យុវជន-ចំណេះជំនាញ Apr 25, 2019 | 14:30 PM

គន្លឹះ​៨យ៉ាង​ដើម្បី​ក្លាយជាសិស្ស​ធ្វើបទបង្ហាញ​ដ៏ល្អ​មួយរូបពី​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ

image

មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ តែង​ផ្តោត​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ជំរុញ​សិស្ស​ចេះ​រៀប​ចំខ្លួន ដើម្បី​ធ្វើ​បទ​បង្ហាញ​ឱ្យ​មាន​ប្រសិទ្ធភាព និង​សមត្ថភាព​ ជាពិសេស​ដើម្បី​ភាពក្លាហាន ម្ចាស់ការ និង​គ្មាន​ភាពភ័យ​ខ្លាច​ក្នុង​ការ​និយាយ​លើ​វេទិកា​នានា នៅ​ខណៈ​ពេល​ដែល​សិស្ស​ខ្លះ​ស្អប់​ការ​ធ្វើ​បទ​បង្ហាញ​ ព្រោះ​តែ​គ្មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង ភ័យ​ខ្លាច​មាន​កំហុស​នៅ​ចំពោះ​មុខ​មហា​ជន។

នៅ​ក្នុង​សិក្ខាសាលា​ស្ដីពី​ជំនាញ​ធ្វើ​បទបង្ហាញ​ដស់​សិស្ស​កម្រិត AEP1 ដែល​រៀប​ចំ​ដោយ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ កាល​ពី​កន្លង​ទៅ លោក ចាន់ ធា ប្រធាន​គ្រូ​ភាសាបរទេស​នៅ​មជ្ឈមណ្ឌល​អប់រំ​នេះ បាន​ផ្គល់​គន្លឹះ​សំខាន់ៗ​ចំនួន​៨​យ៉ាង​ដើម្បី​ក្លាយ​ជា​សិស្ស​ធ្វើ​បទ​បង្ហាញ​ដ៏​ល្អមួយ​រូប។ គន្លឺះ​ទាំង​៨​នោះ​រួម​មាន៖​

១. ស្រាវជ្រាវ​លើ​ប្រធាន​បទ៖ ការស្រាវជ្រាវ ​គឺ​ជាចំណុច​មួយ​ដ៏​សំខាន់ ហើយ​រាល់​ការ​និយាយ​ត្រូវ​មាន​ឯកសារ​យោង។

២. ការធ្វើ​ស្លាយ៖ ការរៀប​ចំ​ស្លាយ​តម្រូវ​ឱ្យ​យើង​ចេះ​យ៉ាង​ហោច​ណាស់​ក៏​កម្មវិធី PowerPoint ដែរ ហើយ​ត្រូវ​ច្បិច​យក​ចំណុច​សំខាន់ៗ​មក​រំលេច​ក្នុង​ស្លាយ។

៣. ប្រើរូបភាព​ឱ្យ​ត្រូវ​នឹង​ប្រធានបទ៖ ចំណុច​នេះ​ក៏​សំខាន់ ព្រោះ​វាជា​ចំណុច​ទាក់ទាញ​មួយ​ដែរ។

៤. ការ​រៀប​ចំ​ខ្លួន៖ ការ​រៀបចំ​ខ្លួន ក៏​ជា​ចំណុច​សំខាន់​ដែល​យើង​មិន​គួរ​មើល​រំលង​ដែរ។ ជាពិសេស​ការ​ស្លៀក​ពាក់​ឱ្យ​បាន​សម​សួន។ អ្នក​មាន​ធ្លាប់​ឮ សម្លៀក​បំពាក់​កំណត់​ពី​ភាព​ជោគជ័យ​របស់​អ្នក​ពី​​វេជ្ជបណ្ឌិក គួច ម៉េងលី ទេ។ ដូច្នេះ​សម្លៀក​បំពាក់​ក៏​ជា​ចំណែក​មួយ​ធ្វើ​ឱ្យ​យើង​ជោគជ័យ​ដែរ។

៥. គ្រប់​គ្រង​ពេល​វេលា៖ ត្រូវ​ចេះ​គ្រប់គ្រង​វេលាឱ្យ​បាន​ច្បាស់​លាស់​ក្នុង​កំលុង​ពេល​ធ្វើ​បទ​បង្ហាញ។

៦. និយាយ​ចំ​គន្លឹះ​ច្បាស់ៗ៖ ភាសា និង​សំឡេង​ត្រូវ​ប្រាកដ​នៅ​ក្នុង​ចិត្ត​ថា មាន​ភាពច្បាស់​សមល្មម​អាច​ទទួល​យក​បាន ឬ​ធ្វើ​ឱ្យ​គេអាច​ទទួល​ និង​ជ្រាប​ច្បាស់​ពី​អ្វី​ដែល​យើង​និយាយ។ មាន​ន័យ​ថា អ្នក​ដែល​ធ្វើ​បទ​បង្ហាញ​បាន​ល្អ​ពោរពេញ​ដោយ​ភាព​ទា​ក់​ទាញ គឺស៊ី​ជម្រៅ​លើ​ប្រធាន​បទ​ហើយ​នៅ​ពេល​ធ្វើ​បទ​បង្ហាញ​ត្រូវ​ចេះ​ប្រើ​សម្តី​ទន់ភ្លន់ តែ​និយាយ​លះ​ច្បាស់​លាស់​ល្អ។

៧. ទាញ​ចំណាប់​អារម្មណ៍៖ វាគ្មិន​ធ្វើ​បទ​បង្ហាញ​ល្អ គឺ​ជា​អ្នក​ចេះ​ប្រើ​វិធី​សាស្រ្ត​ក្នុង​ការ​និយាយ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នកស្តាប់ និង​ធ្វើ​ឱ្យ​អ្នក​ស្តាប់​បាន​យល់​ច្បាស់​ពី​គោល​បំណង​ដែល​វាគ្មិន​លើក​ឡើង​មក​បង្ហាញ​នោះ។

៨. ក្លាហាន៖ យុទ្ធ​សាស្រ្ត​ធ្វើ​បទ​បង្ហាញ​ត្រូវ​ពឹង​ផ្អែក​លើ​ភាព​ក្លាហាន​ក្នុង​ការ​និយាយ​ពន្យល់​ពី​អត្ថន័យ​ទៅ​កាន់​មនុស្ស​កំពុង​ស្ដាប់​ដោយ​ភាព​ជឿជាក់​ផងដែរ។ ទាំង​អស់​នេះ គឺ​សុទ្ធសឹង​ជា​ទំនុក​ចិត្ត​និង​គន្លឹះ​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​ដែល​មិន​អាច​ខ្វះ​បាន​ឡើយ៕