នាសម័យបច្ចេកវិទ្យាទំនើបនេះ ក្មេងៗមួយចំនួន ដែលមានអាយុចាប់ពី១០ឆ្នាំចុះ ហាក់មិនសូវចាប់អារម្មណ៍នឹងការអានសៀវភៅនោះទេ ដោយចំណាយពេលយ៉ាងច្រើនទៅលើការប្រើប្រាស់ ទូរស័ព្ទដៃ ឬអាយផេតទៅវិញ ស្របពេលដែលឪពុកម្តាយមួយចំនួន ហាក់មិនសូវខ្វល់ខ្វាយនឹងការប្រើប្រាស់វត្ថុទាំងនោះ។ ការណ៍ធ្វើបែបនេះបានធ្វើឱ្យពួកគេបាត់បង់នូវអត្ថប្រយោជន៍មួយចំនួនដែលបានមកពីការអានសៀវភៅ។ ជួនកាលពីមិនមែនមកពីពួកគេ មិនចូលចិត្តអានសៀវភៅនោះទេ តែអាចបណ្តាលមកពីពួកគេ មិនដឹងគន្លះនៃការអានសៀវភៅ ហើយពេលខ្លះជ្រើសរើសប្រភេទសៀវភៅខុស ដែលនាំឱ្យពួកធុញនឹងការអានផងដែរ។
ទាក់ទងនឹងគន្លឹះនៃការអានសៀវភៅនេះ កូនស្រីពៅ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានអាយុទើបអាយុ៩ឆ្នាំ ហើយអានសៀវភៅ អស់មិនតិចជាង២០០ក្បាល បានចែករំលែក៣ចំណុច ដែលធ្វើឱ្យក្មេងក្រោមអាយុ១០ឆ្នាំ បោះបង់សម្ភារៈនិយមទាំងនោះ មកចាប់កាន់សៀវភៅ ហើយអានទាំងស្រឡាញ់សៀវភៅ ដោយគ្មានអ្នកបង្ខំ។
១.ជ្រើសរើសសៀវភៅដែលខ្លួនចូលចិត្ត
អ្វីដែលស្វែងយល់មុនដំបូង ពួកគេត្រូវដឹងថា ពួកគេមានចំណង់ចំណូលចិត្តទៅលើអ្វី ឬចង់អានសៀវភៅបែបណា។ កុមារី គួច មែល្លីស្សា អាយុ៩ ឆ្នាំ និងជាកូនស្រីទី២ របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា ត្រូវជ្រើសរើសសៀវភៅដែលខ្លួនចូលចិត្ត កុំព្យាយាមអានសៀវភៅដែលយើងមិនចូលចិត្ត ព្រោះកាន់តែអាននឹងធ្វើឱ្យយើងកាន់មិនយល់ ហើយថែមទាំងឆាប់ធុញ។
មែល្លីស្សាបញ្ជាក់បន្ថែមថា«រកសៀវភៅដែលគេចូលចិត្ត ដូចមនុស្សខ្លះចូលចិត្តអានសៀវភៅរឿងខ្មោច អ្នកខ្លះចូលចិត្តសៀវភៅបែបជំនួញ អានសៀវភៅមួយណាក៏បានដែរឱ្យតែយើងចូលចិត្ត ហើយកុំឱ្យបង្ខំអានសៀវភៅដែលយើង អត់ចូលចិត្ត»។ តួយ៉ាង នាងផ្ទាល់ចូលចិត្តអានសៀវភៅរឿង ខ្មោច និង សៀវភៅបែបប្រលោមលោក ព្រោះសៀវភៅទាំងនេះ វាមានលក្ខណៈជាការកំសាន្ត និងបង្រៀនអ្វីថ្មីៗ ដែលនាងមិនធ្លាប់បានស្គាល់។
២.ចាប់ផ្តើមជាមួយសៀវភៅដែលមានកម្រាស់ស្តើង
ទន្ទឹមនឹងការដឹងពីចំណង់ចំណូលខ្លួនឯងទៅលើប្រភេទសៀវភៅណាមួយ តែភ្លាមៗប្រសិនបើក្មេង ចាប់ផ្តើមអានសៀវភៅដែលមានកម្រាស់ក្រាស់ នោះក៏ធ្វើឱ្យពួកឆាប់ធុញ ឬបោះបង់សៀវភៅចោលផងដែរ។
កុមារី គួច មែល្លីស្សា ដែលជាសិស្សថ្នាក់ទី៤ រៀននៅសាលាណតប្រ៊ីជ និយាយថា ប្រសិនក្មេងមិនចូលចិត្តអាននោះទេ គេគួរចាប់ផ្តើមអានសៀវភៅដែលខ្លួនចូលចិត្ត មានកម្រាស់ស្តើង ហើយធ្វើឱ្យខ្លួនឯងរីករាយជាមួយនឹងការអានវា។ ពេលខ្លះកុំបង្ខំខ្លួនឯងឱ្យអានច្រើនពេក ព្រោះពេលយើងបង្ខំខ្លួនឯង វាធ្វើឱ្យយើងអត់ចង់អានជាងមុន ហើយដូចអត់មានអារម្មណ៍អាន។
នាងបន្តថា វាជាការល្អប្រសិនបើយើងពួកគេអាចទៅបណ្ណាគារ ឬកន្លែងលក់សៀវភៅ ដោយខ្លួនឯង ដើម្បីរើសសៀវភៅ ដែលខ្លួនចូលចិត្ត។ ប៉ុន្តែប្រសិនបើមិនអាចទៅខ្លួនឯងបាន ឪពុកម្តាយត្រូវទៅទិញឱ្យកូន។ ត្រង់ចំណុចនេះ កូនស្រី របស់ប្រធានវិទ្យាស្ថាន និងសាលារៀន អន្តរទ្វីប អាមេរិកាំង រូបនេះ លើកឡើងថា ឪពុកម្តាយ ក៏ត្រូវស្វែងយល់ពីចំណង់ចំណូលចិត្ត និងអត្តចរិករបស់កូនផងដែរ ថាពួកគេចិត្តសៀវភៅប្រភេទអ្វី? ហើយគួរអានសៀវភៅកម្រាស់ណា?
៣.អានម្នាក់ឯង ឬ អានជាក្រុម
តាមបទពិសោធ មែល្លីស្សា ដែលជាអ្នកចូលចិត្តអានសៀវភៅ គឺនាងចូលចិត្ត អានតែម្នាក់ឯង ព្រោះធ្វើឱ្យរូបគេឆាប់យល់ និងទទួលបានចំណេះដឹងច្រើន។ ប៉ុន្តែពេលខ្លះ ក៏ត្រូវបានគ្រូតម្រូវឱ្យអានជាក្រុមដែរ។
តែយ៉ាងណា កុមារី មែល្លីស្សា អះអាងថា ទោះជាអានជាក្រុម ឬម្នាក់ឯងសុទ្ធតែល្អ តាមចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ ខ្លះចូលចិត្តអានម្នាក់ឯង និងអ្នកខ្លះចូលចិត្តអានក្រុម ដើម្បីរំលែកចំណេះដឹងគ្នាទៅវិញទៅមក។
កុមារី គួច មែល្លីស្សា លើកទឹកចិត្តឱ្យកុមារទាំងអស់ ស្រឡាញ់ការអានសៀវភៅ ព្រោះការអានសៀវភៅ មានប្រយោជន៍យ៉ាងច្រើន ដែលធ្វើឱ្យទទួលបានចំណេះដឹងច្រើន បង្កើនប្រាជ្ញាស្មារតី គិតបានស៊ីជម្រៅ គិតបានល្អជាងមុន និងជាការស្វែងយល់នូវអ្វីថ្មីៗបន្ថែមទៀត៕