ថ្លែងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោក វេង សាខុន បានទទួលជាកិច្ចស្វាគមន៍ លោករដ្ឋមន្ត្រីបានធ្វើការអបអរសាទរចំពោះលោក Zaheeruddin Babar Thaheem ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានផ្តល់សេចក្តីទុកចិត្ត និងគាំទ្រតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា។
លោក វេង សាខុន បន្ថែមថា វិស័យកសិកម្មកម្ពុជាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសពីប្រទេសដែលធ្លាប់អសន្តិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ប្រជាជនខ្លួន មកជាប្រទេសដែលមានអតិរេកស្បៀងចំនួនជាង ៦លានតោន និងកំពុងជំរុញការកែច្នៃ វេចខ្ចប់ប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីធ្វើការនាំចេញ។
លោករដ្ឋមន្ត្រី បានលើកឡើងយ៉ាងដូច្នេះ៖ «ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម គួរចាប់ផ្តើមតាមរយៈការរៀបចំ និងចុះអនុស្សារណៈនៃការយោគយល់គ្នា ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធ ចំណេះដឹង និងចំណេះធ្វើ ជាពិសេសលើការធ្វើទំនើបកម្មកសិកម្ម ការធ្វើពិពិធកម្មកសិកម្ម និងការធ្វើពាណិជ្ជូបនីយកម្មកសិកម្ម រវាងប្រទេសទាំងពីរ។»
លោក Zaheeruddin Babar Thaheem បានឯកភាពទាំងស្រុងចំពោះការរៀបចំ និងចុះអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើការផ្លាស់ប្តូរ និងចែករំលែកបទពិសោធ និងការគាំទ្រទាំងលើអនុវិស័យកសិកម្ម អនុវិស័យផលិតកម្មសត្វ និងអនុវិស័យជលផល។
លោកបាននិយាយថា៖ «វិស័យកសិកម្មរបស់ប៉ាគីស្ថានក៏មានការកែប្រែយ៉ាងឆាប់រហ័សក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ជាពិសេសក្នុងការធ្វើពិពិធកម្មកសិកម្មនេះតែម្តង។ លោកបន្តថាតាមរយៈអនុស្សារណៈនៃការយោគយល់គ្នាដែលនឹងបង្កើតឡើងនាពេលឆាប់ៗខាងមុននេះ ប៉ាគីស្ថាននឹងអាចចែករំលែកបទពិសោធ និងចំណេះដឹងជាច្រើនមកកម្ពុជា ហើយទន្ទឹមនឹងនេះក៏ត្រូវការរៀនសូត្របន្ថែមពីភាគីកម្ពុជាផងដែរ»៕