យុវជន-ចំណេះជំនាញ Apr 05, 2019 | 11:47 AM

កុមារីវ័យក្មេង AIS ឈ្នះមេដាយមាស​លំដាប់ថ្នាក់​ពិភពលោក

image

ការប្រកួតគណិត​វិទ្យា លំដាប់ថ្នាក់ពិភពលោក ដែលហៅកាត់ថា WMI នេះ គឺឡើងជារៀងរាល់ឆ្នាំ នៅក្នុងបណ្ដាប្រទេស​នានា​នៅ​លើ​ពិភព​លោក​ទូទាំង​ទ្វីប​អាស៊ី ដើម្បីលើក​ទឹកចិត្ត ជំរុញ ពង្រឹង​សមត្ថភាព និង​បង្កើន​សក្តានុពល​អ្នក​គណិត​វិទ្យា​វ័យក្មេង។ នេះបើ​តាម​គណៈកម្មការ​រៀបចំ​កម្មវិធី​ប្រកួត។

បើតាម កញ្ញា ឥន សូហ្វីយ៉ា ចាងហ្វាងរងក្រោម​មត្តេយ្យ មត្តេយ្យ និង​បឋមសិក្សា បានឱ្យ​ដឹងថា គណៈគ្រប់គ្រង​សាលា ក៏ដូច​លោកគ្រូ អ្នកគ្រូ ពិត​ជា​មាន​មោទកភាព​ជា​ខ្លាំង ដែល​កុមារី សិរីកា ដណ្តើមបាន​មេដាយមាស​ពីការ​ប្រកួត​គណិតវិទ្យា លំដាប់​ថ្នាក់​ពិភព​លោក។

កញ្ញាបន្តថា មេដាយមាសនេះ មិនត្រឹមតំណាងឱ្យ សាលារៀន អន្តរទ្វីប អាមេរិកាំង ប៉ុណ្ណោះទេ តែតំណាងឱ្យប្រទេសកម្ពុជាទាំងមូលផងដែរ។

ចាងហ្វាងរូបនេះ​បន្ថែមថា «សូមកោត​សរសើរ​ចំពោះ​កុមារី សម្បត្តិ សិរីកា ព្រោះជា​សិស្ស​មនាក់​ពូកែ ឆ្លាត ហើយខិតខំ​រៀនសូត្រ រហូត​ទទួល​បាន​មេដាយ​មាស។ សិរីកា បានចូល​រៀន នៅសាលា​រៀន អន្តរទ្វីប អាមេរិកាំង តាំងពី​ថ្នាក់​ទី១ រហូត​សព្វ​ថ្ងៃនេះ»។​

គួររម្លឹកថា សម្បត្តិ សិរីកា ធ្លាប់ទទួល​បានមេដាយ​លំដាប់​ថ្នាក់​ជាតិ និង​អន្តរជាតិ​ជាច្រើន ជាពិសេស ការប្រកួត​គណិតវិទ្យា​អូឡាំពិក នៅ​ប្រទេស​សិង្ហបុរី ដែល​គេ​ហៅ​កាត់​ថា (SASMO)និង​មេដាយសំរឹទ្ធ ក្នុងការប្រកួត​គណិត​វិទ្យា​អូឡាំពិក​អន្តរជាតិ នៅ​ប្រទេសថៃ កាលពីឆ្នាំ​២០១៨ និ​ង​ពានរង្វាន់​ផ្សេងៗ​ជា​ច្រើន​ទៀត​៕