អប់រំ Mar 26, 2024 | 17:05 PM

ការអប់រំសីលធម៌ និងវិជ្ជាជីវៈ

image

ចាប់តាំងពីនាងខ្ញុំបានក្លាយជាផ្នែកមួយនៃមជ្ឈមណ្ឌលភាសា Aii និង MJQE នាងខ្ញុំទទួលបានភាពកក់ក្តៅ មានឱកាសរៀនសូត្របន្ថែមបានច្រើន និងអាចដឹងបានច្រើនជាងមុនអំពីខ្លួនឯង នោះគឺ “ការអប់រំ និងសីលធម៌ ”។ តាមរយៈការចូលរួមក្នុងសិក្ខាសាលា និងកម្មវិធីនានា ដែលបានរៀបចំ ឬសហការរៀបចំដោយមជ្ឈមណ្ឌលភាសា Aii និងMJQE ដែលជាយន្តការនៃការអភិវឌ្ឍសមត្ថភាពរបស់នាងខ្ញុំ​ និងបុគ្គលិកអប់រំឯទៀត វាធ្វើឱ្យកាន់តែល្អប្រសើរសម្រាប់ការកសាងអាជីពជំនាញវិជ្ជាជីវៈដ៏ច្បាស់​លាស់​មួយ ដែលអាចប្រកួតប្រជែងក្នុងទីផ្សារការងារ។ មជ្ឈមណ្ឌលភាសា Aii និង MJQE  ជាកន្លែងការងារមួយដែលមានរចនាសម្ព័ន្ធ​គ្រប់គ្រងល្អ មានការអនុវត្តបទវិន័យច្បាស់លាស់ និងជាកន្លែងដែលផ្តល់ឱកាសឱ្យអ្នកមានសមត្ថភាព។

យើងអាចនិយាយបានថា “ការអប់រំ” គឺជាសកម្មភាពមួយផ្សារភ្ជាប់គ្នារវាងអ្នកអប់រំនិងអ្នកដែលបានទទួលការអប់រំតាំងពីបឋមសិក្សា ​មធ្យមសិក្សា​​ និង​ឧត្តមសិក្សាដើម្បីអភិវឌ្ឍផ្នែកគំនិត​និង​សីលធម៌ក្នុងការកសាងបុគ្គលិកលក្ខណៈរបស់សិស្ស ហើយក៏ជាកម្លាំងចលករមួយជំរុញឲ្យអ្នកបង្រៀនធ្វើសកម្មភាពលើសិស្សម្មាក់ៗ ដើម្បីឲ្យសិស្សានុសិស្សមានសកម្មភាពកសាងសមត្ថភាព មនសិការ បំពាក់បំប៉នមនោសញ្ចេតនា និងការហឹ្វកហាត់សមត្ថភាពយល់ដឹងរបស់សិស្ស។ វាទាក់ទងទៅនឹងការបង្រៀននិងការរៀនដែលមានន័យថាជាដំណើរការសិក្សាដើម្បីការអភិវឌ្ឍន៍ខាងបុគ្គលិកលក្ខណៈ ចិត្តសម្បទា ប្រាជ្ញាសម្បទា និងកាយសម្បទាតាមរយៈរាល់សកម្មភាពដែលធ្វើឲ្យអ្នកសិក្សាទទួលបានសំណុំចំណេះដឹង ជំនាញ សមត្ថភាព បំណិនជីវិត បំណិនការងារ រួមទាំងការបញ្ចេញទស្សនៈផ្ទាល់ខ្លួន និងទស្សនៈសិក្សាប្រកបដោយសេចក្តីថ្លៃថ្នូរ និងគុណធម៌។

សំរាប់“សីលធម៌” គឺសំដៅលើឥរិយាបថដែលស្ដែងឲ្យឃើញនូវការគោរពចំពោះខ្លួនឯងនិងចំពោះអ្នកដទៃ។ ​សីលធម៌សម្រាប់អប់រំកាយ វាចា និងចិត្តរបស់មនុស្សឲ្យមានរបៀបរៀបរយល្អជាពិសេសស្គាល់នូវតម្លៃជីវិតពិតនៅលើភពផែនដី។ សីលធម៌អាចបង្ហាញឲ្យឃើញកាន់តែច្បាស់ថែមទៀតតាមរយៈការរស់នៅក្នុងសង្គមដែលមនុស្សស្ដែងឡើងដោយផ្ទាល់ឬដោយប្រយោលរបស់គេ។

“ការអប់រំសីលធម៌” គឺសំដៅលើការកែប្រែរបៀបជាមូលដ្ឋាននៃបុគ្គលិកលក្ខណៈរបស់បុគ្គលក្នុងការរស់នៅប្រកបដោយហេតុ និងផល។ ប្រសិនបើគ្មានសីលធម៌ទេ នោះការរស់នៅរបស់សមាជិកក្នុងសង្គមនោះពិតជាអនាធិបតេយ្យ។ លើសពីនេះទៀតសង្គមនឹងគ្មានសណ្ដាប់ធ្នាប់ និងគ្មានវប្បធម៌ច្បាស់លាស់។ ដូច្នេះការអប់រំសីលធម៌ជាគ្រឹះនៃការបង្កើតសង្គម ហើយការអប់រំសីលធម៌ជាអាទិភាពក្នុងចំណោមនៃការអប់រំទាំងឡាយ។ ការអប់រំសីលធម៌មានអត្ថន័យធំធេងណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ក្នុងន័យសំខាន់នេះ គឺដើម្បី អភិវឌ្ឍសមត្ថភាព និងការរស់នៅរបស់មនុស្សឲ្យបានប្រសើរ។

“វិជ្ជាជីវៈ”មានន័យថា ជាកិច្ចការជាក់លាក់មួយដើម្បីធ្វើជាមធ្យោបាយសម្រាប់រស់នៅ និងបំពេញការងារទៅតាមអាជីពរបស់ខ្លួនក្នុងសកម្មភាព ហើយការប្រព្រឹត្តត្រូវរួមផ្សំជាមួយនឹងគុណភាព ជំនាញ និងសតិសម្បជ្ជញ្ញៈ​ សេចក្តីថ្លៃថ្នូរ​​ សេចក្តីស្មោះត្រង់ ការតាំងខ្លួនធ្វើជាម្ចាស់លើខ្លួនឯង  ភាពទន់ភ្លន់ សុភាពរាបសា និងការឱ្យតម្លៃគ្នាទៅវិញទៅមក ។

ដោយ៖ Sopheakdey San