លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក និងសមត្ថកិច្ចពាក់ព័ន្ធ ដោយមានការឯកភាពពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជាបន្តបន្ទាប់ចំនួន៤ គោលដៅ។ លោកបន្តថា ក្នុងប្រតិបត្តិការនោះ គឺសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន១៤នាក់ ក្នុងនោះស្រី២នាក់ ដោយគោលដៅទី ១ បង្ក្រាបនៅថ្ងៃទី២៦ ខែសីហាឆ្នាំ២០២២ នៅវេលាម៉ោង១៣ និង៣០នាទី នៅផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យសរុបចំនួន៩នាក់ ស្រី១នាក់ ហើយដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន៧កញ្ចប់ ឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយឈុត និងទូរសព្ទដៃចំនួន៩គ្រឿង ។
គោលដៅទី២ បង្រ្កាបនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដោយសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល ខេត្តកណ្ដាល ក្នុងនោះឃាត់ខ្លួនបក្ខពួកជនសង្ស័យបន្តចំនួន៤នាក់ស្រី១នាក់ ដកហូតបានវត្ថុតាងមានម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន១៣កញ្ចប់ និងទូរសព្ទដៃចំនួន៥គ្រឿង ។
គោលដៅទី៣ បង្រ្កាបនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៧ និង៣០នាទី។ តាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានបន្តសហកាជាមួយជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ចុះឆែកឆេរបន្ទប់ជួលមួយស្ថិតនៅផ្លូវលេខ២៩៩ ផ្ទះលេខ១៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ហើយរកឃើញវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនចំនួន១ដុំ និងថង់វេចខ្ចប់១ចំនួនធំ ។
គោលដៅទី៤ បង្រ្កាបនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ផងដែរ គឺនៅវេលាម៉ោង១៩ និង៣០នាទី។ តាមចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចបានបន្តសហកាជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌ៧មករា រាជធានីភ្នំពេញដោយឃាត់ខ្លួនជនសង្ស័យ១នាក់ភេទប្រុស ព្រមទាំងដកហូតវត្ថុតាង មានម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាថ្នាំញៀនចំនួន៩កញ្ចប់ និងទូរសព្ទដៃចំនួន ២ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើមចាត់ការតាមនិតិវិធីច្បាប់ ៕
អត្ថបទ៖សុខ ផន