កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា។ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា។ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាលនិងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក។ លោក អ៊ីវ រ៉ាណ្ណារិទ្ធ នាយកប្រតិបត្តិនៃក្រុមហ៊ុន RHB ស៊ីឃ្យូរិធី (ខេមបូឌា) រួមទាំងម្ចាស់ភាគហ៊ុនជាច្រើននាក់ ជាសាក្សីនៃពិធីប្រកាសនេះ។
ក្នុងនាមជាម្ចាស់ក្រុមហ៊ុន អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា៖ ការឡើងទីផ្សារមូលបត្ររបស់ក្រុមហ៊ុន MJQE នៅថ្ងៃនេះ បានក្លាយជាក្រុមហ៊ុនធំជាងគេទី២ក្នុងប្រវត្តិសាស្ត្ររបស់ផ្សារមូលបត្រកម្ពុជានិងជាប្រវត្តិសាស្ត្ររបស់ប្រទេសខ្មែរដែលក្រុមហ៊ុនអប់រំឯកជនដំបូងគេ មានលទ្ធភាពឡើងផ្សារមូលបត្រដោយជោគជ័យ។
អ្នកឧកញ៉ាក៏បានបញ្ជាក់ថា ការឡើងទីផ្សារមូលបត្ររបស់ក្រុមហ៊ុន MJQE គឺជាគំរូនិងការត្រួសត្រាយផ្លូវដ៏ល្អបំផុតមួយដល់ SME ដទៃទៀត ដែលប៉ងនឹងឡើងទីផ្សារ IPO ដូចគ្នាដែរ ហើយយើងក៏ជាក្រុមហ៊ុនអប់រំដែលគាំទ្រកិច្ចសហការគ្នាជាមួយរដ្ឋាភិបាលក្នុងការពង្រឹងវិស័យអប់រំនៅកម្ពុជាឱ្យមានគុណភាពល្អ ស្របនឹងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលដែលបានលើកលែងពន្ធពីអាជីវកម្មអប់រំនេះអស់២០ឆ្នាំកន្លងមកហើយ។
.jpg)
ជាការឆ្លើយតបនឹងការលើកឡើងរបស់សាធារណជនថា ការឡើង IPO របស់ក្រុមហ៊ុន MJQE ក៏ព្រោះតែមានបញ្ហាហិរញ្ញវត្ថុនោះ អ្នកឧកញ៉ា ក៏បានសង្កត់ធ្ងន់ដែរថា វាពុំមែនមកពីក្រុមហ៊ុនអត់មានលុយនោះទេ គឺថានៅប្រទេសកំពុងអភិវឌ្ឍ ប្រទេសឧស្សាហកម្មរីកចម្រើន គេតែងមានផ្សារមូលបត្រដំណើរការល្អ ដើម្បីឱ្យប្រទេសជឿនលឿន សេដ្ឋកិច្ចរីករឹងមាំ និងទាក់ទាញវិនិយោគិនពីក្រៅប្រទេស ឱ្យចូលមកវិនិយោគទុនក្នុងស្រុកប្រកបដោយទំនុកចិត្ត ដែលនាំប្រទេសនោះនឹងមានសេដ្ឋកិច្ចកិច្ចខ្លាំងនិងអភិវឌ្ឍន៍លើគ្រប់វិស័យ មិនថាក្រុមហ៊ុនអប់រំ ឧស្សាហកម្ម កសិកម្ម សុខាភិបាល សេវាកម្មនោះឡើយ។ ដូច្នេះហើយសូមកុំមានការយល់ច្រឡំថា ការឡើងទីផ្សាររបស់ក្រុមហ៊ុន MJQE គឺមកពីជួបប្រទះបញ្ហាហិរញ្ញវត្ថុ តែវាជាកៀរគរថវិកាឱ្យបានច្រើន ដើម្បីពង្រឹកវិស័យអប់រំឱ្យបានកាន់តែច្រើនជាងបច្ចុប្បន្ន ដែលយើងមានតែ១៦សាលា ខណៈគោលបំណងរបស់យើងនឹងត្រូវពង្រីកឱ្យបាន១៦០សាខានៅទូទាំងប្រទេស។
តាងនាមឱ្យផ្សារមូលបត្រកម្ពុជា ឯកឧត្តម ហុង សុហួរ ក៏បានសម្តែងការអបអរសាទរចំពោះភាពជោគជ័យរបស់ក្រុម MJQE ដែលទទួលបានការចុះបញ្ជីលក់ជាផ្លូវការដោយជោគជ័យក្នុងផ្សារមូលបត្រកម្ពុជានៅថ្ងៃនេះ។ ឯកឧត្តមក៏បានលើកឡើងថា ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក គឺជាក្រុមហ៊ុនអប់រំឯកជនដំបូងគេ ទទួលបានជោគជ័យក្នុងការបោះផ្សាយមូលបត្រកម្មសិទ្ធិរបស់ខ្លួននៅពេលនេះ ដោយកៀរគរទុនបានចំនួន ៥,១លានដុល្លារអាមេរិក ក្នុងតម្លៃមួយភាគហ៊ុនស្មើនឹង ២ ០៨០រៀល ជាមួយនឹងការធានាភាគលាភ ៦%ក្នុង១ឆ្នាំ រយៈពេល២ឆ្នាំ។
ឯកឧត្តម ហុង សុហួរ បានឱ្យដឹងថា បើទោះបីការប្រមូលទុនបានចំនួន៥,១លានដុល្លារ មិនគ្រប់នឹងចំនួនដែលគ្រោងទុកក៏ពិតមែន តែវាជាចំនួនទឹកប្រាក់មួយធំគ្រាន់បើនៅក្នុងស្ថានភាពបច្ចុប្បន្នដែលពោរពេញដោយភាពស្រពេចស្រពិលនិងពោរពេញដោយបញ្ហាក្នុងពិភពលោក។ ចំណែកការដាក់តម្លៃ ២០៨០រៀល ក្នុងមួយហ៊ុន ក៏មិនថ្លៃនោះដែរ បើប្រៀបធៀបនឹងកំណើនសាខារបស់សាលា ដែលបញ្ជាក់ពីសក្កានុពលនៃការរីកចម្រើនរបស់ក្រុមហ៊ុន។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការជំរុញឱ្យវិស័យទីផ្សារមូលបត្រកម្ពុជាកាន់តែមានការគាំទ្រពីម្ចាស់ក្រុមហ៊ុនជាច្រើនឱ្យចូលរួមនិងសម្រេចសមិទ្ធផលថ្មីៗជាច្រើន ជាក់ស្តែងក្នុងរយៈពេល១អាទិត្យនេះ ទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន២ ជាក្រុមហ៊ុនធំៗ និងល្បីៗនៅកម្ពុជា។ ពិសេសគឺអបអរសាទរដល់ក្រុមហ៊ុន MJQE ដែលបានជោគជ័យក្នុងការចុះបញ្ជីផ្សារមូលបត្រនៅថ្ងៃនេះដែរ ហើយវត្តមានរបស់ក្រុមហ៊ុន MJQE បានក្លាយជាក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិទី៩នៅទីផ្សារគោល និងជាក្រុមហ៊ុនចុះបញ្ជីលក់មូលកម្មសិទ្ធិទី១១ នៅទីផ្សារមូលបត្រកម្ពុជា ដែលកៀរគរទុនបានជាង៥លានដុល្លារ ពីវិនិយោគគិនសាធារណៈនិងក្នុងស្ថានប័ន ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទៅលើវិស័យអប់រំឱ្យកាន់តែរីកចម្រើន។ វិស័យអប់រំនេះ គឺសំខាន់ណាស់សម្រាប់ការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានគុណភាពដោយផ្តើមឡើងពីថ្នាក់មត្តេយ្យមក។ វិស័យអប់រំនេះដែរ ក៏បានជួយសម្រួលដល់ឪពុកម្តាយឱ្យមានពេលវេលាក្នុងការប្រកបអាជីវកម្មផ្សេងៗ ហើយក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិផងដែរ។
ជាកិច្ចបញ្ចប់នៃការថ្លែងសុន្ទរកថាអបអរសាទរការចុះបញ្ជីជាផ្លូវការនៅក្នុងទីផ្សារមូលបត្រកម្ពុជារបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ឯកឧត្តម ស៊ូ សុជាតិ បានបញ្ជាក់ថា នៅថ្ងៃនេះ គឺវិនិយោគិនទាំងអស់របស់ក្រុមហ៊ុន MJQE គឺអាចដំណើរការជួញដូរភាគហ៊ុនរបស់ខ្លួនបានហើយ។ ឯកឧត្តមក៏បានសម្តែងការសាទរចំពោះអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលលោកមានឆន្ទៈជាក្នុងការចូលផ្សារមូលបត្រជាយូរមកហើយនោះបានសម្រេចដូចបំណង ដើម្បីប្រមូលទុនក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន។ ឯកឧត្តម ក៏បានលើកឡើងថា ការឡើងផ្សារមូលបត្រ មិនមែនត្រឹមតែជាការប្រមូលទុននោះទេ តែត្រូវឆ្លងកាត់នូវលក្ខខណ្ឌស្មុគស្មាញជាច្រើន ដើម្បីបញ្ជាក់ថាក្រុមហ៊ុនរបស់ខ្លួនគឺស្អាតស្អំ មានតម្លាភាព និងត្រូវបញ្ចេញនូវព័ត៌មានពីក្រុមហ៊ុនទាំងអស់ជាសាធារណៈ ពិសេសគឺមើលរបាយការណ៍ហិរញ្ញវត្ថុមានការចំណេញចុងក្រោយ ដើម្បីផ្តល់នូវទំនុកចិត្តនិងសុវត្ថិភាពក្នុងការវិនិយោគពីសំណាក់សាធារណជន។
ឯកឧត្តម ស៊ូ សុជាតិ ក៏បានរំពឹងថា សាធារណជនទាំងអស់នឹងចូលរួមគាំទ្រលើការបោះពុម្ពលក់មូលបត្រកម្មសិទ្ធិសាធារណៈរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ឱ្យកាន់តែច្រើន ព្រោះក្រុមហ៊ុនដែលឡើង IPO គឺជាក្រុមហ៊ុនដែលធានាបាននូវនិរន្តភាពសេដ្ឋកិច្ច ស្អាតស្អំ មានប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ តម្លាភាព និងសុវត្ថិភាពក្នុងការវិនិយោគ ហើយសង្ឃឹមថា ក្រុមហ៊ុន MJQE នឹងអនុវត្តទៅតាមច្បាប់ដែលបានកំណត់ នាំសាធារណជនទៅកាន់ភាពរីកចម្រើននៃទ្រព្យអកម្មកាន់តែច្រើន។ ពិសេសក៏សូមសាធារណជន សូមចូលរួមស្វែងយល់ពីវិស័យផ្សារមូលបត្រឱ្យបានទូលំទូលាយដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯងនិងប្រទេសជាតិ៕
.jpg)
.jpg)
.jpg)
.jpg)