យុវជន-ចំណេះជំនាញ Aug 01, 2018 | 13:28 PM

ក្រៅ​ពី​ត្រៀម​ខ្លួន​ប្រឡង​បាក់ឌុប សិស្ស AIS ក៏​បាន​រៀបចំ​គម្រោង​សម្រាប់​អនាគត​

image

កំលុង​ពេល​នេះ សិស្សានុ​សិស្ស​ថ្នាក់​ទី១២​គ្រប់រូប​បាន​ខិតខំ​រៀន​សូត្រ ហើយ​ខ្លះ​ទៀត​បាន​ឆ្លៀត​រៀបចំ​គម្រោង ​ដើម្បី​អនាគ​ជីវិត​បណ្ដើរៗ​ហើយ​ដែរ។ ស្ថិត​ក្នុង​ចំណោម​សិស្សានុ​សិស្ស​ថ្នាក់​ទី១២ នៃ​សាលា​រៀន អន្តរ​ទ្វីប អមេរិកាំង ក្រៅ​ពី​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រឡង យុវតី ឡ ម៉ី មាន​វ័យ​១៩ឆ្នាំ ក៏​បាន​រៀបចំ​គម្រោង​​ទំព័រ​សិក្សា​ច្បាស់​លាស់​ថ្មី​មួយ គឺ​បន្ត​សិក្សា​នៅ​ស្រុក​ក្រៅ ដោយ​ចាប់​ជំនាញ​សណ្ឋាគារ និង​បដិសណ្ឋាកិច្ច។

សម្រាប់​យុវតី​វ័យ​១៩ឆ្នាំ​រូប​នេះ យល់​ថា ការ​ចាប់​ជំនាញ​នេះ ព្រោះ​ខ្លួន​ស្រឡាញ់​ចូល​ចិត្ត ហើយ​ជា​ជំនាញ​មួយ​ដែល​ទី​ផ្សារ​ការ​ងារ​ក្នុង​សង្គម​ខ្មែរ​កំពុង​ត្រូវ​ការ។ មិន​តែ​ប៉ុណ្ណោះ ជំនាញ​នេះ​ក៏​ជា​ផ្នែក​មួយ​ជួយ​សម្រួល​ឱ្យ​ប្រជាជន​តាម​មូលដ្ឋាន​មាន​ការ​ងារ​ធ្វើ ​ដើម្បី​​កាត់​បន្ថយ​ចំណាក់​ស្រុក​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ស្រុក​ផង​ដែរ។

យុវតី ឡ ម៉ី បាន​និយាយ​មក​កាន់​អ្នក​សារ​ព័ត៌មាន​ដោយ​រួសររាយថា «នាង​ខ្ញុំ​ស្រឡាញ់​ជំនាញ​បដិសណ្ឋាកិច្ច ដោយ​សារតែ​ខ្ញុំ​ពេញ​ចិត្ត​ទំនាក់​ទំនង​ពី​បុគ្គល​ម្នាក់​​ទៅ​បុគ្គល​ម្នាក់​ ចូល​ចិត្ត​ធ្វើ​ការជា​ក្រុម ចូល​ចិត្ត​ធ្វើ​ការ​បម្រើ​អតិថិជន​…។ ចំពោះ​ជំនាញ​របស់​យើង​មិន​អាច​ចេះ​តែ​ទៅ​ស្ដាប់ តាម​ការ​អូស​ទាញ​ទេ។»

 

បន្ថែម​លើស​ពី​នេះ សិស្សានុ​សិស្ស​ដែល​ត្រៀម​ប្រឡង​បញ្ចប់​ការ​សិក្សា​​ថ្នាក់​​មធ្យម​សិក្សា​ទុតិយ​ភូមិ ​និងបន្ត​​សិក្សានៅ​ថ្នាក់​ឧត្តម​សិក្សា។ ក្នុង​ជា​អ្នក​សិក្សា​ត្រូវ​ច្បាស់​ខ្លួន​ឯង ថាតើ​ខ្លួន​ឯង​មាន​ចំណង់​ចំណូល​ចិត្ត និង​ស្រឡាញ់​ជំនាញ​ផ្នែក​អ្វី? ហើយ​ហេតុ​អ្វី​ទើប​បាន​ជា​ជ្រើស​រើសយក​ជំនាញ​មួយ​ហ្នឹង? តើវា​បាន​ផ្ដល់​គុណសម្បត្តិ​អ្វី​ដល់​គ្រួសារ​របស់​យើង?

ស្រដៀង​គ្នា​នេះ​ដែរ យុវ​សិស្ស ស៊ាង ម៉េងហុង ក៏​មាន​គម្រោង​សម្រាប់​ជីវិត​ដែរ។ សិស្ស​ថ្នាក់​ទី១២​ម្នាក់​​នេះ ថែម​ទាំង​ជឿ​ជាក់​លើ​សមត្ថភាព​ខ្លួន​ថា នឹង​ប្រឡង​ជាប់ ព្រោះ​អ្វីៗ​សុទ្ធ​​តែកើត​ឡើង​ដោយ​ក្ដី​សង្ឃឹម ហើយក្រោយជាប់​បាក់ឌុបនឹង​បន្ត​សិក្សា​នៅ​សាកល​វិទ្យា​ល័យភូ​មិន្ទ​ភ្នំពេញ​ ផ្នែក​គ្រប់​គ្រង​​ពាណិជ្ជកម្ម​អន្តរជាតិ។

ដើម្បី​កុំ​ឱ្យ​ខាត​ពេល បង់​ប្រយោជន៍ និង​ខូច​អនាគត យុវ​សិស្ស ស៊ាង ម៉េងហុង បាន​លើក​ឡើង​ថា «សម្រាប់​ខ្ញុំ ខ្ញុំ​ចង់​ធ្វើ​ការ​ងារ​អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត ព្រោះ​ខ្ញុំ​រីក​រាយជា​មួយ​នឹង​ការ​ងារ​ហ្នឹង។ ទោះ​បីការ​ងារ​ហ្នឹង​មិន​សូវ​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​យ៉ាង​ណា​ក៏​ដោយ តែបើ​យើង​រីក​រាយជា​មួយ​នឹង​ការ​ងារ​ដែល​យើង​ស្រឡាញ់ ពេល​យើង​ធ្វើ​ទៅ​យើង​មាន​សេចក្ដី​សុខ។»

ក្នុង​នាម​ជា​សិស្ស​ដែល​មាន​បំណង​បន្ត​សិក្សា​ថ្នាក់​ឧត្តម​សិក្សា​គួរ​រើស​ជំនាញ​សិក្សា​តាម​ចំណូល​ចិត្ត​ពីធម្ម​ជាតិ និង​ទេពកោសល្យ​របស់ខ្លួនទៅលើ​ការ​ងារ ឬ​មុខ​របរ​ប្រភេទ​ណា​ដែល​ខ្លួន​ប្រាថ្នា ឬ​អាច​និយាយ​មួយបែបទៀត​ថា ការ​ងារ​ប្រភេទ​ណា​ដែល​មាន​ឥទ្ធិពល​នៅ​លើទី​ផ្សារ រួម​ទាំង​មាន​ឱកាស​ក្លាយ​ជា​អ្នក​ជំនួញ នា​ពេល​អនាគត។

ដូច្នេះ​​ដើម្បី​​ទទួល​បាន​អ្វី​ដែល​ខ្លួន​ប្រាថ្នា​នេះ យុវ​សិស្ស ស៊ាង ម៉េងហុង បញ្ជាក់​ថា ដំបូង​ត្រូវ​ប្រឡង​បាក់ឌុប​ឱ្យ​ជាប់​ជា​មុន​សិន គឺ​ប្រឹង​រៀន។ សម្រាប់​សិស្ស​ឆ្លាតគឺគេ​បាន​ចាប់​ផ្ដើម​សិក្សា​តាំង​ពី​ដើម​ឆ្នាំ​ទៅ ហើយ​ត្រូវ​យក​ឱ្យ​បាន​និទ្ទេស​ល្អ ទើប​​អាច​ស្វែងរក​អាហារូបករណ៍​រៀន​ដោយ​មិន​អស់​ប្រាក់។

ទាក់​ទង​នឹង​ការរើស​ជំនាញ​សិក្សា​នេះ​ដែរ លោក​ឧកញ៉ា វេជ្ជ​បណ្ឌិត គួច ម៉េងលី ស្ថាបនិក និង​ប្រធាន​សាលា​រៀន អន្តរ​ទ្វីប អាមេរិកាំង បាន​បង្កើត​​ឱ្យ​មាន​កម្មវិធី​​ទម្រង់​ទិស​ការ​សិក្សា​​ឡើង ​ដើម្បី​សម្រួច​គោល​ដៅ​សិស្ស​ឱ្យ​ចំ​នូវ​អ្វី​ដែល​សិស្ស​ចង់​បាន​នៅ​ក្នុង​ជីវិត។

លោក​ធ្លាប់​លើក​ឡើង​ថា ក្នុង​បរិបទទី​ផ្សារ​ការ​ងារ ឬ​ជំនួញ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន គឺ​ទាមទារ​ណាស់​នូវ​ចំណេះ ជំនាញ និង​ពិ​សោធន​៍​ខ្ពស់។ ដូច្នេះ​សិស្ស​នុ​សិស្ស​ទាំង​អស់​គួរ​រៀន​បន្ត​នៅ​ថ្នាក់​​មហា​វិទ្យា​ល័យ ដោយ​រើស​ជំនាញ​តាម​ចំណង់​ចំណូល​ចិត្ត តាម​ភាពប៉ិនប្រសប់ និង​គ្រឹះសមស្រប​នឹង​សមត្ថភាព​ខ្លួន គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​ហើយ៕