​ទេ គឺកម្រ​មាន​ណាស់។ ទាំង​នេះ​ហើយ គឺជា​ប្រយោជន៍​នៃ​សង្គម​ជាតិ។»

ឋិត​ក្នុង​ចំណោម​សិស្ស​កូន​អ្នក​មាន​ជីវភាព​ធូរធារ យុវ​សិស្ស ដ​ដែល​នេះ បាន​និយាយ​មក​កាន់​អ្នក​សារ​ព័ត៌មាន​ទៀត​ថា៖ «បើ​សាលា​សម្លឹង​ឃើញ​សិស្ស​ណា​ម្នាក់​​មាន​សមត្ថភាព។ សាលា​នឹង​ជំរុញ​អ្នក​នោះ​ឱ្យ​ទៅ​ធ្វើ​ជំនាញ​នោះ។ បើ​សិស្ស​មាន​ចំណង់​ចំណូល​ចិត្ត​លើការ​ងារ​ស្ម័គ្រ​ចិត្ត សាលា​ជំរុញ​ឱ្យ​ទៅ​ធ្វើ​ការ​ងារ​ស្ម័គ្រ។ បើ​សិស្ស​ពូកែ​ខាង​កំណាព្យរុញ​ទៅ​ខាង​ការ​ប្រឡង​កំណាព្យ សិស្ស​ពូកែ​គណិតរុញ​ទៅ​ខាង​គណិត រហូត​មាន​ការ​ប្រកួត​ទៅ​ប្រឡង​នៅ​ក្រៅ​ស្រុក​ទៀត​ផង​ក៏​មាន គឺ​សាលា​ផ្ដល់​ឱកាស​ឱ្យ​សិស្ស​ជានិច្ច។»

នៅ​ក្នុង​ចក្ខុវិស័យ​អប់រំ​របស់​សាលា​រៀន​នី​មួយៗ​មិន​ត្រឹម​តែ​កសាង និង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ឱ្យ​មាន​សមត្ថភាព​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ។ ម្យ៉ាង​សាលា​រៀន​​ក៏​បាន​បណ្ដុះ​គ្រាប់​ពូជ​វប្បធម៌​ចែក​រំលែក និង​សីលធម៌ វិន័យ ដល់​ក្មេង និង​គ្មាន​​អំពើ​ពុករលួយ។

យុវ​សិស្ស គ្រួច ឈីម​បាន​លើក​ឡើង​ថា៖ «សាលា​មាន​វ័យ​តឹង​បែប​នេះ ល្អ​សម្រាប់​សិស្សានុ​សិស្ស​រាប់​ចាប់​តាំង​ពី​ក្មេង​តូច​ឡើង​ទៅ ព្រោះ​កុមារ​ប្រៀបដូច​ក្រដាសស​មួយ​សន្លឹក បើបណ្ដោយ ឬ​ចេះ​តែ​ដាក់​ថ្នាំ​​ពណ៌​នេះ​ពណ៌​នោះ ក្មេង​នឹង​ប្រឡាក់ដិតស្នាមដូច​ពណ៌​ទាំង​នោះ​ដែរ។ មនុស្ស​សំខាន់​លើ​វិន័យ បើ​គ្មាន​​វិន័យ​គឺ……។ ម្យ៉ាង​វិញ​ទៀត ពេល​ប្រឡង​មិន​មែន​ចេះ​តែ​ធ្វើ​ឱ្យ​រួច​ផុតតែពី​ដៃ​នោះ​ទេ។ ចំពោះ​សាលា​នេះ មាន​ភាពតឹងរ៉ឹង ពេល​សិស្ស​ប្រឡង គឺ​ចេញ​ពី​សមត្ថភាព​ពិត ចេះ​ជាប់ បើ​មិន​ចេះ​គឺ​ធ្លាក់ ហើយ​ចំពោះ​ពិន្ទុ​ក៏​ដូច​គ្នា​ដែរ គឺ​មាន​ភាពសុក្រិត​បំផុត​ប៉ុនណាគឺ​ប៉ុណ្ណឹង កុំមក​តវ៉ា។ គ្មាន​​អំពើ​ក្រោម​តុលើតុ សុក្រិត​យុត្តិធម៌។»

ទាក់​ទង​នឹង​ការ​ងារ​សង្គម​វិញ គ្រួច ឈីម គឺជា​សិស្ស​ម្នាក់​​ដែល​មាន​ភាពលេចធ្លោរ​ខ្លាំង​ខាង​សកម្មភាព​ការ​ងារ​ស្ម័គ្រ​ចិត្ត នៅ​ក្នុង​ចំណោម​សិស្ស​សាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង ដែល​ស្រឡាញ់​ការ​ងារ​ជួយ​សង្គម​ផង​ដែរ។ យុវ​សិស្ស​មាន​ស្រុក​កំណើត​ណើត​ក្នុង​ក្រុង​ភ្នំពេញ​រូប​នេះ បាន​ធ្វើ​សកម្មភាព​ការ​ងារ​ស្ម័គ្រ​ចិត្ត​ច្រើន​ទៅ​លើវិស័យ​វប្បធម៌​ខ្មែរ។

ពិត​មែន​តែ​ខ្លួន​ស្រឡាញ់​ចូល​ចិត្ត​ខាង​វិស័យ​វប្បធម៌​ខ្មែរ តែយុវ​សិស្ស​រៀន​នៅ​សាលា​ល្បី​ខាង​វិន័យ​តឹង​ម្នាក់​​នេះ មិន​បាន​ប្រាថ្នា​ចាប់​យក​ជំនាញ​នេះ​ឡើយ។ អ្វី​ដែល​ខ្លួន​សម្លឹង​ឃើញ​នោះ គឺ​ជំនាញ​អាកាស​ចរណ៍​ទៅ​វិញ​ទេ។ ចំណែក​ការ​ងារ​ស្ម័គ្រ​ចិត្ត​នេះ គឺ​ដោយ​សារតែ​មាន​ចិត្ដ​ស្រឡាញ់ និង​អាណិត​ដល់​វប្បធម៌​ខ្មែរ ដែល​យុវជន​មួយ​ចំនួន​មិន​សូវ​ឱ្យ​តម្លៃ និង​មើល​រំលង​វប្បធម៌​របស់​ខ្លួន។

យ៉ាង​ណា​ក៏​ដោយ នេះ​មិន​មែន​ជា​រឿង​ងាយ​ទេ សម្រាប់​សិស្ស​ដែល​បាន​បែង​ចែក​ពេល​វេលា​រៀន​ផង និង​ធ្វើ​ការ​ងារ​ស្ម័គ្រ​ទាំង​ខ្លួន​នៅ​ក្មេង​ខ្ចី​ផង​នោះ។ តែ​សម្រាប់ គ្រួច ឈីម ការ​ងារ​ស្ម័គ្រ​ចិត្ត គឺជា​ការ​ងារ​ដែល​ធ្វើ​ចេញ​ពី​ចិត្ត​ដោយ​គ្មាន​ការបង្ខិតបង្ខំ ហើយ​អត់​ទទួល​បាន​កម្រៃ​អ្វី​ទាំង​អស់។ ការ​ងារ​នេះ គឺជា​ទង្វើ​សប្បុរធម៌​ដែល​សង្គម​ត្រូវ​ការ និង​ឱ្យ​តម្លៃ​បំផុត ហើយ​អ្វី​ទាំង​នេះ​សាលា​បាន​ជំរុញ​លើក​ទឹក​ចិត្ត​យ៉ាង​ពេញ​ដៃ​ពេញ​ជើង ដែល​នេះ​គឺជា​ឱកាស​អាច​ធ្វើ​ឱ្យ​ខ្លួន​មាន​ការអភិវឌ្ឍ​ច្រើន គឺ​ទាំង​ការ​ងារ​ស្ម័គ្រ​ចិត្ត ដូចជា​ការ​សិក្សា​​ជា​ដើម​៕