ជាក់ស្តែង មជ្ឈមណ្ឌលភាសា អេ អាយ អាយ សាខាផ្សារថ្មី កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ បានបង្ហាត់បង្ហាញសិស្ស kid 10A ពីការកែច្នៃ រចនា និងកសាង រូបមនុស្សយន្ត រូបឡាន រថក្រោះ និងរូបតជាដើម ដោយផលិតចេញពីរបស់របរដែលបានប្រើប្រាស់រួមមកហើយ ក៏ដូចជាលើកស្ទួយភាពច្នៃប្រឌិត ដល់សិស្សទាំងអស់គ្នា។
បើតាមលោក សន បញ្ញា គ្រូបង្រៀនភាសាអង់គ្លេស សាខាផ្សារថ្មី និងជាអ្នកដឹកនាំសិស្សធ្វើសកម្មភាពនេះឡើងបានប្រាប់The Intercon Rooster ថា ការបង្កើតភាពច្នៃប្រឌិតថ្មីនេះឡើង គឺក្នុងគោលបំណងបង្កើនទំនុកចិត្តដល់សិស្ស និងដើម្បីបង្ហាញពីភាពច្នៃប្រឌិត រៀនគំនិតរចនា រៀនធ្វើការជាក្រុម និងរៀនបច្ចេកទេសដោះស្រាយបញ្ហា។
លោក បាននិយាយយ៉ាងដូច្នេះ៖ «ដើម្បីធ្វើរូបភាពដែលអាចយកមកតាំងលម្អដូចជា រូបមនុស្សយន្តមួយបាន យើងត្រូវមានឧបករណ៍ដូចជា ក្រដាសឡាំង ឬសម្បកកេសដែលឈប់ប្រើប្រាស់ ក្រដាសពណ៌ ជ័រទៀន កន្ត្រៃ ហ្វឺត និងទុយោជាដើម។»
លោក សន បញ្ញា បញ្ជាក់ថា «ការសម្រេចឱ្យបាននូវរូបមនុស្សយន្តមួយ យើងត្រូវការចំណាយរយៈពេលមួយម៉ោង ឬលើសនេះ សរុបចំនួនប្រាំមួយមនុស្សយន្តក្រដាសដែលបានបង្កើតឡើង គឺគាត់ត្រូវចំណាយពេលជិតពីរសប្តាហ៍ ដោយត្រូវយកចន្លោះថ្ងៃសិក្សារបស់សិស្សានុសិស្ស។»
គ្រូបង្រៀនភាសាអង់គ្លេសរូបនេះ បានកត់សម្គាល់ថា សិស្សានុសិស្សទាំងអស់មានភាពសប្បាយរីករាយ ព្រោះសកម្មភាពនេះ គឺថ្មីនិងប្លែកសម្រាប់ពួកគេ។ លើសពីនេះសិស្សទាំងអស់ បានចូលរួមសហការយ៉ាងល្អប្រសើរ ក្នុងការធ្វើការងារជាក្រុម។
ទន្ទឹមនឹងនោះដែរ សិស្សានុសិស្សបានធ្វើគម្រោង Termly ដែលមានឈ្មោះថា «Art Gallery Walk» ដើម្បីចែករំលែកនិងបង្ហាញការងារច្នៃប្រឌិតរបស់ពួកគេនៅក្នុងថ្នាក់ផ្សេងទៀត។
សូមជម្រាបថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ បន្តផ្តល់នូវគុណភាពអប់រំខ្ពស់បំផុតដោយរួមបញ្ចូលគ្នានូវស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីធានាបាននូវកម្មវិធីសិក្សាមួយតាមបែបសតវត្សរ៍ទី២១ដែលផ្សារភ្ជាប់នឹងចំណេះដឹងថ្មីៗ ប្លែកៗ ទាំងសកម្មភាពសិក្សាក្នុងថ្នាក់ និងក្រៅថ្នាក់ ក៏ដូចជាការប្រកួតប្រជែងដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ការអប់រំក្នុងស្រុក៕



