នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំសិក្សា២០២២-២០២៣ និងតម្រង់ទិសដៅការងារសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ នេះជាលើកទី១៤ដែលបានប្រារព្ធកម្មវិធីឡើង សម្រាប់បុគ្គលិកការិយាល័យទាំងអស់នៃក្រុមហ៊ុនចំនួន៤៩០នាក់ ស្ថិតនៅសាលប្រជុំ ផល គួច នៃសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាទួលគោក។
ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងពីសមិទ្ធផលការងារនិងបញ្ហាមួយចំនួនដូចជា ការបង្ហាញពីសមាសភាពថ្នាក់ដឹកនាំជាន់ខ្ពស់ដែលមានតួនាទីសម្របសម្រួល ក៏ដូចជាជួយដោះស្រាយបញ្ហាលំបាកដល់បុគ្គលិក ការពង្រឹងវិន័យនិងចំណេះដឹងចំពោះបុគ្គលិក ការណែនាំនិងផ្តល់អនុសាសន៍កែលម្អលើចំណុចខ្វះខាតរបស់បុគ្គលិកដើម្បីជំរុញលទ្ធភាពការងារ និងឱ្យបុគ្គលិកធ្វើការដោយរីករាយ។ ជាពិសេសគឺបង្ហាញពីភាពរីកចម្រើនរបស់ក្រុមហ៊ុន និងផែនការពង្រីកសាលាទៅអនាគតតាមគោលដៅដែលបានគ្រោងទុក រួមទាំងមានកម្មវិធីសំណួរចម្លើយដើម្បីឆ្លើយតបនឹងបញ្ហារបស់បុគ្គលិកផងដែរ។
អ្នកឧកញ៉ាក៏បានលើកឡើងដែរថា៖ «ខ្ញុំសូមលើកទឹកចិត្តដល់បុគ្គលិកទាំងអស់ឱ្យមានការស្វែងរកចំណេះដឹងថ្មីជានិច្ចដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួននិងការងារ ដើម្បីដើរឱ្យទាន់សម័យកាលដែលរីកចម្រើនឥតឈប់ឈរ។ ក្នុងនោះដែរ បុគ្គលិកត្រូវមានគុណភាពលើ៧ចំណុចដើម្បីជោគជ័យការងារដូចជា៖ ផលិតផល សេវាកម្ម វិន័យនិងច្បាប់ទម្លាប់ ហេដ្ឋារចនាសម្ពន្ធ បរិស្ថាននិងអនាម័យ សុខុមាលភាពបុគ្គលិក និងកសាងទំនាក់ទំនងល្អជាមួយអ្នកពាក់ព័ន្ធ។ លើសពីនេះ សូមគ្រប់ផ្នែកទាំងអស់ជំរុញការផ្សព្វផ្សាយនិងបង្កើនផលិតផលនៅក្នុងផ្នែករបស់ខ្លួនឱ្យបានច្រើន ចៀសវាងការធ្វើការងារឱ្យរួចពីដៃ ឬធ្វើជាបុគ្គលិកខ្មោចឆៅ ដែលបំផ្លាញទាំងក្រុមហ៊ុន និងក្រិនក្រិសចំណេះដឹងខ្លួនឯង នាំខូចអនាគតទៀតផង»។
ជាកិច្ចបញ្ចប់នៃពិធីសំណេះសំណាលនេះ អ្នកឧកញ៉ាក៏បានបង្ហាញថា នៅថ្ងៃទី១៨ ខែសីហានេះ ក្រុមហ៊ុន MJQE នឹងត្រៀមបើកសម្ពោធសាខាថ្មីនៅខណ្ឌសែនសុខចំនួន២ទៀត គឺសាលារៀនអន្តរទ្វីបអាមេរិកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)។ មិនតែប៉ុណ្ណោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏នឹងផ្តល់ឱកាសជាលើកទី២ដល់បុគ្គលិកដែលមានការយឺតយ៉ាវក្នុងការរៀបចំឯកសារទិញហ៊ុនរបស់ក្រុមហ៊ុន សូមរួសរាន់ដាក់សំណើរទិញមកក្រុមហ៊ុន ដើម្បីទទួលបានឱកាសវិនិយោគដែលអាចកែប្រែជីវភាពរបស់ខ្លួនទៅអនាគតបាន៕
អត្ថបទ៖ ហ៊ីង ស្រីរ័ត្ន