ទន្ទឹមនឹងការស្រវាចាប់ភាសាមួយនេះ ក៏មានមតិមួយចំនួនយល់ថា ភាសាចិនពិបាករៀន បើធៀបនឹងភាសាដទៃទៀត ទាំងការបញ្ចេញសំលេង និងការសរសេរ។
តើយើងត្រូវសិក្សាភាសាចិនយ៉ាងដូចម្ដេចទើបអាចឆាប់ចេះនិយាយរហ័ស?
ជួបសម្ភាសជាមួយអ្នកសារព័ត៌មាន ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ លោក ទីវ ជុងអៀង ប្រធានផ្នែកកម្មវិធីសិក្សាភាសាចិន នៅមជ្ឈមណ្ឌភាសា អេ អាយ អាយ បានលើកឡើងថា ការរៀនភាសាចិនមិនងាយស្រួល តែក៏មិនពិបាកដែរ សម្រាប់អ្នកយល់ពីរបៀបរៀន ហើយគន្លឹះរៀនភាសាចិនឆាប់ចេះនិយាយក្នុងរយៈពេលខ្លី ក៏មិនខុសពីភាសាដទៃដែរ។
លោកលើកឡើងទៀតថា «ពីមុនអ្នកណាក៏ដឹងដែរថា ការរៀនចិនដាច់ខាតត្រូវសរសេរលើក្ដាខៀន ចម្លងចូលសៀវភៅ យកទៅផ្ទះសូត្រឡើងវិញ។ ការរៀន ឬបង្រៀនបែបនេះ ភាគច្រើនត្រូវចំណាយពេលយ៉ាងតិចណាស់ ក៏រយៈពេល៩ ទៅ១១ឆ្នាំ ទើបពួកគាត់អាចចប្រើប្រាស់ភាសានេះបានល្អ។ ក៏ប៉ុន្ដែឥឡូវ យើងផ្លាស់ប្ដូរវិធីសាស្រ្តនេះចេញ ហើយងាកមករៀនតាមបច្ចេកទេសថ្មីវិញ ដោយប្រើរយៈពេលខ្លីត្រឹមតែរយៈ៤ឆ្នាំ គឺអាចនិយាយភាសាចិនបានល្អយ៉ាងមានទំនុកចិត្ត។»
ដើម្បីរៀនចិនចេះនិយាយក្នុងរយៈពេលខ្លីបានល្អ លោក ទីវ ជុងអៀង បានប្រាប់គន្លឹះ៥ចំណុចដល់អ្នកចង់ចេះនិយាយភាសាចិនយ៉ាងឆាប់រហ័សដូច្នេះថា៖
ស្រឡាញ់ចូលចិត្ត និងការខិតខំអនុវត្តន៍
គ្រូបង្រៀនគ្រាន់តែជាអ្នកផ្ដល់វិធីសាស្ដ្រប៉ុណ្ណោះ តែអ្វីដែលជាចំណុចសំខាន់ គឺអ្នករៀនខ្លួនឯងទៅវិញ គឺជាអ្នកអនុវត្ត។ បើអ្នកចង់ចេះនិយាយភាសាចិន តែមិនខិតខំអនុវត្តន៍ដោយខ្លួនឯងទេ ទោះបីជាមានគ្រូល្បី ឬគ្រូពូកែយ៉ាងណាក៏ដោយ ក៏មិនអាចជួយបានដែរ។ ជាងនេះទៅទៀត បើគ្មានចំណងចំណូលចិត្តរៀនទេ កុំរៀននាំខាតប្រយោជន៍ ខាតវេលា ហើយបង់ទាំងប្រាក់កាសទៅទទេៗ។ ដូច្នេះចំណង់ចំណូលចិត្ត និងការខិតខំអនុវត្តដោយខ្លួនឯង គឺជាចំណុចសំខាន់បំផុតក្នុងការរៀនភាសាចិន។
ចង់ចេះនិយាយចិនឆាប់រហ័ស ដំបូងត្រូវចេះ ភីងយីង (Pinyin)
នៅក្នុងភាសាចិន គឺភីងយីង ជានិមិត្តសញ្ញាសំឡេង។ វាគឺជាគ្រឹះដំបូងសម្រាប់ជួយអ្នកឱ្យឆាប់ចេះនិយាយភាសាចិនបានត្រឹមត្រូវ និងឆាប់រហ័ស។ ចំណុចដ៏សំខាន់នេះ អ្នកពូកែនិមិត្តសញ្ញាសំឡេងក្នុងភាសាចិន គឺឆាប់ចេះនិយាយ និងងាយចាំចងអក្សរ ព្រមទាំងអត្ថន័យបានយ៉ាងងាយ។
កុំខ្មាសអៀនក្នុងការរៀននិយាយ
សម្រាប់អ្នកចង់ចេះនិយាយឆាប់រហ័ស គឺគេចមិនបំផុតពីការរៀននិយាយនោះទេ។ បើចង់ចេះនិយាយចិនរហ័ស តែមិនហាត់អាន ហាត់និយាយផង តើធ្វើដូចម្ដេចនឹងចេះនិយាយទៅ? ចំណុចដ៏សាមញ្ញនេះហើយ ដែលអ្នករៀនភាសាចិនច្រើនតែងតែព្រងើយកន្ដើយ ឬមិនសូវចាប់អារម្មណ៍។ ដូច្នេះមិនថានៅក្នុងថ្នាក់រៀន ឬជាមួយមិត្តភក្ដិនោះទេ យើងត្រូវរៀននិយាយដោយកុំខ្មាសអៀន និងដោយកុំទាន់អាលខ្វល់ពីកំហុសនៃការនិយាយ។ ព្យាយាមនិយាយឱ្យបានច្រើនជាមួយគ្រូ ឬមិត្តភក្តិ ដើម្បីឱ្យគេជួយកែកំហុស។
អានឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន
ដើម្បីជំរុញឆាប់ចេះនិយាយ ការអានក៏ជាគន្លឹះសំខាន់ផងដែរ។ អ្នកសិក្សាភាសាចិនគួរតែការអានអ្វីដែលយើងពេញចិត្ត។ ក្នុងមួយថ្ងៃអានឱ្យបានយ៉ាងហោចណាស់ ចន្លោះពី៥ទៅ១០នាទីដែរ។ ធ្វើបែបនេះពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីធ្វើឱ្យអណ្ដាតយើងទន់ ហើយនិយាយចេញទៅរលូន ព្រោះសំឡេងបានបត់ទៅរកភាពត្រឹមត្រូវ។ ចូរចាំថា ទាំងការអាន ទាំងការនិយាយដាច់ខាតត្រូវតែទម្លាក់សំឡេងនៅឃ្លាចុង។
ហ្វឹកហាត់ស្ដាប់សូរ ហើយធ្វើត្រាប់តាម
យ៉ាងណាក៏មិនគួរភ្លេចអនុវត្តលើជំនាញស្តាប់នោះដែរ។ ប្រធានផ្នែកកម្មវិធីភាសាចិនដដែលនេះថា ការបង្កើតជំនាញស្តាប់មានវិធីសាស្រ្តច្រើនណាស់ ដូចជាតាមរយៈការស្ដាប់សូរតាមបទចម្រៀង និងមើលភាពយន្តជាភាសាចិនជាដើម។ ការមើល ការស្ដាប់ ហើយត្រាប់តាម គឺឆាប់ចេះនិយាយលឿនជាងការរៀននិយាយផងក៏សឹងថាបាន។ ការស្ដាប់ចម្រៀងជួយក្នុងការបញ្ចេញសំឡេងបានត្រឹមត្រូវច្រើន៕