ថ្ងៃទី២១ មករា ឆ្នាំ២០១៩ នេះ ជាខួប១៤ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ ក្នុងឱកាសខួប១៤ឆ្នាំនេះ លោក យ៉េន ចាន់សុម៉ា នាយកសាខាចាក់អង្រែ ឱ្យដឹងថា មជ្ឈមណ្ឌលសិក្សាភាសា Aii មានការរីកចម្រើនខ្លាំង ទាំងគុណភាព កំណើនសិស្ស និងអគារសិក្សា។
ដំណើរការអស់រយៈពេល១៤ឆ្នាំកន្លងមកនេះ លោក យ៉េន ចាន់សុម៉ា បញ្ជាក់ថា មានសិស្សានុសិស្សជាច្រើនម៉ឺននាក់ បានទទួលការអប់រំ ផ្នែកភាសាអង់គ្លេស ភាសាចិន និងជំនាញកុំព្យូទ័រប្រកបដោយគុណភាពពីមជ្ឈមណ្ឌលអប់រំភាសាបរទេសមួយនេះ។
លោកបន្តថា ទន្ទឹមនឹងកំណើននៃការគាំទ្រគុណភាពអប់រំ វិន័យ និងសេវាកម្ម គួបផ្សំនឹងកម្មវិធីសិក្សាពិសេសៗបែបអាមេរិកាំងពីបណ្ដាមហាជនគ្រប់មជ្ឈដ្ឋាន មាតាបិតា ពីអ្នកអាណាព្យាបាលសិស្ស គឺជាកត្តានាំឱ្យគ្រឹះស្ថានអប់រំឯកជនមួយនេះ ធ្វើការអភិវឌ្ឍពង្រីកសាខាជាបន្តបន្ទាប់ រាប់ចាប់តាំងពីអគារសិក្សាមួយរហូតមកទល់ពេលនេះ មានបីសាខាធំៗកំពុងធ្វើប្រតិបត្តិការ ដែលសព្វថ្ងៃមានសិស្សសរុបប្រមាណជាង៦ពាន់នាក់កំពុងសិក្សា។
លោក ចាន់សុម៉ា ឱ្យដឹងទៀតថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកអាណាព្យាបាល សិស្សានុសិស្ស និងដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ បង្កើនធនធានមនុស្សជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ មជ្ឈមណ្ឌលភាសាបរទេសនេះ បានពង្រីកចំនួន៤សាខាធំៗទៀត ដែលគ្រោងសម្ភោធដាក់ឱ្យសិស្សសិក្សារៀនក្នុងឆ្នាំ២០១៩នេះ។ នៅក្នុងនោះ សាខាចោមចៅ ចាប់ផ្ដើមបើកឱ្យសិស្សចូលរៀន នៅថ្ងៃទី១៣កុម្ភៈខាងមុខនេះ។ ចំណែកបីសាខាទៀតមាននៅតំបន់ផ្សារថ្មី ទួលសង្កែ និងតំបន់សែនសុខ ត្រូវបើកដាក់ឱ្យសិស្សរៀនជាបន្តបន្ទាប់គ្នានៅក្នុងឆ្នាំនេះផងដែរ។
ក្រៅពីសមិទ្ធផលទាំងនេះ នៅមានសមិទ្ធផលផ្សេងៗជាច្រើនទៀត ដូចជាធ្វើឱ្យកម្មវិធីសិក្សាចាស់ៗមួយចំនួនមានភាពទាន់សម័យ និងបញ្ចូលកម្មវិធីសិក្សាថ្មីៗ ទំនើបបន្ថែមទៀត ដែលក្នុងនោះក៏មានការបញ្ចូលកម្មវិធីសិក្សាតាមបែបសតវត្សទី២១ កម្មវិធីប្រកួតចំណេះដឹងពិសេស ដំណើរទស្សនកិច្ចសិក្សាក្នុងនិងក្រៅប្រទេស សកម្មភាពចុះមូលដ្ឋាន សកម្មភាពធ្វើសប្បុរសធម៌ ព្រមទាំងការអភិវឌ្ឍសមត្ថភាពបុគ្គលិកសិក្សាជាច្រើនពាន់នាក់។ អ្វីកាន់តែពិសេសជាងនេះទៅទៀតនោះ សិស្សមជ្ឈមណ្ឌលភាសា អេ អាយ អាយ តែងតែត្រូវបានជ្រើសរើសតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងពានរង្វាន់នានា ទាំងថ្នាក់ជាតិ ថ្នាក់អន្តរជាតិ។
ទាក់ទងនឹងការបណ្ដុះធនធានមនុស្សនេះដែរ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងថា Aii ដើរតួយ៉ាងសំខាន់ក្នុងការចូលរួមកសាងធនធានមនុស្សប្រកបដោយចំណេះដឹងពិតប្រាកដ សីលធម៌ថ្លៃថ្នូរ បណ្ដុះវប្បធម៌ចែករំលែក ដូចពាក្យមួយឃ្លាដែលបានលើកឡើងថា “ដាំនៅសាលា ផ្លែផ្កាក្នុងគ្រួសារ និងសង្គម”។
ស្ថាបនិកមជ្ឈមណ្ឌល អេ អាយ អាយ បញ្ជាក់ថា ការសម្រេចចិត្តបើកមជ្ឈមណ្ឌលនេះឡើង ក៏ដោយសារតែស្រឡាញ់ការអប់រំ និងមានឆន្ទៈក្នុងការចូលចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំ ក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសខួប១៤ឆ្នាំ របស់ មជ្ឈមណ្ឌលភាសា អេ អាយ អាយ លោក លោកឧកញ៉ា គួច ម៉េងលី ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក ដែលបានជួយជ្រោមជ្រែងដោយខិតខំយ៉ាងសកម្ម និងអស់ពីកម្លាំងកាយ ចិត្ត គំនិត ក្នុងការជំរុញក្រុមហ៊ុនឱ្យមានកេរ្ដិ៍ល្បីល្បាញ និងកំពុងមានការគាំទ្រពីសាធារណជន។
ទោះជាយ៉ាងណាក៏ដោយ យ៉េន ចាន់សុម៉ា នាយកសាខាចាក់អង្រែ នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានប្ដេជ្ញាចិត្តយ៉ាងមោះមុតថា នឹងបន្តពួតដៃគ្នាឈ្មុសឈ្មុល ដើម្បីរកកម្មវិធីសិក្សាថ្មីៗបន្ថែមទៀតមកបញ្ចូលក្នុងកម្មវិធីសិក្សារបស់ខ្លួន ក្នុងគោលដៅរក្សាគោលជំហរ និងនិរន្តរភាពស្ថាប័នអប់រំរបស់ខ្លួនឱ្យនៅតែបន្តឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងគ្នានេះ លោកបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក ពិសេសមាតាបិតា និងអាណាព្យាបាលសិស្ស រួមទាំងមហាជនទូទៅ ដែលតែងតែគាំទ្រ មជ្ឈមណ្ឌលភាសា អេ អាយ អាយ៕