ចំពោះអនាគត និងការអប់រំ ការយល់អំពីចិត្តសាស្ត្ររបស់ក្មេងៗនៅក្នុងវ័យសិក្សាគឺចាំបាច់ណាស់ ក្នុងការផ្តោតទៅលើការអភិវឌ្ឍន៍របស់កុមារ។ ពេលខ្លះយើងអាចគិតថាបញ្ហារបស់ក្មេងៗ មួយចំនួនមានការពិបាកនឹងរកដំណោះស្រាយ ប៉ុន្តែតាមពិតគឺមកពីការអប់រំដែលមិនត្រឹមត្រូវ សម្រាប់សិស្សានុសិស្សទាំងអស់ ជាពិសេសនោះគឺកុមារតូចៗនៅឡើយ។
វាជាដំណើរការនៃការសិក្សាជាបន្តដែលផ្តោតអារម្មណ៍របស់កុមារឲ្យមានការប្រសើរឡើងនៃការយល់ដឹងកាន់តែទូលំទូលាយ។ ប្រសិនបើយើងអាចបកស្រាយពីមូលហេតុដែលកុមារមានឥរិយាបថណាមួយជាក់លាក់ ក្នុងនាមជាអ្នកអប់រំ យើងក៏អាចជួយពួកគេតាមរបៀបនៃការបង្រៀនដែលត្រឹមត្រូវផងដែរ។ វីដេអូ Tedtalk នេះបង្ហាញថា សូម្បីតែក្មេងដែលមានតម្រូវការយកចិត្តទុកដាក់ខ្លាំង ក៏ត្រូវការរលំហែទាំឲ្យល្អដែរ ព្រោះប្រសិនបើ ការរៀនសូត្រមិនសមស្របនឹងទម្លាប់របស់ពួកគេ នោះវានឹងអាចប៉ះពាល់ដល់ការរស់នៅរបស់ពួកគេផងដែរ។ ការងារនេះតម្រូវឲ្យមនុស្សជាច្រើនគ្រប់ជាន់ថ្នាក់ទាំងអស់ ព្រមទាំងលោកគ្រូនិងអ្នកគ្រូ រហូតដល់បុគ្គលិកធ្វើការតាមស្ថាបន័នោះ យល់ដឹងច្បាស់ ដើម្បីទទួលបានលទ្ធផលនៃការអប់រំល្អដែលចង់បាន។ ប្រសិនបើគ្រប់គ្នាអាចមានទំនាក់ទំនងល្អនឹងគ្នា នោះឱកាសនៃភាពជោគជ័យគឺកាន់តែធំ និងលឿនជាងមុន។ ដូច្នេះ យើងត្រូវការចូលរួមពីសំណាក់មហាជនគ្រប់រូប ដើម្បីសហការគ្នាក្នុងប្រព័ន្ធអប់រំនេះ ដើម្បីឲ្យអនាគតរបស់កុមារអាចត្រូវបានធានា។ យ៉ាងណាម៉ិញ អត្ថប្រយោជន៍មួយទៀតដែលអាចជួយឲ្យកុមារឆាប់រៀនចេះនោះគឺបច្ចេកវិទ្យា។ ជារឿយៗ មនុស្សមួយចំនួនចាត់ទុកបច្ចេកវិទ្យាជាការរំខានដល់ការសិក្សា។ ទោះបីជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថា សម័យឌីជីថលសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ ត្រូវបានបង្កើតឲ្យប្រើប្រាស់កាន់តែច្រើនទៅនឹងបច្ចេកវិទ្យា និងការច្នៃប្រឌិត។ ការធ្វើបែបនេះ បានអនុញ្ញាតឲ្យពួកគេរុករក និងស្វែងយល់បន្ថែមអំពីអ្វី ពីព្រោះយើងដឹងយ៉ាងច្បាស់ថាឧបករណ៍ទាំងនេះគឺជាជំនួយការដ៏អស្ចារ្យសម្រាប់អ្នករាល់គ្នានាពេលឥឡូវនេះ និងកាន់តែច្រើននាពេលអនាគត។
សរុបរួមទៅ ដំណើរការវិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជាក្នុងការតោងជាប់នឹងពិភពឌីជីថលនេះ អាចត្រូវការពេលវេលាយូរ។ កុមារដែលមានចំណាប់អារម្មណ៍លើវត្ថុទាំងនេះច្រើន គ្រាន់តែពួកគេប្រើប្រាស់ខុសគោលដៅ។ ប្រសិនបើយើងអាចបង្ហាញការយល់ដឹងតាមតម្រូវការរបស់កុមារ និងរួមបញ្ចូលការរៀនសូត្រជាមួយជំនួយការឌីជីថល យើងអាចបង្កើតការចាប់ផ្តើមមួដ៏ល្អនិងរឹងមាំ សម្រាប់អ្នកច្នៃប្រឌិត និងអ្នកដឹកនាំនាពេលអនាគត។
ដោយ៖ Keopichnearyrath Nhim